Friday, October 18, 2024
Homeព័ត៌មានអន្តរជាតិលោកដូណាល់ ត្រាំ ស្នើពិចារណាឡើងវិញ ពីគោលជំហរសហរដ្ឋអាមេរិក ចំពោះតៃវ៉ាន់

លោកដូណាល់ ត្រាំ ស្នើពិចារណាឡើងវិញ ពីគោលជំហរសហរដ្ឋអាមេរិក ចំពោះតៃវ៉ាន់

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ ទីភ្នាក់ងារព័ត៌មានបរទេស បានចុះផ្សាយបទសម្ភាសន៍ជាមួយលោកដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សសាធារ ណរដ្ឋ ដែលជាបេក្ខភាពប្រធានាធិបតី ប្រកួតប្រជែងសម្រាប់អ្នកដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ខាងមុខ ជាមួយនឹងទស្សនាវដ្តី Bloomberg Businessweek ស្តីពីបញ្ហាទាក់ទងនឹងតៃវ៉ាន់។នៅពេលត្រូវសួរថា តើគាត់នឹងជួយការពារតៃវ៉ាន់ ពីចិន ឬអត់? លោកដូណាល់ ត្រាំ ដែលថ្មីៗនេះ បានរងការបាញ់ប្រហារពីខ្មាន់កាំភ្លើងវ័យក្មេង របួសស្លឹកត្រចៀកស្តាំ យល់ឃើញថា តៃវ៉ាន់ គួរតែបង់លុយឲ្យអាមេរិក ជាថ្លៃការពារ។ បន្ទាប់មក គាត់បានប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក វាមិនខុសពីក្រុមហ៊ុនធានារ៉ាប់រងទេ។ ទន្ទឹមនឹងនេះ តៃវ៉ាន់ មិនបានផ្តល់អ្វីដល់អាមេរិក ទេ។

អតីតមេដឹកនាំសហរដ្ឋអាមេរិក រូបនេះ បានចោទសួរពីការលំបាកជាក់ស្តែងក្នុងការការពារសម្ព័ន្ធមិត្តពាក់ កណ្តាលពិភពលោក។ តៃវ៉ាន់ មានចម្ងាយប្រមាណ ១៥ ២៨៨គីឡូម៉ែត្រ ពីសហរដ្ឋអាមេរិក ប៉ុន្តែមានចម្ងាយត្រឹមតែ ១០៩គីឡូម៉ែត្រពីប្រទេសចិន ប៉ុណ្ណោះ។

លោកត្រាំ ក៏បានសម្តែងការមិនពេញចិត្តផងដែរ ដោយចោទប្រកាន់តៃវ៉ាន់ ថាបានលួចអាជីវកម្មបន្ទះឈីបពីសហរដ្ឋអាមេរិក ហើយអភិវឌ្ឍវាឱ្យក្លាយជាប្រាក់ចំណេញ។ ដោយមើលឃើញពីកាលៈទេសៈទាំងនេះ លោកត្រាំ បានស្នើថា សហរដ្ឋអាមេរិក គួរតែពិចារណាឡើងវិញនូវគោលជំហររបស់ខ្លួនចំពោះតៃវ៉ាន់។

 បន្ទាប់ពីការចេញផ្សាយបទសម្ភាសន៍របស់លោកដូណាល់ ត្រាំ ភាគហ៊ុនរបស់ TSMC Company ក្រុមហ៊ុនផលិតបន្ទះឈីបសំខាន់ៗរបស់ពិភពលោក ពីតៃវ៉ាន់ បានធ្លាក់ចុះ 2.4% នៅលើទីផ្សារភាគហ៊ុនតៃវ៉ាន់។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា មិនមានការអត្ថាធិប្បាយលើការលើកឡើងរបស់បេក្ខជនប្រធានាធិបតីអាមេរិក (ដូណាល់ ត្រាំ) ពីគណបក្សសាធារណរដ្ឋនោះទេ ខណៈលោកហ៊្សូអូ រ៉ុងតៃ (Zuo Rongtai) នាយករដ្ឋមន្ត្រីតៃវ៉ាន់បាននិយាយថា តៃវ៉ាន់ បានបន្តបង្កើនការចំណាយលើវិស័យការពារជាតិ។ លោកបានបន្ថែមថា តៃវ៉ាន់ និងសហរដ្ឋអាមេរិក មានទំនាក់ទំនងល្អ៕

RELATED ARTICLES