អ៊ុយក្រែន ៖ អ៊ុយក្រែន បានអះអាងថា បានដណ្តើមយកទឹកដីរុស្ស៉ី បន្ថែមទៀត ក្នុងតំបន់ ខឺស្ក (Kursk) និងចាប់ខ្លួនទាហានរុស្ស៊ី ជិត ៦០០នាក់ ខណៈដែលរុស្ស៊ី វាយប្រហារតំបន់ផ្សេងៗ ក្នុងទឹកដីអ៊ុយក្រែន ជារលកទីពីរនៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។


នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ អូឡេកសានដ្រ សឺរស្គី (Oleksandr Sirsky) ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបង្ហាញពីវឌ្ឍនភាពក្នុងការវាយប្រហាររបស់រុស្ស៊ី លើតំបន់ Kursk ។
តាមរយៈវីដេអូមួយ ដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងប្រទេសអ៊ុយក្រែន អះអាងថាឥឡូវនេះ កងទ័ពអ៊ុយក្រែន បានដណ្តើមកាន់កាប់ផ្ទៃដី ១២៩៤គីឡូម៉ែត្រក្រឡា ដណ្តើមបានភូមិចំនួន ១០០ និងចាប់ខ្លួនទាហានរុស្ស៊ី ប្រមាណ ៥៩៤នាក់។

ឧត្តមសេនីយ៍សឺរស្គី បានអះអាងថា គោលដៅមួយក្នុងចំណោមគោលដៅនៃការលុកលុយ គឺការវាយប្រហារលើតំបន់ Kursk នោះគឺដើម្បីទាក់ទាញកងទ័ពសត្រូវ ពីតំបន់ផ្សេងទៀត ដូចជា ប៉ូក្រូវស្ក៍ (Pokrovsk) និង គូរ៉ាកូវ (Kurakov) ជាពិសេសនៅតំបន់ដុនបាស់ (Donbas)។ រុស្ស៊ី ដឹងពីគោលបំណងនេះ បានព្យាយាមប្រមូលគ្រឿងដែលត្រៀមប្រយុទ្ធច្រើនបំផុត នៅតំបន់ក្បែរ ប៉ូក្រូវស្ក៍ (Pokrovsk) ។
ការលើកឡើងរបស់ឧត្តមសេនីយ៍សឺរស្គី បានធ្វើឡើងនៅអ៊ុយក្រែន ត្រូវជម្លៀសពលរដ្ឋខ្លួនចេញពីទីក្រុងនានា នៅភាគខាងកើត បន្ទាប់ពីកងទ័ពរុស្ស៊ី បន្តិចម្តងៗ បានខិតទៅជិតតំបន់ប៉ូក្រូវស្ក៍ ដែលជាចំណុចយុទ្ធសាស្ត្រសំខាន់ កាន់តែខ្លាំង។

លើសពីនេះទៅទៀត កាលពីប៉ុន្មានម៉ោងមុន ថ្មីៗនេះ រុស្ស៊ី បានបាញ់មីសស៊ីល និងយន្តហោះគ្មានមនុស្សបើក វាយប្រហារលើតំបន់ផ្សេងៗ នៃប្រទេសអ៊ុយក្រែន ដែលជារលកទីពីរ នៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បន្ទាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ទីក្រុងម៉ូស្គូ បានបើកការវាយប្រហារតាមអាកាស ទៅលើតំបន់ចំនួន ១៥ របស់អ៊ុយក្រែន ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល បណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់ជាច្រើន ហើយមានអ្នកស្លាប់យ៉ាងតិច ៦នាក់។

ចំពោះការវាយប្រហារចុងក្រោយបំផុត នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ បានបណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួស ១៦នាក់ ដោយសាកសពចំនួន ៣ ត្រូវបានរកឃើញនៅក្នុងតំបន់ហ្សាប៉ូរីសៀ (Zaporichia) ភាគអាគ្នេយ៍ ពេលនៅទីក្រុងគៀវ ជូនដំណឹងអំពីការវាយលុកតាមអាកាស បានបន្លឺឡើងពេញមួយយប់ រួមជាមួយនឹងសំឡេងនៃការផ្ទុះដ៏ខ្លាំង។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានអះអាងថា អ៊ុយក្រែន កំពុងប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលផ្តល់ដោយលោកខាងលិច ជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់រុស្ស៊ី ហើយបានប្រកាសថា អ៊ុយក្រែន បានសាកល្បងមីសស៊ីល ដែលផលិតក្នុងស្រុក ដោយជោគជ័យផងដែរ៕ ខៀវទុំ