Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិលោកសេដ្ឋា ថាវីស៊ីន តុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងនាយករដ្ឋមន្ត្រី

លោកសេដ្ឋា ថាវីស៊ីន តុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងនាយករដ្ឋមន្ត្រី

បាងកក (ថៃ) ៖ តុលាការធម្មនុញ្ញ បានសម្រេចថា ឋានៈនាយករដ្ឋមន្ត្រី របស់លោក សេដ្ឋា ថាវីស៊ីន ត្រូវបានបញ្ចប់ ដោយសារកំហុសក្នុងការតែងតាំងលោកភិជិត ឈឺនបាន ជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី មិនបានប្រតិបត្តិតួនាទីនាយករដ្ឋមន្ត្រី និងខ្វះគុណសម្បត្តិនៃភាពស្មោះត្រង់យ៉ាងពិតប្រាកដ។

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២និង៥៨នាទីរសៀល នៅការិយាល័យតុលាការធម្មនុញ្ញ ចៅក្រមតុលាការធម្មនុញ្ញ បានអានសេចក្តីសម្រេចដកលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រី ទាក់ទងនឹងការតែងតាំងលោក ភិជិត ឈឺនបាន អតីតរដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្រ្តី បន្ទាប់ពីប្រធានព្រឹទ្ធសភា បានបញ្ជូនសំណើទៅតុលាការធម្មនុញ្ញ ដើម្បីសម្រេចតាមរដ្ឋធម្មនុញ្ញ មាត្រា១៧០ កថាខណ្ឌទី៣ និងមាត្រា ៨២ ស្តីពីឋានៈនាយករដ្ឋមន្ត្រីរបស់លោក សេដ្ឋា ថាវីស៊ីន ។

លទ្ធផលនៃសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ បានរកឃើញថា លោកសេដ្ឋា ថាវីស៊ីន ខ្វះភាពស្មោះត្រង់។ ម្យ៉ាងទៀតបុគ្គលដែលក្លាយជានាយករដ្ឋមន្ត្រី ត្រូវជ្រើសរើសបុគ្គលដែលគួរឲ្យទុកចិត្ត ដើម្បីកាន់តំណែង ដោយមិនចាំបាច់ពឹងលើបទពិសោធន៍។ បញ្ហានេះ បានធ្វើឲ្យការងារជានាយករដ្ឋមន្ត្រី របស់លោក សេដ្ឋា ថាវីស៊ីន ត្រូវបញ្ចប់។

ករណីដកលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារការរុះរើគណៈរដ្ឋមន្ត្រី ជាលើកទី២ នៃរដ្ឋាភិបាលរបស់លោក សេដ្ឋា កាលពីខែមេសា ឆ្នាំ២០២៤ ដែលបានតែងតាំងលោក ភិជិត ឈឺនបាន ឱ្យអង្គុយក្នុងតំណែងជារដ្ឋមន្ត្រី ក្នុងទីស្តីការនាយករដ្ឋមន្ត្រី រហូតឈានដល់ការចងក្រងឈ្មោះសមាជិកព្រឹទ្ធសភា ទាំង៤០រូប បញ្ជូនរឿងទៅស្នើតុលាការធម្មនុញ្ញ សម្រេចលើការបញ្ចប់មុខតំណែងលោក សេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្ត្រី និងតំណែងជារដ្ឋមន្ត្រី នៃទីស្តីការនាយករដ្ឋមន្ត្រី របស់លោក ភិជិត ឈឺនបាន ក្រោយពីរកឃើញថាបំពានរដ្ឋធម្មនុញ្ញ មាត្រា ១៧០ (៤) និង (៥) បញ្ហាខ្វះភាពស្មោះត្រង់ បានបង្ហាញឱ្យឃើញ ហើយមានអាកប្បកិរិយាបំពាន ឬការខកខានយ៉ាងធ្ងន់ធ្ងរក្នុងការអនុវត្តតាមស្តង់ដារសីលធម៌ ហើយក្នុងអំឡុងពេលសវនាការលើសំណុំរឿងដីធ្លីរាជដា នៃសំណុំរឿងផ្នែកព្រហ្មទណ្ឌ តុលាការកំពូល ចំពោះបុគ្គលដែលកាន់មុខតំណែងនយោបាយ ដែលមានលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី ជាជនជាប់ចោទទី១ និងលោកស្រី ឃុនយីង ផតចាម៉ាន់ ដាម៉ាផុង អតីតភរិយារបស់លោកថាក់ស៊ីន ជាចុងចោទទី២ ក៏ចាត់ទុកជាការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដែរ៕

RELATED ARTICLES