មីយ៉ាន់ម៉ា ៖ យោធាភូមា បានរឹតបន្តឹងការគ្រប់គ្រងតំបន់ម៉ាន់ដាឡេយ៍ (Mandalay) ខ្លាចរងការវាយប្រហារពីក្រុមប្រឆាំងនឹងរបបយោធា ខណៈពេលដែលប្រជាជនក្នុងតំបន់នេះ ពួកគេនាំគ្នាដកប្រាក់ពីធនាគារ ហើយបានទិញរបស់ចាំបាច់ រៀបចំត្រៀមទុករួចរាល់ហើយ។
គេហទំព័រអ៊ីរ៉ាវ៉ាឌី (Irawaddy) ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) បានរាយការណ៍កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ មីនអោងហ្លាំង (Min Aung Hlaing) បានបង្កើនវិធានការសន្តិសុខនៅក្នុងតំបន់ ម៉ាន់ដាឡេយ៍ (Mandalay) តំបន់កណ្តាលនៃប្រទេស ដែលជាទីតាំងនៃទីបញ្ជាការកណ្តាលកងទ័ព និងបណ្ឌិត្យសភាសេវាកម្មការពារ (DSA) ឬបណ្ឌិត្យសភាយោធាភូមា នៅទីក្រុងភីយីន អូវីន (Pyin Oo Lwin) ដែលស្ថិតនៅក្នុងតំបន់ម៉ាន់ដាឡេយ៍ ។
អាជ្ញាធរភូមា បានរឹតបន្តឹងការត្រួតពិនិត្យផ្លូវ ប៉ុស្តិ៍ត្រួតពិនិត្យចំនួនបី ត្រូវបានបង្កើតឡើងនៅលើផ្លូវឆ្ពោះទៅទីក្រុងម៉ាន់ដាឡេយ៍ ហើយមន្ត្រីជាច្រើនទៀត ត្រូវបានបញ្ជូនទៅល្បាតតាមផ្លូវ។
ពលរដ្ឋនៃទីក្រុងម៉ាន់ដាឡេយ៍ ដែលជាអតីតរាជធានី និងជាទីក្រុងធំទីពីរ របស់ប្រទេសភូមា បន្ទាប់ពីទីក្រុងយ៉ាំងហ្គោន បានលាតត្រដាងថា មន្ត្រីរដ្ឋាភិបាលយោធាភូមា បានត្រួតពិនិត្យមនុស្សនិងយានជំនិះដែលចូលក្នុងទីក្រុងម៉ាន់ដាឡេយ៍ ពួកគេក៏បានបញ្ជូនប៉ូលិស និងមន្ត្រីស្លៀកពាក់ធម្មតា ទៅតាមដានចលនារបស់ពួកគេដោយសម្ងាត់ ដោយសារតែមានការភ័យខ្លាចថា ក្រុមចម្រុះប្រឆាំងនឹងរបបយោធា ចូលលុកលុយតំបន់ម៉ាន់ដាឡេយ៍ (Mandalay)។
អ្នកភូមិម្នាក់ទៀត នៅទីក្រុងម៉ាន់ដាឡេយ៍ (Mandalay) បាននិយាយថា ឥឡូវនេះប្រជាជនបានដកប្រាក់ពីធនាគារ ហើយទិញម្ហូបអាហារ និងរបស់របរចាំបាច់ផ្សេងទៀត ដើម្បីត្រៀមទុក។ ជាមួយគ្នានេះ មន្ត្រី SPDC ក៏កំពុងចុះស្រាវជ្រាវពីផ្ទះមួយទៅផ្ទះមួយ ដើម្បីមើលថា តើមានភ្ញៀវណាដែលមិនបានចុះឈ្មោះចូលស្នាក់នៅមួយយប់ដែរឬទេ? និងអនុវត្តការចាប់ខ្លួន។
សារព័ត៌មាន Irawaddy ក៏បានរាយការណ៍ដែរថា រដ្ឋាភិបាលយោធាភូមា បានបង្កើនវិធានការសន្តិសុខយ៉ាងខ្លាំង នៅទីក្រុងម៉ាន់ដាឡេយ៍ រួមទាំងនៅប៉ាតេងហ្គី ភាគខាងកើតនៃទីក្រុង មម៉ាន់ដាឡេយ៍ ខណៈពេលដែលកងកម្លាំងប្រជាជនប្រឆាំង (PDF) របស់រដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលឯកភាពជាតិ (NUG) នៃប្រទេសភូមា អាចដណ្តើមបានមូលដ្ឋានយោធា ចំនួន៨ នៅក្នុងតំបន់ម៉ាន់ដាឡេយ៍ រួមទាំងមូលដ្ឋានទ័ពអាកាសមួយ នៅក្នុងតំបន់នេះ ៕