Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិផ្ទុះ.../រោងចក្រផលិតឱសថ នៅឥណ្ឌា ស្លា.../ប់១៧ របួ.../ស៤១

ផ្ទុះ…/រោងចក្រផលិតឱសថ នៅឥណ្ឌា ស្លា…/ប់១៧ របួ…/ស៤១

ប្រទេសឥណ្ឌា ៖ មានករណីការផ្ទុះដ៏ខ្លាំងក្លាមួយ បានកើតឡើងនៅក្នុងរោងចក្រផលិតឱសថក្នុងរដ្ឋអាន់ដ្រា ប្រាដេស (Andhra Pradesh) ប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សយ៉ាងតិច ១៧នាក់ បានបាត់បង់ជីវិត និងប្រមាណ ៤១នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល ត្រូវបានក្រុមសង្គ្រោះប្រញាប់ដឹកទៅកាន់មន្ទីរពេទ្យ NTR ។

តាមប្រភពបណ្តាញព័ត៌មានឥណ្ឌា NDTV បានឲ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ថា ការផ្ទុះនេះ បានកើតឡើងនៅក្នុងរោងចក្រផ្គត់ផ្គង់ឱសថ និងសម្ភារ:វេជ្ជសាស្រ្ដ នៃក្រុមហ៊ុន អេសសេនធៀ (Essentia) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាស៊ូតាពូរ៉ាម (Ashutapuram) ក្នុងរដ្ឋអាន់ដ្រា ប្រាដេស ប្រទេសឥណ្ឌា។ក្រោយកើតហេតុភ្លាមៗ នាយកដ្ឋានពន្លត់អគ្គិភ័យ បានចល័តរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង រួមនិងមន្ត្រីជំនាញ កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ ដើម្បីពន្លឿនការគ្រប់គ្រងអគ្គិភ័យ និងផ្តល់ជំនួយដល់អ្នករងគ្រោះ។

យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ការផ្ទុះនេះ ទំនងជាបណ្តាលមកពីផ្នែកមួយនៃរ៉េអាក់ទ័រថ្នាំ ប៉ុន្តែ មន្ត្រីជំនាញបានច្រានចោលរឿងនេះ ដោយបញ្ជាក់ថា មូលហេតុនៃការផ្ទុះនេះ ទំនងជាបណ្តាលមកពីទុស្សេខ្សែភ្លើង។ នៅពេលកើតហេតុ មានបុគ្គលិកប្រមាណ៣៨០នាក់ ធ្វើការនៅក្នុងរោងចក្រកើតហេតុ ។

សារព័ត៌មានឥណ្ឌា បានរាយការណ៍ថា ឧបទ្ទវហេតុនេះ បានកើតឡើងបន្ទាប់ពីអាហារថ្ងៃត្រង់ នៅវេលាម៉ោង ២និង១៥នាទីរសៀល ដោយមានការផ្ទុះឆេះ បណ្តាលឱ្យមានធូលីនិងផ្សែងហុយខ្មួលខ្មាញ់ និងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

មានសេចក្តីរាយការណ៍ថា លោក ចាន់ដ្រាបាប៊ូ ណាអ៊ីឌូ (Chandrababu Naidu) អភិបាលរដ្ឋអាន់ដ្រា ប្រា ដេស  បានចុះទៅពិនិត្យកន្លែងកើតហេតុ ដោយមានការសម្របសម្រួលជាមួយប៉ូលិស និងមន្ត្រីជំនាញ ចុះពិនិត្យ។ លោកបានបញ្ជាឲ្យមន្ត្រីជំនាញពន្លឿនការស៊ើបអង្កេតរកការពិត និងបន្តចាត់វិធានការចំពោះអ្នកទទួលខុសត្រូវក្នុងឧបទ្ទវហេតុនេះ៕

RELATED ARTICLES