បាងកក (ថៃ) ៖ តាមប្រភពបណ្តាញព័ត៌មានថៃ ថៃរ៉ាត់ ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលបច្ចុប្បន្នមានពន្លឺនយោបាយភ្លឺស្វាងឡើងវិញ ក្រោ យពីបានចំណាយពេលជាង ១៧ឆ្នាំ រស់នៅក្រៅប្រទេស ខណ:បច្ចុប្បន្នគាត់បានក្លាយជាឪនាយករដ្ឋមន្ត្រី ទី៣១ បន្ទាប់ពីកូនស្រីពៅរបស់លោក ដែលជាប្រធានគណបក្សភឿថៃ បានក្លាយជានាយករដ្ឋមន្ត្រី។

បើត្រឡប់ទៅកាលពី២៣ឆ្នាំមុន ពេលលោកអង្គុយកៅអីកំពូលនៃការដឹកនាំប្រទេសថៃ មានពាក្យចចាមអារ៉ាមអំពីគម្រោងធ្វើឃាត ចំនួន៤ ហើយក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនអន្តរជាតិមួយ បានដាក់តម្លៃក្បាលលោកថាក់ស៊ីន ជាទឹប្រាក់ចំនួន ៨០លានបាត ។
មនុស្សជាច្រើនជឿថា ឧប្បត្តិហេតុធ្វើឃាត ពិតជាបានកើតឡើងចំពោះមេដឹកនាំជាតិថៃ លោកថាក់ស៊ីន ស៊ី ណាវ៉ាត់ នៅពេលលោកធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែមនុស្សជាច្រើន ស្ទើរតែមិនជឿថា លោកអាចរួចផុតជីវិតពីការធ្វើឃាត ចំនួន៤លើកនោះ ។

១-យន្តហោះ Boeing 737-400 ផ្ទុះហើយស្លាប់តែម្នាក់ ៖
ព្រឹត្តិការណ៍ដំបូង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០១ គឺមិននឹកស្មានដល់។ ការផ្ទុះយន្តហោះ Boeing 737-400 របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជើងហោះហើរ HS-TDC បាងកក-ឈៀងម៉ៃ។ ក្រុមការងារអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន គ្រោងធ្វើដំណើរទៅកាន់ខេត្តឈៀងម៉ៃ ប៉ុន្មាននាទីមុនម៉ោងចេញដំណើរ យន្តហោះនេះត្រូវបានបំផ្លាញទាំងស្រុង ដោយភ្លើង។ មានមនុស្សស្លាប់ ១នាក់ ។
បន្ទាប់ពីព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនោះ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន បានផ្តល់បទសម្ភាសន៍ថា មានរបាយ ការណ៍ផ្លូវការគឺច្បាស់ណាស់ មូលហេតុនៃការផ្ទុះរបស់យន្តហោះនេះ ទំនងជាឧបករណ៍បំផ្ទុះដែលដាក់នៅក្រោមយន្តហោះ កន្លែងអង្គុយ VIP ។
លោកថាក់ស៊ីន បាននិយាយានៅពេលនោះថា “វាជាអំពើអាក្រក់។ វាមិនមែនជាអំពើភេរវកម្មទេ។ ខ្ញុំមិនដឹងថាអ្នកណាកំពុងព្យាយាមធ្វើបាបអ្នកណាទេ។ ចំណែកអ្នកដែលធ្វើ គឺអស់ចិត្តហើយ។ អ្នកមិនចាំបាច់ដោះស្រាយជាមួយនាយករដ្ឋមន្ត្រីទេ។ ប៉ុន្តែប្រសិនបើអ្នកធ្វើទៅលើអ្នកណាម្នាក់ ប្រទេសនឹងខូចខាត»។
ប៉ូលិសភូមិន្ទថៃ បន្ទាប់មកបានបង្កើតគណៈកម្មការស៊ើបអង្កេតលើបញ្ហានេះ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក សាន សារុតណុន អគ្គស្នងការរងនគរបាល នៅពេលនោះ ចំពេលមានព័ត៌មានពីក្រុមភេរវករឆ្លងដែន ឬការជួញដូរគ្រឿងញៀន។
ដំណើរការស៊ើបអង្កេត ដើម្បីស្វែងរកជនដៃដល់នៃឧបទ្ទវហេតុនេះ នៅតែបន្តយ៉ាងយកចិត្តទុកដាក់។ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១ គណៈកម្មាធិការរបស់ បានសន្និដ្ឋានថា ពិតជា “គ្រាប់បែក” ហើយគេសន្មតថាជា “Se4” ដោយសារតែការរកឃើញសារធាតុ RDX នោះគឺជាសមាសធាតុនៃ C4 ដែលខ្ចាត់ខ្ចាយ វាទំនងជាគ្រាប់បែកកំណត់ពេលបំផ្ទុះ។ ប៉ុន្តែមិនបានរកឃើញសំណល់ឧបករណ៍នៅកន្លែងកើតហេតុឡើយ។ សេចក្តីសង្ខេបនៃការស៊ើបអង្កេត “ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB)” ដែលជាអង្គការអាកាសចរណ៍ពិភពលោក បានកំណត់មូលហេតុនៃគ្រោះថ្នាក់នេះ បណ្តាលមកពីបើកម៉ាស៊ីនត្រជាក់ ពេលកំពុងចាក់សាំង។ ទីបំផុតមានសេចក្តីថ្លែងការណ៍រួមមួយ រវាងរដ្ឋាភិបាលថៃ និង NTSB ដែលនិយាយថា គេជឿថា មូលហេតុគឺមកពីឧប ករណ៍ម៉ាស៊ីនត្រជាក់ ដែលបន្តធ្វើការខ្លាំង ហើយកំពុងបញ្ចេញកម្តៅ។ នេះបណ្តាលឱ្យធុងប្រេងឥន្ធនៈនៅពីលើឧបករណ៍ម៉ាស៊ីនត្រជាក់ផ្ទុះ។

២- ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដាក់តម្លៃក្បាលលោកថាក់ស៊ីន ៨០លានបាត ៖
ព្រឹត្តិការណ៍ទី២ ឆ្នាំ២០០៣ អំឡុងសង្គ្រាមប្រឆាំងគ្រឿងញៀន ព័ត៌មានត្រូវបានចេញផ្សាយ ថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀន “Red Wa Group” បានដាក់តម្លៃក្បាលលោកថាក់ស៊ីន ៨០លានបាត ដោយសារតែមិនពេញចិត្តនឹងគោលនយោបាយបង្ក្រាបគ្រឿងញៀន របស់រដ្ឋាភិបាល។ ប្រការនេះ បានធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាច្រើនសន្ធឹកសន្ធាប់ រហូតដល់អតីតនាយករដ្ឋមន្ត្រី ត្រូវប្តូររថយន្តផ្លូវការ ទៅជារថពាសដែក។ ត្រៀមបញ្ជាក្រុមសន្តិសុខបន្ថែម ដោយបន្ថែមយានយន្តការពារជាច្រើន មានអាវុធ និងឧបករណ៍ការពារសុវត្ថិភាពពេញលេញ។

៣- ការបំផ្ទុះគ្រាប់បែក TNT-C4 ចងជាប់នឹងគល់ឈើ ក្បែរផ្ទះលោកថាក់ស៊ីន ៖
ឧប្បត្តិហេតុទី៣ ត្រូវបានចាត់ទុកថាល្បីល្បាញបំផុត។ បានកើតឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៦ ដោយមានការចាប់ខ្លួនលោកវរសេនីយ៍ទោ ថាវ៉ាត់ឆៃ គ្លីនឆាណា ជាទាហានក្រោមការគ្រប់គ្រងរបស់អាយអេសអូ បើកបររថយន្តម៉ាក ដេវូ (Daewoo) ក្នុងរថយន្តនោះ គ្រាប់បែកត្រូវបានទុកនៅចំណុចផ្លូវប្រសព្វ បាងផ្លាត ។ គ្រាប់បែក TNT C-4 មួយ ត្រូវបានប្រទះឃើញចងជាប់គ្នា ដែលមានកម្លាំងបំផ្លិចបំផ្លាញចម្ងាយមិនតិចជាង ១គីឡូម៉ែត្រ នៅជិតលំនៅឋាន របស់លោកថាក់ស៊ីន និងជាផ្លូវនៃក្បួនរថយន្តរបស់លោកនាយករដ្ឋមន្ត្រី។ ប៉ុន្តែក្រុមសន្តិសុខបានរកឃើញវាមុន។

៤- ដឹងផែនការលបបាញ់សម្លាប់ រត់គេចខ្លួនទៅបរទេស ៖
លើកទី៤ ក្នុងសម័យរដ្ឋាភិបាលលោក សាម៉ាក់ ស៊ុនដារ៉ាវ៉េត ជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោក ថាក់ស៊ីន ត្រឡប់មកមាតុភូមិវិញ និងគោរពវិញ្ញាណក្ខន្ធ ដល់ទឹកដីកំណើត។ មុននឹងសុំការអនុញ្ញាតពីតុលាការ ក្នុងការធ្វើដំណើរចេញពីប្រទេស ដើម្បីទស្សនាការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ហើយមិនដែលត្រឡប់មកវិញ។ សមាជិកបក្សរបស់លោកថាក់ស៊ីន សុទ្ធតែផ្តល់ព័ត៌មានដូចគ្នាថា មានគម្រោងអ្នកលបបាញ់សម្លាប់លោកថាក់ស៊ីន ទើបលោកថាក់ស៊ីន ធ្វើដំណើរចេញពីប្រទេស។

ព្រឹត្តិការណ៍អតីតកាល ធ្វើឱ្យគេនឹកឃើញសម័យអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលបានឆ្លងកាត់រឿងជាច្រើន រហូតត្រូវទៅរស់និរទេសនៅបរទេស ១៧ឆ្នាំ មុនពេលត្រឡប់មកប្រទេសថៃ វិញថ្មីៗនេះ ហើយបន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ និងទទួលបានការលើកលែងទោស គាត់បានក្លាយជាមនុស្សសំខាន់ដែលត្រូវបានគេមើលម្តងទៀត ជាមួយនឹងការស្ថិតនៅពីក្រោយឆាកក្នុងការផ្តល់ដំបូន្មានដល់កូនស្រីពៅរបស់លោក គឺលោកស្រីផែថងថាន ស៊ីណាវ៉ាត់ ហៅអ៊ុងអ៊ីង ប្រធានគណបក្សភឿថៃ ដែលទើបតែបានក្លាយជានាយ ករដ្ឋមន្ត្រីថៃ ទី៣១ និងជានាយករដ្ឋមន្ត្រីស្ត្រី ទី២ របស់ព្រះរាជាណាចក្រថៃ៕ ខៀវទុំ