ហាណូយ (វៀតណាម) ៖ វៀតណាម ប្រកាសរុះរើគណៈរដ្ឋមន្ត្រី បន្ទាប់ពីលោក តូ ឡឹម (To Lam) មេដឹកនាំកំពូលថ្មី នៃបក្សកុម្មុយនីស្តវៀតណាម បានដាក់ផែនការបង្ក្រាបអំពើពុករលួយ ដោយបណ្តេញឧបនាយករដ្ឋ មន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ចេញពីមុខតំណែង កាលពីដើមខែសីហា ឆ្នាំ២០២៤ ដោយជាប់ពាក់ព័ន្ធនឹងអំពើ ពុករលួយ។
ការផ្លាស់ប្តូរការដឹកនាំរបស់វៀតណាម បានបន្តចាប់តាំងពីលោកតូ ឡឹម ត្រូវបានជ្រើសរើសជាប្រធានាធិបតី (ប្រធានរដ្ឋ) ដោយបក្សកុម្មុយនីស្តវៀតណាម ក្នុងខែឧសភា ឆ្នា២០២៤ បន្ទាប់ពីលោកបានចូលកាន់តំណែងជាអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីមរណភាពរបស់លោក ង្វៀន ភូចុង (Nguyen Phu Trong) ក្នុងខែកក្កដា ឆ្នាំ២០២៤ ។
រដ្ឋសភាវៀតណាម បានអនុម័តសេចក្តីសម្រេចមួយ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ តែងតាំងលោក ង្វៀន ហៅប៊ិញ (Nguyen Hao Binh) អាយុ ៦៦ឆ្នាំ ជាប្រធានតុលាការប្រជាជនកំពូល លោកហូ ឌុកផុក (Ho Duc Phoc) អាយុ ៦០ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក ប៊ីវ ថាញ់សឺន (Bui Thanh Son) អាយុ ៦១ឆ្នាំ ជាអតីតរដ្ឋមន្ត្រីការបរទេស ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី។
ការរុះរើគណៈរដ្ឋមន្ត្រីនេះ កើតឡើងបន្ទាប់ពីលោក ឡេ មិញខៃ (Le Minh Khai) ត្រូវបានបណ្តេញចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ដោយសារជាប់ពាក់ព័ន្ធអំពើពុករលួយដីធ្លីនៅខេត្តឡឹមដុង (Lam Dong) និងការផ្ទេរតំណែងលោក ត្រាន់ លូកាង (Tran Lu Quang) ពីឧបនាយករដ្ឋមន្ត្រី ទៅជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចបក្សកុម្មុយនីស្តវៀតណាម។
លទ្ធផលនៃការរុះរើគណៈរដ្ឋមន្ត្រីនេះ នាយករដ្ឋមន្ត្រី គឺលោកផាម មិញជីញ (Pham Minh Chinh) មានឧប នាយករដ្ឋមន្ត្រី ចំនួន ៥នាក់ ក្នុងនោះមាន ២នាក់ នៅក្នុងតំណែងមុន គឺលោកត្រាន់ ហុងហា (Tran Hong Ha) និងលោកឡេ ថាញ់ឡុង (Le Thanh Long)។
លោកឡេ ថាញ់ឡុង (Le Thanh Long) គឺជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មុននឹងត្រូវតែងតាំងជាឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំសភានីតិប្បញ្ញត្តិ ក្នុងខែមិថុនា ដោយគាត់កាន់តំណែងទាំងពីរ មុននឹងត្រូវបន្ថយមកត្រឹមតែតំណែងឧបនាយករដ្ឋមន្ត្រី តែមួយ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ។
ដូចគ្នាដែរ លោកង្វៀន ហៅប៊ិញ (Nguyen Hoa Binh) មានតួនាទីដូចឧបនាយករដ្ឋមន្ត្រី ដោយសារតែលោក ឡេ មិញទ្រី (Le Minh Tri) អគ្គព្រះរាជអាជ្ញា នៃការិយាល័យអគ្គព្រះរាជអាជ្ញា ត្រូវបានតែងតាំងជាប្រធានតុលាការប្រជាជនកំពូល ហើយលោក ង្វៀន ហ៊ីវ ធៀន (Nguyen Hui Tien) ត្រូវបានតែងតាំងជាអគ្គមេធាវីជំនួស។
ការផ្លាស់ប្តូរនយោបាយបែបនេះ អាចត្រូវបានគេមើលឃើញថាលោក តូ ឡឹម ចង់ពង្រឹងស្ថិរភាព និងសន្តិសុខក្នុងបក្ស ហើយផ្តល់ឲ្យខ្លួនឯងបន្ថែមទៀត យ៉ាងហោចណាស់រហូតដល់មហាសន្និបាតលើកក្រោយ នៅឆ្នាំ២០២៦។ ដូចគ្នានេះដែរ លទ្ធផលនៃកំណែទម្រង់គណៈរដ្ឋមន្ត្រីនេះ បានផ្លាស់ប្តូររដ្ឋមន្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងការបរទេស មកកាន់តំណែងឧបនាយករដ្ឋមន្ត្រី បែបនេះ វាអាចត្រូវបានបកស្រាយថា លោកតូ ឡឹម ផ្តល់សារៈសំខាន់បន្ថែមទៀតដល់ការជំរុញសេដ្ឋកិច្ច និងបញ្ហាការទូត។
ការរុះរើគណៈរដ្ឋមន្ត្រី របស់វៀតណាម កើតឡើងជាមួយនឹងព័ត៌មានសេដ្ឋកិច្ចល្អ។ ធនាគារពិភពលោក បានប្រកាសកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ថាសេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើង 6.1ភាគរយ នៅឆ្នាំ២០២៤ កើនឡើង ៥ភាគរយ កាលពីឆ្នាំមុន។ នេះគឺជាលទ្ធផលនៃកំណើននៃការនាំចេញផលិតផលឧស្សាហកម្ម ការធ្វើដំណើរ និងសេវាក្នុងស្រុក ហើយសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានរំពឹងថានឹងកើនឡើង 6.5ភាគរយ នៅឆ្នាំក្រោយ។ ក្នុងវិស័យការបរទេស លោកតូ ឡឹម នឹងបន្តទទួលមរតក «គោលនយោបាយការទូតដើមឫស្សី» ដែលសង្កត់ធ្ងន់លើភាពបត់បែន ការសម្របខ្លួន និងការរក្សាតុល្យភាពក្នុងការអនុវត្តគោលនយោបាយ។ នោះគឺផ្តោតលើការរក្សាតុល្យភាពនៅក្នុងភូមិសាស្ត្រនយោបាយនៃពិភពលោកបច្ចុប្បន្ន ដែលចិន និងសហរដ្ឋអាមេរិក មានការប្រកួតប្រជែងខ្លាំងសម្រាប់ឥទ្ធិពលនៅលើពិភពលោក។ ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលពេកទេ ដែលលោកតូ ឡឹម បានជ្រើសរើសប្រទេសចិន ជាប្រទេសដំបូងគេដែលលោកបានទៅទស្សនកិច្ច នៅថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៤ ហើយមានព័ត៌មានថា លោកនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ក្នុងខែកញ្ញា ខាងមុខនេះ។
ទោះយ៉ាងណាក៏ដោយ លោកតូ ឡឹម នឹងប្រឈមមុខនឹងបញ្ហាសំខាន់ៗមួយចំនួន រួមមាន រក្សាឯកភាពក្នុងបក្សក្នុងពេលតែមួយ ហើយជ្រើសរើសមេដឹកនាំថ្មី មកជំនួសគាត់ ព្រោះគាត់ខ្លួនឯងមានអាយុ ៦៧ឆ្នាំហើយ ដែលមិនតិចទេ។ លើសពីនេះ លោកនឹងត្រូវគ្រប់គ្រងសេដ្ឋកិច្ច ឲ្យបន្តកើនឡើង ចំពេលមានការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក។ លោកមានកាតព្វកិច្ចរក្សាស្ថិរភាពក្នុងតំបន់ដែលកំពុងប្រឈមនឹងភាពផុយស្រួយ និងភាពរសើបនៃសមុទ្រចិនខាងត្បូង ដែលវៀតណាម ចូលរួមយ៉ាងខ្លាំង ហើយសំខាន់បំផុត លោកត្រូវបន្តគោល នយោបាយបង្ក្រាបអំពើពុករលួយ ទាំងក្នុងបក្ស និងក្នុងវិស័យរដ្ឋាភិបាល៕ ខៀវទុំ