បាងកក (ថៃ) ៖ ក្រុមគ្រួសារនាយករដ្ឋមន្ត្រីកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញទៅចូលរួមអបអរសា ទរនាយករដ្ឋមន្ត្រីថៃ ទី៣១ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ហៅអ៊ុងអ៊ិង កូនស្រីពៅរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវជាបងធម៌របស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា សព្វថ្ងៃជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។នា នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។

លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាកូនប្រុសសម្តេចហ៊ុន សែន បានបង្ហោះរូបភាពនៃការអញ្ជើញទៅចូលរួមអបអរគ្រួសារនាយករដ្ឋមន្ត្រីថៃ ជាមួយសំណេរថា «ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ និងទទួលទានអាហារដ៏គួរឱ្យស្រឡាញ់! ចំណងគ្រួសារទាំងពីររបស់យើង មានហើយនឹងនៅតែរឹងមាំ។
អបអរសាទរលោកពូ ជួបតែសំណាងល្អ និងអបអរសាទរបងស្រីអ៊ុងអ៊ិង ដែលត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ។
ថ្ងៃនេះជារឿងគ្រួសារ តែកាលៈទេសៈផ្លូវការមកដល់ វាជារឿងមួយផ្សេងទៀត»។

គួរបញ្ជាក់ថា ក្រុមគ្រួសារសម្តេចហ៊ុន សែន និងក្រុមគ្រួសារលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្នជាឪនាយករដ្ឋមន្ត្រី ដូចគ្នា បានរាប់អានគ្នាយ៉ាងល្អ ក្នុងនាមជាបងប្អូនធម៌ ។ ក្រោយពេលលោកស្រី ផែថងថា ស៊ីណាវ៉ាត់ ប្រធានគណបក្សភឿថៃ និងត្រូវជាកូនស្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ក្លាយជានាយករដ្ឋមន្ត្រីថៃ ទី៣១ ភ្លាម សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរជូនលោកស្រីនាយករដ្ឋមន្ត្រីថៃ ដោយសម្តេច ជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីរបស់ លោកស្រី ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ លោកស្រី នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរបស់ប្រទេសទាំង២ កម្ពុជា-ថៃ លើគ្រប់វិស័យ ដើម្បីបង្កើតសក្តានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ និងផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជាតិ និងប្រជាជនយើងទាំងពីរ។

ក្នុងសារលិខិតអបអរសាទរនោះ សម្តេចហ៊ុន សែន ថ្លែងថា «ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ ដោយក្តីសោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះលោកជំទាវ ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ កាលពីពេលថ្មីៗនេះ។ ភាពជោគជ័យ របស់លោកជំទាវ ក្នុងការទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃការដឹកនាំនិងការលះបង់ដ៏ពិសេសរបស់លោកជំទាវ ចំពោះបុព្វហេតុជាតិ និងប្រជាជនរបស់លោកជំទាវ»។
សម្តេចហ៊ុន សែន បន្តថា «ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ត្រូវបានបន្តពង្រឹង ពង្រីកបន្ថែមទៀត ដោយផ្អែកលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងប្រជាជាតិយើងទាំងពីរ និងតំបន់ ជាពិសេស សហគមន៍អាស៊ានរបស់យើង។ ក្នុងនាមជាប្រទេសជិតខាងល្អនឹងគ្នា យើងបានសហការគ្នាលើបញ្ហាផ្សេងៗ ដែលជាផលប្រយោជន៍រួម ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីរបស់លោកជំទាវ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រថៃ លោកជំទាវ នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរបស់យើង លើគ្រប់វិស័យ ដើម្បីបង្កើតសក្តានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ និងផលប្រយោជន៍ទៅវិញទៅមក ជូនប្រជាជាតិ និងប្រជាជនយើងទាំងពីរ»។

សម្តេចហ៊ុន សែន បន្តទៀតថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ និងសភា នៃព្រះរាជា ណាចក្រថៃ ជាពិសេស ព្រឹទ្ធសភា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងសភា នៃប្រទេសយើងទាំងពីរ។
សូមលោកជំទាវ ទទួលនូវការគោរពរាប់អាន និងសព្ទសាធុការពរពីខ្ញុំ! សូមលោកជំទាវ មានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវ»។

ដោយឡែក សម្តេចហ៊ុន ម់ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារលិខិតអបអរ សាទរលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ ទី៣១ ផងដែរ៕ ខៀវទុំ
