Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល និងក្រុមហេសបូលឡាហ៍ នៅលីបង់ បន្តវា.../យប្រហា.../រគ្នាស.../ងសឹក

អ៊ីស្រាអែល និងក្រុមហេសបូលឡាហ៍ នៅលីបង់ បន្តវា…/យប្រហា…/រគ្នាស…/ងសឹក

អ៊ីស្រាអែល ៖ អ៊ីស្រាអែល និងក្រុមហេសបូលឡាហ៍ បានបន្តការវាយប្រហារឆ្លងព្រំដែនរបស់ពួកគេឡើងវិញ ក្រោយបញ្ចប់សន្តិភាពរយៈពេលខ្លី ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​សង​សឹក​គ្នា ​ដោយ​ភាគី​ទាំង​ពីរ ​កាល​ពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ថា អ៊ីស្រាអែល និងក្រុមហេសបូលឡាហ៍ នៅប្រទេសលីបង់ បានបើកការវាយប្រហារគ្នាយ៉ាងខ្លាំងក្លា ឆ្លងព្រំដែន កាលពីព្រឹកថ្ងៃអាទិត្យ និងបន្តនៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលីបង់ បាននិយាយថា អ៊ីស្រាអែល ​បាន​បន្ត​ការ​វាយលុក​របស់​ខ្លួន​លើ​ប្រទេស​លីបង់ ​នៅ​រសៀល​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤  ពួក​គេ​បាន​កំណត់​គោល​ដៅ​ភូមិ​ជាប់​ព្រំ​ដែន​នៃ​ក្រុង​តារហាហ្វា និង​ក្រុង​ស៊ីដូន តំបន់ឆ្នេរ បណ្តាល​ឱ្យ​ខូចខាត​រថយន្ត ​១​គ្រឿង តែ​បុរស​ម្នាក់ ដែលជាសមាជិកនៃអាជ្ញាធរប៉ាឡេស្ទីន បានរួចជីវិតពីការវាយប្រហារលើរថយន្ត។ បន្ទាប់​មក ក្រុមហេសបូលឡាហ៍ ​បាន​ប្រកាសថា ពួកគេ​បាន​បញ្ជូន​យន្តហោះ​ដ្រូន ​ផ្ទុក​គ្រាប់បែក ​ទៅ​វាយប្រហារ​ឧបករណ៍​​កងទ័ពអ៊ីស្រាអែល នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ អ៊ីស្រាអែល ​បាន​ពង្រាយ​យន្តហោះ​ចម្បាំង ​ទ្រង់ទ្រាយ​ធំ វាយ​ប្រហារ​លើ​គោលដៅ​ជាង៤០ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ ដែលគេ​អះអាង​ថា វា​ជា​ការ​ប៉ុនប៉ង​ដើម្បី​កម្ទេច​គ្រាប់​រ៉ុក្កែត ដែលក្រុមហេសបូលឡាហ៍ នឹងប្រើដើម្បីវាយប្រហារពួកគេ សងសឹកអ៊ីស្រាអែល ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់បំផុតរបស់ពួកគេ គឺលោក ហ៊្វូអាដ ស៊ុក (Fouad Shukr) កាលពីចុងខែកក្កដា ឆ្នាំ២០២៤។ ប៉ុន្តែមួយម៉ោងក្រោយមក ក្រុមហេសបូលឡាហ៍ (Hezbollah) បានបាញ់រ៉ុក្កែត រាប់រយគ្រាប់ និងបញ្ជូនយន្តហោះគ្មានមនុស្សបើកជាង ១០០គ្រឿង ទៅវាយប្រហារតំបន់ផ្សេងៗនៃប្រទេសអ៊ីស្រាអែល ​ដើម្បី​សង​សឹក។ ទន្ទឹមនឹងនេះ មេដឹកនាំក្រុមហេសបូលឡាហ៍ លោក ហាសសាន់ ណាស្រាលឡាហ៍ (Hassan Nasrallah) បានអះអាងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ធ្វើឡើងដោយមូលដ្ឋានចារកម្មអ៊ីស្រាអែល នៅជិតទីក្រុង តេលអាវីវ (Tel Aviv) ប៉ុន្តែ​អ៊ីស្រាអែល ​បាន​បដិសេធ៕

RELATED ARTICLES