ប្រទេសរុស្ស៉ី ៖ រុស្ស៊ី អះអាងថា អ៊ុយក្រែន បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារកន្លែងស្តុកប្រេង កាលពីថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ បណ្តាលឱ្យមានភ្លើងឆេះយ៉ាងធ្ងន់នៅក្នុងតំបន់រ៉ូស្តូវ (Rostov) ប៉ុន្តែមិនមានរបាយការណ៍ពីរបួស ឬស្លាប់នោះទេ។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារកន្លែងស្តុកប្រេង ក្នុងតំបន់រ៉ូស្តូវ (Rostov) ភាគខាងត្បូង នៃប្រទេសរុស្ស៊ី បណ្តាលឱ្យមានការឆេះយ៉ាងខ្លាំង។ ស្របពេលជាមួយគ្នានេះដែរ មានសេចក្តីរាយការណ៍ពីយន្តហោះគ្មានមនុស្សបើក ប៉ុនប៉ងវាយប្រហារតំបន់នានាក្នុងតំបន់គីរ៉ូវ (Kirov) ភាគឦសាន ចម្ងាយជាង ១៥០០គីឡូម៉ែត្រផងដែរ។
អភិបាលតំបន់រ៉ូស្តូវ លោក វ៉ាស៊ីលី ហ្គោលូបេវ (Vasily Golubev) បានបញ្ជាក់ថា ឃ្លាំងប្រេងមួយនៅស្រុកកាមេនស្គី (Kamensky) ពិតជាត្រូវបានវាយប្រហារ ប៉ុន្តែគ្មាននរណាម្នាក់រងរបួស ឬស្លាប់ទេ ហើយមន្ត្រីជំនាញបានព្យាយាមពន្លត់ភ្លើង។

ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា អង្គភាពការពារដែនអាកាស របស់ពួកគេ បានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួន ៤គ្រឿង ដែលបានបញ្ជូនទៅកាន់តំបន់រ៉ូស្តូវ ពេញមួយយប់ ដោយមិននិយាយអំពីការវាយប្រហារលើកន្លែងស្តុកប្រេងនោះទេ។
ទោះបីជាយ៉ាងណា តាមវីដេអូឃ្លីប បានបង្ហាញថា យ៉ាងហោចណាស់មានធុងស្តុកប្រេង ចំនួន ៣ បានឆេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក ពីរគ្រឿង បានធ្លាក់នៅក្នុងតំបន់នោះ។
វីដេអូឃ្លីប បានផ្សព្វផ្សាយនៅលើបណ្តាញសង្គមរុស្ស៊ី បង្ហាញថា ភ្លើងកំពុងឆេះយ៉ាងខ្លាំងនៅក្នុងធុងស្តុកប្រេង ដោយតាមប្រភព Reuters បានបញ្ជាក់ថា ឃ្លីបវីដេអូនេះ ត្រូវបានថតនៅស្រុកកាមេនស្គី (Kamensky) ។ ប៉ុន្តែភាគីអ៊ុយក្រែន មិនទាន់ចេញសេចក្តីអធិប្បាយអ្វីទេ អំពីព័ត៌មាននៃការវាយប្រហារនេះ។

គួរបញ្ជាក់ដែរថា ឃ្លាំងស្តុកប្រេង នៅស្រុកកាមេនស្គី ធ្លាប់ត្រូវបានវាយប្រហារពីមុនមកផងដែរ។ នៅដើមខែសីហា ធុងស្តុកប្រេងនៅឃ្លាំងស្តុកប្រេងមួយទៀត ក្នុងតំបន់ប្រូឡេតាស្ក (Proletarsk) ក៏បានរងការវាយប្រហារដោយអ៊ុយក្រែន កាលពី១០ថ្ងៃមុនផងដែរ៕