ប៉ារីស (បារាំង) ៖ មហាសេដ្ឋី ប៉ាវេល ឌូរ៉ូវ (Pavel Durov) នាយកប្រតិបត្តិ និងជាសហស្ថាបនិក នៃបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាម (Telegram) ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានបួរកេត៍ ( Bourquet) នៅទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ។

តាមប្រភព The Guardian បានរាយការណ៍ថា ស្ថានីយទូរទស្សន៍បារាំង TF1 TV បានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា មហាសេដ្ឋី ប៉ាវេល ឌូរ៉ូវ នាយកប្រតិបត្តិនិងជាសហស្ថាបនិកនៃ Telegram ត្រូវបានចាប់ខ្លួននៅពេលលោកកំពុងធ្វើដំណើរតាមយន្តហោះឯកជនរបស់លោក ទៅចុះចតនៅអាកាសយានដ្ឋានបួរកេត៍ ប្រទេសបារាំង ។
នាយកប្រតិបត្តិ Telegram អាយុ ៣៩ឆ្នាំ រូបនេះ ត្រូវបានគេជឿថា បានធ្វើដំណើរមកពីប្រទេស អាហ្សេបៃហ្សាន (Azerbaijan) ហើយត្រូវបានចាប់ខ្លួន នៅម៉ោងប្រហែល ៨យប់ម៉ោងក្នុងស្រុក។
ស្ថានីយទូរទស្សន៍ TF1 TV និង BFM TV បានរាយការណ៍ថា ប៉ូលិសបារាំង កំពុងស៊ើបអង្កេតបញ្ហានៃការត្រួត ពិនិត្យលើការប្រើប្រាស់កម្មវិធី Telegram ដែលបង្កឱ្យមានសកម្មភាពខុសច្បាប់ នៅលើកម្មវិធីនេះ ដោយគ្មានការរំខាន។
សូមបញ្ជាក់ថា លោកប៉ាវេល ឌូរ៉ូវ អ្នកជំនួញជនជាតិរុស្សី រស់នៅក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់ អេមីរេត ជាកន្លែងដែលជាការិយាល័យកណ្តាលរបស់ Telegram ។
លោកប៉ាវេល ឌូរ៉ូវ ត្រូវបានទស្សនាវដ្តី Forbes ប៉ាន់ស្មានថា មានទ្រព្យសម្បត្តិ 15.5ពាន់លានដុល្លារ បានចាកចេញពីប្រទេសរុស្ស៊ី ក្នុងឆ្នាំ 2014 បន្ទាប់ពីគាត់បានបដិសេធ មិនធ្វើតាមការទាមទារដើម្បីបិទសហគមន៍ប្រឆាំង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VK របស់គាត់ដែលឥឡូវនេះត្រូវបានលក់។
ស្ថានទូតរុស្ស៊ី ប្រចាំប្រទេសបារាំង កំពុងចាត់វិធានការបន្ទាន់ ដើម្បីអន្តរាគមន៍ករណីនេះ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ដកស្រង់ពីតំណាងស្ថានទូតរុស្ស៊ី ប្រចាំប្រទេសបារាំង ថា ក្រុមរបស់លោកឌូរ៉ូវ មិនបានប្តឹងទៅស្ថានទូតទេ ប៉ុន្តែជំហានផ្សេងៗកំពុងត្រូវបានចាត់ទុកជាបន្ទាន់។

គួរបញ្ជាក់ថា លោក ឌូរ៉ូវ និងបងប្រុសរបស់គាត់ ប៉ាវេល នីកូឡៃ (Nikolai) បានបង្កើតកម្មវិធី Telegram ក្នុងឆ្នាំ២០១៣ ដែលមានអ្នកប្រើប្រាស់ប្រហែល ៩០០លាននាក់។ Telegram ជាបណ្តាញទំនាក់ទំនងសង្គម ពេញ និយមនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន កម្ពុជា និងប្រទេសអតីតសហភាពសូវៀត មួយចំនួន។ កម្មវិធីនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីលោកឌូរ៉ូវ បានបដិសេធ មិនប្រគល់ទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យអាជ្ញាធរ ។ ប៉ុន្តែបម្រាមនេះត្រូវបានដកចេញ នៅឆ្នាំ២០២១៕ ខៀវទុំ