រដ្ឋវីស្កុនស៊ីន (សហរដ្ឋអាមេរិក) ៖ លោកដូណាល់ ត្រាំ (Donald Trump) បានថ្លែងសុន្ទរកថាទៅកាន់មហា សន្និបាតថ្នាក់ជាតិ របស់គណបក្សសាធារណរដ្ឋ ដោយលោកបានក្លាយជាតំណាងគណបក្សជាផ្លូវការ ក្នុងការប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ នេះជាការថ្លែងសុន្ទរកថាដំបូងរបស់លោកត្រាំ បន្ទាប់ពីត្រូវបានរួចផុតពីសេចក្តីស្លាប់យ៉ាងប្រផុតប្រផើយ ដោយការលបបាញ់ប្រហាររបស់ខ្មាន់កាំភ្លើងវ័យក្មេង។

លោកដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក អាយុ ៧៨ឆ្នាំ បានឡើងលើវេទិកា ដើម្បីថ្លែងសុន្ទរកថានៅថ្ងៃចុងក្រោយនៃសន្និបាតថ្នាក់ ជាតិ របស់គណបក្សសាធារណរដ្ឋ នៅទីក្រុងមីលវ៉ូកគី (Milwaukee) រដ្ឋវីស្កុនស៊ីន ( Wisconsin) សហរដ្ឋអាមេរិកនៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក ដើម្បីក្លាយជាតំណាងផ្លូវការនៃគណបក្សសាធារណរដ្ឋ ក្នុងការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអា មេរិក នៅចុងឆ្នាំនេះ។

ការឡើងសុន្ទរកថារបស់លោកត្រាំ នៅពេលនេះ ធ្វើឡើងក្រោយកើតហេតុដ៏គួរឲ្យភ្ញាក់ផ្អើល ដោយរូបលោកត្រូវបានគេលបធ្វើឃាត តែមិនបានសម្រេច ហើយបានរួចជីវិត ដោយគ្រាប់កាំភ្លើងមួយគ្រាប់ បានហោះមកត្រូវស្លឹកត្រចៀកស្តាំ រងរបួស ពេលនៅលើឆាកយុទ្ធនាការនៅ ទីក្រុង បាត់ត្លឺរ (Butler) រដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania) កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

លោកដូណាល់ត្រាំ បានប្រាប់អ្នកគាំទ្រ នៅឯសន្និបាតរបស់គណបក្សសាធារណរដ្ឋ ថា “ខ្ញុំមិនគួរនៅទីនេះទេ (អ្នកគាំទ្រទះដៃយ៉ាងខ្លាំង) ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពណាស់ ព្រោះខ្ញុំមានព្រះនៅខាងខ្ញុំ។ សូមថ្លែងអំណរគុណចំពោះមន្រ្តីនៃសេវាសន្តិសុខប្រធានាធិបតីសហរដ្ឋអាមេរិក (USSS) »។

សូមបញ្ជាក់ថា បន្ទាប់ពីពិធីថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាតថ្នាក់ជាតិ របស់គណបក្សសាធារណរដ្ឋ របស់លោកដូណាល់ ត្រាំ រួចមក ក៏មានការប្រគំតន្ត្រីដែលបង្កើតនូវអារម្មណ៍រីករាយ កក់ក្តៅ ហើយបានធ្វើឱ្យលោកត្រាំ មានការចាប់អារម្មណ៍យ៉ាងខ្លាំងថា គាត់បានរួចផុតពីការប៉ុនប៉ងធ្វើឃាត នៅតែអាចឈរនៅទីនេះ ហើយបានក្លាយជាតំណាងនៃគណបក្សសាធារណរដ្ឋ ឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់ការបោះ ឆ្នោតនៅចុងឆ្នាំ ២០២៤ នេះ៕ ខៀវទុំ