Thursday, October 31, 2024
Homeព័ត៌មានអន្តរជាតិអ្នកឧកញ៉ា ហ៊ុន តូ ឈ្នះក្តីកាសែតអូស្រ្តាលី

អ្នកឧកញ៉ា ហ៊ុន តូ ឈ្នះក្តីកាសែតអូស្រ្តាលី

អូស្រ្តាលី ៖ តុលាការសហព័ន្ធនៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចផ្តល់យុត្តិធម៌ និងភាពស្អាតស្អំ ជូនអ្នកឧកញ៉ា ហ៊ុន តូ ករណីសារព័ត៌មាន The Australian បានចុះផ្សាយចោទប្រកាន់បរិហារកេរ្តិ៍ខុសការពិត លើអ្នកឧកញ៉ា ហ៊ុន តូ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

យោងតាមលិខិតរបស់លោក ថមសុន ហ្គៀរ (Thomson Geer) មេធាវីរបស់សារព័ត៌មាន The Australian នៅប្រទេសអូស្រ្តាលី បានដកស្រង់សេចក្តីសម្រេចរបស់តុលាការសហព័ន្ធ នៃប្រទេសអូស្រ្តាលី ចុះថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២៤ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងថា «សារព័ត៌មាន The Australian មិនមានចេតនាថា លោក ហ៊ុន តូ មានពិរុទ្ធលើបទឧក្រិដ្ឋណាមួយ ឬថាមានភស្តុតាងដែលថា គាត់បានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងបញ្ហានៃអត្ថបទទាំងនេះទេ។ យើងទទួលយកការធា នារបស់លោក ហ៊ុន តូ ដែលថាគាត់មិនជាប់ពាក់ព័ន្ធ»។

លិខិតរបស់លោកមេធាវីខាងលើបន្តថា «ដូច្នេះឥឡូវនេះ សារព័ត៌មាន The Australian បានដកចេញនូវអត្ថបទខាងលើ ព្រមទាំងចេញសេចក្តីបំភ្លឺឡើងវិញ ពាក់ព័ន្ធអត្ថបទចេញផ្សាយទាំងនោះ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤» ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សារព័ត៌មាន The Australian បានចេញផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់និងខុសការពិតថា អ្នកឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធជាមួយបណ្ដាញឧក្រិដ្ឋកម្មផ្សេងៗ ដូចជា ការជួញដូរមនុស្ស ការឆបោកតាមអ៊ីនធឺរណិត និងគ្រឿងញៀន។

ក្រោយពីការចេញផ្សាយរបស់កាសែតខាងលើ អ្នកឧកញ៉ា ហ៊ុន តូ តាមរយៈលោកមេធាវី អាដាម ឡូប៉េស (Adam Lopez) នៅប្រទេសអូស្រ្តាលី បានដាក់ពាក្យប្តឹងសារព័ត៌មាន The Australian ដើម្បីផ្តល់យុត្តិធម៌ និងភាពស្អាតស្អំ។ ទីបំផុត តុលាការសហព័ន្ធនៃប្រទេសអូស្ត្រាលី បានសម្រេចផ្តល់យុត្តិធម៌និងស្អាតស្អំជូនអ្នកឧកញ៉ា ហ៊ុន តូ ហើយសារព័ត៌មាន The Australian បានដកអត្ថបទចេញផ្សាយរបស់ខ្លួន ព្រមទាំងចេញសេចក្តីកែតម្រូវបំភ្លឺឡើងវិញផងដែរ៕

RELATED ARTICLES