អ៊ីស្រាអែល ៖ កងទ័ពអ៊ីស្រាអែល បានបើកការវាយលុកដ៏ធំបំផុតរបស់ខ្លួន នៅតំបន់វេសថ៍បែងខ៍ (West Bank) ដែលបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៩នាក់ បានស្លាប់ ខណៈដែលក្រសួងការបរទេសអ៊ីស្រាអែល ក៏បានព្រមានប៉ាឡេស្ទីននៅ ភាគខាងជើងវេសថ៍បែងខ៍ ឱ្យជម្លៀសខ្លួនចេញ។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធា វាយប្រហារទីក្រុងមួយចំនួន នៅភាគខាងជើងនៃតំបន់វេសថ៍បែងខ៍ (West Bank) ដែលជាប្រតិបត្តិការដ៏ធំបំផុត ក្នុងរយៈពេល ២០ឆ្នាំ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ បានស្លាប់។
យោធាអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ថាកងទ័ពអ៊ីស្រាអែល រួមជាមួយនឹងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) បានបើកប្រតិបត្តិការដ៏ធំមួយនៅតំបន់ ចេនីន (Jenin) និង ទុលកាម (Tulkarm) នៃតំបន់វេសថ៍បែងខ៍ (West Bank) ដែលមានទីតាំងនៅខាងលិចប្រទេសហ្ស៊កដានី។
ក្រសួងការបរទេសអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីន ជម្លៀសខ្លួនចេញពីតំបន់វេសថ៍បែងខ៍ (West Bank) ភាគខាងជើង។ ការណ៍នេះគឺស្រដៀងគ្នានឹងស្ថានភាពមុនពេលកងទ័ពអ៊ីស្រាអែល វាយប្រហារតំបន់ហ្គាហ្សា កាលពីខែតុលា ឆ្នាំ២០២៣ ដោយសង្ឃឹមថានឹងកម្ចាត់ក្រុមហាម៉ាស់។ ទន្ទឹមនឹងនេះ អ៊ីស្រាអែល ក៏បន្តវាយប្រហារតំបន់ហ្គាហ្សា ផងដែរ។
សារព័ត៌មាន Al Jazeera រាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារលើគោលដៅនានាក្នុងទីក្រុង ឌៀរ អែល-បាឡាហ៍ (Deir el-Balah) នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីព (Gaza Strip) និងខាន់យូនីស (Khan Yunis) ។ នៅតំបន់ហ្គាហ្សាស្ទ្រីព ភាគខាងត្បូង យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ២០នាក់ទៀត ត្រូវបានសម្លាប់។
អាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ចាប់តាំងពីអ៊ីស្រាអែល បានវាយប្រហារតំបន់ហ្គាហ្សា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ចំនួន ៤០ ៥៣៤នាក់ ត្រូវបានសម្លាប់ និង ៩៣ ៧៧៨នាក់ បានរងរបួស បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល បណ្តាលឱ្យមានអ្នកស្លាប់ ប្រមាណ ១១៣៩នាក់៕