បូតស្វាណា ៖ កម្មកររុករករ៉ែ នៅប្រទេសបូតស្វាណា (Botswana) បានរកឃើញពេជ្រធំជាងគេ ទីពីរ នៅលើពិភពលោក និងជាពេជ្រដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រទេសអាហ្វ្រិក មួយនេះ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា អ្នករុករករ៉ែ នៅបូតស្វាណា បានរកឃើញពេជ្រ មួយដុំធំ មានទម្ងន់ ២៤៩២ការ៉ាត់ នៅឯអណ្តូងរ៉ែពេជ្រ របស់ក្រុមហ៊ុនពេជ្រ លូខារ៉ា (Lucara Diamond) ក្នុងទីក្រុង ការ៉ូវេ (Karowe) ដែលស្ថិតនៅចម្ងាយប្រហែល ៥០០គីឡូម៉ែត្រភាគខាងជើងនៃហ្គាបូរ៉ូន (Gaborone) ។
ប្រទេសបូតស្វាណា (Botswana) គឺជាប្រទេសផលិតពេជ្រ លេខ១ លើពិភពលោក ដែលផលិតបាន ២០% នៃពេជ្រទាំងអស់។ ពេជ្រនេះ ត្រូវបានគេចាត់ទុកជាពេជ្រធំជាងគេទីពីរ ដែលមិនធ្លាប់បានរកឃើញ។ វាស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីពេជ្រ ឃូលលីណាន់ (Cullinan) ដែលមានទម្ងន់ ៣១០៦ការ៉ាត់ ដែលត្រូវបានគេរកឃើញនៅអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ១៩០៥ ហើយត្រូវបានកាត់ជា ៩ផ្នែក ហើយភាគច្រើនត្រូវបានដាំនៅលើមកុដរបស់ស្តេចអង់គ្លេស។
ពេជ្រ នេះ ក៏ជាពេជ្រធំបំផុតមិនធ្លាប់មានក្នុងប្រទេសបូតស្វាណា ផងដែរ។ កំណត់ត្រាពីមុន គឺ ១៧៥៨ការ៉ាត់ ត្រូវបានរកឃើញពីអណ្តូងរ៉ែដូចគ្នា ក្នុងឆ្នាំ២០១៩។
ប្រធានក្រុមហ៊ុនលូខារ៉ា លោកវិល្លៀម ឡាមប៍ (William Lamb) បាននិយាយថា វាគឺជាត្បូងពេជ្រធំបំផុតមួយដែលមិនធ្លាប់បានរកឃើញ។ ពេជ្រនេះ ត្រូវបានរកឃើញដោយប្រើបច្ចេកវិទ្យា “Mega Diamond Recovery X-ray” របស់ក្រុមហ៊ុន លូខារ៉ា ដែលត្រូវបានប្រើតាំងពីឆ្នាំ ២០១៧ ដើម្បីចាត់ថ្នាក់ពេជ្រមានតម្លៃខ្ពស់ ការពារការខូចខាតអំឡុងពេលជីករ៉ែ។

ក្រុមហ៊ុន លូខារ៉ា មិនបានផ្តល់ព័ត៌មានលម្អិតអំពីគុណភាពឬតម្លៃរបស់ពេជ្រ នោះទេ។ ប៉ុន្តែកាសែត Financial Times របស់ចក្រភពអង់គ្លេស យោងតាមប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនលូខារ៉ា បានឱ្យដឹងថា តម្លៃប៉ាន់ស្មានរបស់ពេជ្រនេះ គឺ ៤០លានដុល្លារអាមេរិក ។ ទន្ទឹមនឹងនេះដែរ ពេជ្រទំហំ ១៧៥៨ការ៉ាត់ ដែលត្រូវបានគេរកឃើញក្នុងប្រទេស បូតស្វាណា ក្នុងឆ្នាំ២០១៩ ត្រូវបានទិញដោយផ្ទះម៉ូដប្រណីត ល្វីស៍ វូតតុន (Louis Vuitton) ក្នុងតម្លៃមិនបង្ហាញ ខណៈដែលពេជ្រទំហំ ១១០៩ការ៉ាត់ ត្រូវបានរកឃើញនៅអណ្តូងរ៉ែមួយ ក្នុងទីក្រុងការ៉ាវេ (Karowe) ក្នុងឆ្នាំ២០១៦ ក៏ត្រូវបានទិញដោយ លោក ឡាវរេបស៍ ហ្គ្រាហ្វហ្វ៍ (Lawrence Graff) ប្រធានក្រុមហ៊ុន Graff Diamond ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃ ៥៣លានដុល្លារអាមេរិក៕ ខៀវទុំ