សហរដ្ឋអាមេរិក ៖ លោកដូណាល់ ត្រាំ (Donald Trump) ត្រូវបានស្វាគមន៍ដោយការស្រែកថា “ប្រយុទ្ធ, ប្រយុទ្ធ, ប្រយុទ្ធ” នៅពេលដែលគាត់បានដើរចូលទៅក្នុងមហាសន្និបាតរបស់គណបក្សសាធារណរដ្ឋ កាលពីថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ ត្រឹមតែពីរថ្ងៃបន្ទាប់ពីការរួចជីវិតពីការប៉ុនប៉ងធ្វើឃាត ដោយអតីតប្រធា នាធិបតី និងជាបេក្ខជនប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋរូបនេះ បានបង្ហាញខ្លួននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ជាមួយបង់រុំរបួសត្រចៀកខាងស្តាំរបស់គាត់ ដែលត្រូវគ្រាប់កាំភ្លើងរបស់ខ្មាន់កាំភ្លើង ថូម៉ាស ម៉ាធូវ គ្រូកស៍ (Thomas Matthew Crooks) ។

គួររំលឹកថា អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) ដែលមានអាយុ ៧៨ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើង ឈ្មោះ ថូម៉ាស ម៉ាធូវ គ្រូកស៍ (Thomas Matthew Crooks) បាញ់ប្រហារ ប៉ុនប៉ងសម្លាប់ ខណៈពេលដែលគាត់កំពុងនៅលើវេទិកា ថ្លែងសុន្ទរកថាដើម្បីធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអា មេរិក នៅចុងឆ្នាំនេះ តែសំណាងល្អ គ្រាប់កាំភ្លើងបានហោះខុសគោលដៅតែបន្តិចប៉ុណ្ណោះ មកប៉ះស្លឹកត្រចៀកខាងស្តាំរបស់លោកត្រាំ ។
ប្រព័ន្ធផ្សព្វផ្សាយបរទេស បានចេញផ្សាយរូបថតរបស់ខ្មាន់កាំភ្លើង បន្ទាប់ពីការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំណត់អត្តសញ្ញាណជនសង្ស័យជាខ្មាន់កាំភ្លើងដែលប៉ុនប៉ងធ្វើឃាតលោកត្រាំ ហើយជនសង្ស័យតរូវបានអ្នកបាញ់ស៊ីប នៃអង្គភាពអង្គរក្សប្រធានាធិបតី (USSS) បានបាញ់សម្លាប់ បន្ទាប់ពីបានលបបាញ់ប្រហារលោកត្រាំ បណ្តាលឲ្យលោករបួសត្រចៀកខាងស្តាំ ហើយមនុស្ស១នាក់ ដែលមកស្តាប់សុន្ទរកថា បានស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ។

រូបថតរបស់ជនសង្ស័យ ត្រូវបានថតនៅពេលបានបញ្ចប់វិទ្យាល័យ នៅឆ្នាំ២០២២ នៅវិទ្យាល័យ Bethel Park នៅក្នុងទីក្រុង Bethel Park រដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania) ដែលនៅឆ្ងាយពីទីក្រុង Butler ទៅភាគខាងត្បូង ប្រហែល ៥៦គីឡូម៉ែត្រ។
យោងទៅតាមអ្នកបោះឆ្នោតនៅរដ្ឋផេនស៊ីលវ៉ានៀ ពីមុនជនសង្ស័យបានចុះឈ្មោះបោះឆ្នោតជាគណបក្សសាធារណរដ្ឋ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ជនសង្ស័យ បានបរិច្ចាគ ១៥ដុល្លារ ដល់គណៈកម្មាធិការសកម្មភាពនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យ ActBlue នៅថ្ងៃដែលលោកចូ បៃដិន (Joe Biden) ស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ជនសង្ស័យរូបនេះ បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Bethel Park ក្នុងឆ្នាំ២០២២ ហើយពីមុនបានទទួលរង្វាន់ ៥០០ ដុល្លារ ពីអង្គការមិនរកប្រាក់ចំណេញ National Math and Science Initiative។ ជនសង្ស័យធ្លាប់ធ្វើការជាបុគ្គលិកនៅក្នុងផ្ទះបាយមួយ និងជាសមាជិកនៃក្លឹបបាញ់ប្រហារក្នុងស្រុក Clairton Sportsmen’Club យ៉ាងហោចណាស់ ១ឆ្នាំ។

មន្ត្រីអនុវត្តច្បាប់ជឿថា កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ AR-15 ដែលប្រើដោយជនសង្ស័យ ថូម៉ាស ម៉ាធូវ គ្រូកស៍ ក្នុងការបាញ់សម្លាប់លោកដូណាល់ ត្រាំ ត្រូវបានទិញដោយឪពុករបស់ខ្លួន យ៉ាងហោច ៦ខែមុន។ គ្រូកស៍ ពាក់អាវយឺត Demolition Ranch អំឡុងពេលប៉ុនប៉ងធ្វើឃាតលោកត្រាំ ។ បន្ទាប់ពីឧប្បត្តិហេតុបាញ់ ប្រហារលោកត្រាំ ប្រភពអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក បានប្រាប់ CBS ថា ឧបករណ៍បំផ្ទុះដែលសង្ស័យ ក៏ត្រូវបានរកឃើញនៅក្នុងរថយន្តរបស់គ្រូកស៍ ផងដែរ។ ដូច្នេះ អ្នកបច្ចេកទេសគ្រឿងផ្ទុះ ត្រូវបានហៅទៅកន្លែងកើតហេតុ។ ដើម្បីទប់ស្កាត់វត្ថុគួរឱ្យសង្ស័យនេះ។

សូមបញ្ជាក់ថា ការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី ដូណាល់ ត្រាំ វាជាឧប្បត្តិហេតុធ្ងន់ធ្ងរលើកដំបូងក្នុងរយៈពេល៤៣ឆ្នាំ បន្ទាប់ពីលោករ៉ូណាល់ រីហ្គេន (Ronald Reagan) ត្រូវបានគេបាញ់ចំសួត ដោយគ្រាប់កាំភ្លើង បានរស់រានមានជីវិតយ៉ាងប្រផុតប្រផើយ ក្នុងឆ្នាំ១៩៨១ ។ សារព័ត៌មាន BBC រាយការណ៍ថា សាក្សីបានឃើញយុវជននោះ មានកាំភ្លើងនៅក្នុងដៃ វារនៅលើដំបូលអគារ ហើយពួកគេបានជូនដំណឹងទៅប៉ូលិស ប៉ុន្តែគេមិន បានអើពើ រហូតដល់មានការបាញ់កាំភ្លើងជាច្រើនគ្រាប់។ លោកត្រាំ ត្រូវបានបាញ់ ហើយបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់យ៉ាងសោកនាដកម្ម និងរបួសធ្ងន់ ២នាក់ មុនពេលខ្មាន់កាំភ្លើង ត្រូវបានបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងរបស់អង្គភាពការពារប្រធានាធិបតីសហរដ្ឋអាមេរិក (USSS) នៅកន្លែងកើតហេតុ៕ ខៀវទុំ
