សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក បានបញ្ជូននាវាមុជទឹកបំពាក់មីសស៊ីល បន្ថែមទៀត ទៅកាន់មជ្ឈិមបូព៌ា ត្រៀមខ្លួនជាស្រេច ជាមួយនាវាផ្ទុកយន្តហោះ ដែលបានបញ្ជូនមុននេះ ក្រោយពេលមានការព្រួយបារម្ភថា អ៊ីរ៉ង់ នឹងបើកការវាយប្រហារលើអ៊ីស្រាអែល។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ មន្ទីរបញ្ចកោណ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក ដោយបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) ចេញបញ្ជាឲ្យបញ្ជូននាវាមុជទឹក «USS Georgia» ទៅកាន់តំបន់មជ្ឈិមបូព៌ា។
លោកអូស្ទីន ក៏បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដែលពីមុនត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា រួមជាមួយនឹងយន្តហោះចម្បាំង F-35 បង្កើនល្បឿនធ្វើដំណើរទៅកាន់គោលដៅ។
ចលនាចុងក្រោយរបស់សហរដ្ឋអាមេរិក បានកើតឡើងចំពេលមានការព្រួយបារម្ភ ជម្លោះនៅមជ្ឈិមបូព៌ា អាចនឹងពង្រីក ក្រោយការធ្វើឃាតលោក ហ៊្វូអាដ ស៊ុក (Fouad Shukr) មេបញ្ជាការកំពូលរបស់ក្រុមហេសបូល ឡាហ៍ ក្នុងការវាយប្រហារលើក្រុងបេរូត និង ការសម្លាប់លោកអ៊ីស្មាអ៊ីល ហានីយេយ៍ (Ismail Haniyeh) មេ ដឹកនាំក្រុមហាម៉ាស់ នៅទីក្រុងតេហ៍រ៉ង់ (Tehran) ប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់ បានបន្ទោសអ៊ីស្រាអែល ចំពោះការធ្វើឃាតលោក អ៊ីស្មាអ៊ីល ហានីយេយ៍ លើទឹកដីខ្លួន ហើយបានប្រកាសថា នឹងមានការសងសឹកអ៊ីស្រាអែល ចំពោះការសម្លាប់មេបញ្ជាការក្រុមហេសបូលឡាហ៍ និងមេដឹកនាំក្រុមហាម៉ាស់។
សាស្ត្រាចារ្យ មេហ៍រ៉ាន កាមរ៉ាវ៉ា (Mehran Kamrava) មកពីសកលវិទ្យាល័យ ចចថោន (Georgetown) ក្នុងប្រទេសការតា បានវិភាគលើការបញ្ជូននាវាមុជទឹកដោយបើកចំហរបស់សហរដ្ឋអាមេរិក ទៅកាន់មជ្ឈិមបូព៌ា គោលបំណងគឺដើម្បីរារាំងអ៊ីរ៉ង់ និងក្រុមហេសបូលឡាហ៍ ើ ទោះបីជាយ៉ាងណាក៏ដោយ លោកជឿជាក់ថា មានឱកាសដែលអ៊ីរ៉ង់ នឹងរៀបចំផែនការអ្វីមួយ និងធ្វើការវាយប្រហារទៅលើអ៊ីស្រាអែល។ ក្តីបារម្ភនេះ បាននាំឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលជើងហោះហើរទៅកាន់មជ្ឈិមបូព៌ា ដោយក្រុមហ៊ុន Lufthansa បានប្រកាសនៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ ថាពួកគេនឹងផ្អាកជើងហោះហើរពីក្រុងតេឡា ( Tela) របស់អ៊ីស្រាអែល ទៅកាន់ទីក្រុងបេរូត (Beirut) ប្រទេសលីបង់ ជើងហោះហើរពីក្រុង អាមម៉ាន (Amman) ប្រទេសហ្សកដានី ទៅកាន់ទីក្រុងអឈរប៊ីល (Erbil) ប្រទេសអ៊ីរ៉ាក់ និងទីក្រុងតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សម្រាប់ហេតុផលសន្តិសុខ។

ក្រុមហ៊ុនអាការសចរណ៍ Swiss Air បានផ្អាកជើងហោះហើរទៅកាន់ទីក្រុង តេល អាវីវ (Tel Aviv) និងបេរូត (Beirut) ក្នុងពេលជាមួយគ្នា ខណៈដែលក្រុមហ៊ុនអាកាសចរណ៍បារាំង Air France បានពន្យារពេលការហោះហើរទៅកាន់ទីក្រុងបេរូត ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤៕