កូរ៉េខាងត្បូង ៖ តុលាការកំពូលកូរ៉េខាងត្បូង បានចេញសេចក្តីសម្រេចឲ្យអ្នកស្រឡាញ់ភេទដូចគ្នា មានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងសុខភាពរបស់គ្នាទៅវិញទៅមកដូចប្តីប្រពន្ធ វាជាជោគជ័យដ៏ធំមួយ និងជាលើកដំបូងសម្រាប់ក្រុមតស៊ូមតិដើម្បីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បណ្តាញព័ត៌មាន BBC បានរាយការណ៍ថា តុលាការកំពូលកូរ៉េខាងត្បូង បានចេញសេចក្តីសម្រេចឲ្យអ្នកស្រឡាញ់ភេទដូចគ្នា មានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងសុខភាពរបស់គ្នាទៅវិញទៅមកដូចប្តីប្រពន្ធ។ ការសម្រេចចិត្តនេះ ត្រូវបានចាត់ទុកថា ជាចុងក្រោយ ហើយមិនអាចប្តឹងតវ៉ាម្តងទៀតបានទេ។ សាលក្រមរបស់តុលាការកំពូល បញ្ជាក់ថា ការបដិសេធរបស់ភ្នាក់ងារធានារ៉ាប់រងសុខភាពរបស់រដ្ឋាភិបាល ដែលបដិសេធ មិនផ្តល់សេវាការពារប្តីប្រពន្ធសម្រាប់គូស្នេហ៍ភេទដូចគ្នា ត្រូវបានចាត់ទុកកថាជាការរើសអើង និងរំលោភលើគោលការណ៍ធម្មនុញ្ញនៃសមភាពយេនឌ័រ។
ទោះបីជាយ៉ាងណា កូរ៉េខាងត្បូង នៅមិនទាន់មានច្បាប់រៀបការភេទដូចគ្នានៅឡើយទេ ប៉ុន្តែការសម្រេចចិត្តនេះ វាជាជោគជ័យដ៏ធំមួយ និងជាលើកដំបូង សម្រាប់ក្រុមតស៊ូមតិដើម្បីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
ដើមចមនៃការសម្រេចនេះ បានកើតឡើងបន្ទាប់ពីនៅឆ្នាំ២០២១ លោកសូ សុង វុក (So Song-wook) បានដាក់ពាក្យបណ្តឹងទៅតុលាការ នៅពេលដែលគូស្នេហ៍របស់គាត់ គឺលោកគីម យ៉ុងមីន (Kim Yong-min) ត្រូវបានរារាំងដោយទីភ្នាក់ងារធានារ៉ាប់រងសុខភាពជាតិ និងមានការរើសអើងចំពោះការចុះឈ្មោះដើម្បីទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងសុខភាពរបស់គាត់។
បន្ទាប់ពីស្តាប់ការសម្រេចរបស់តុលាការ លោក សូ សុងវុក បាននិយាយថា លោកសង្ឃឹមថា សេចក្តីសម្រេចរបស់តុលាការ នឹងក្លាយជាចំណុចសំខាន់មួយ ដែលនាំទៅដល់ជំហានបន្ទាប់សម្រាប់សហគមន៍ស្រឡាញ់ភេទដូចគ្នា (LGBTQ) នៅក្នុងសង្គមកូរ៉េខាងត្បូង ហើយថ្ងៃណាមួយ នៅពេលអនាគត ពួកគេនឹងមានឱកាសរៀបការជាមួយគ្នាដោយស្របច្បាប់៕