Tuesday, September 17, 2024
Homeព័ត៌មានអន្តរជាតិម៉ុងហ្គោលី ស្វាគមន៍ពូទីន មិនអើ.../ពើនឹងដីកាចា.../ប់ខ្លួនរបស់ ICC  

ម៉ុងហ្គោលី ស្វាគមន៍ពូទីន មិនអើ…/ពើនឹងដីកាចា…/ប់ខ្លួនរបស់ ICC  

ម៉ុងហ្គោលី ៖ ម៉ុងហ្គោលី មិនអើពើនឹងដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ  (ICC) ដោយបានរៀបចំពិធីដ៏ធំមួយ ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី លោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) យ៉ាងកក់ក្តៅ។

តាមប្រភព BBC បានឲ្យដឹងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ថា នៅថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០២៤ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានមកដល់ម៉ុងហ្គោលី។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសសមាជិកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចាប់តាំងពីតុលាការអន្តរជាតិនេះ បានចេញដីកាចាប់ខ្លួនគាត់ ក្នុងឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ពីបទបង្ខំឱ្យធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ លើក្មេងប្រុសអ៊ុយក្រែន ម្នាក់។

ICC អាចពិចារណាចេញដីកាចាប់ខ្លួន និងកាត់ទោសជនល្មើសនៃឧក្រិដ្ឋកម្មអន្តរជាតិ ឬឧក្រិដ្ឋកម្មសង្គ្រាម។ ប៉ុន្តែពួកគេមិនមានយន្តការក្នុងការអនុវត្តដីកាចាប់ខ្លួនទេ។ ដូច្នេះវាត្រូវអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋជាសមាជិក ថាតើត្រូវអនុវត្តការចាប់ខ្លួនឬអត់?

ម៉ុងហ្គោលី ហាក់ដូចជាសម្រេចចិត្តមិនគោរពដីកាចាប់ខ្លួន របស់ ICC នោះទេ ដោយប្រធានាធិបតីរបស់ប្រទេសនេះ លោក អ៊ុកណាឃីង គូរេលស៊ុក (Uknaking Kurelsuk) បានធ្វើដំណើរទៅជួបលោកពូទីន ហើយពិធីបដិសណ្ឋារកិច្ចត្រូវបានធ្វើឡើងស្របតាមស្ថានភាព ដោយមានទ័ពសេះតម្រង់ជួរ ហើយរង់ចាំនៅទីលាន ចេនហ្គីសខាន់ (Genghis Khan) នៅទីក្រុង អ៊ូឡានបាតារ (Ulaanbaatar) ដោយមានវង់ភ្លេង លេងភ្លេងជាតិ។

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ មានបាតុករមួយក្រុមតូច។ មកជុំគ្នានៅទីលាននេះ ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកពូទីន ដោយបានកាន់បដា សរសេរថា “យកឧក្រិដ្ឋជនសង្គ្រាមពូទីន ចេញពីទីនេះ” ។អ្នកតវ៉ា ក៏គ្រោងធ្វើការតវ៉ាមួយទៀត នៅថ្ងៃត្រង់ ថ្ងៃអង្គារ នាវិមានរដ្ឋ ដើម្បីការគាបសង្កត់ផ្នែកនយោបាយក្នុងទីក្រុងអ៊ូឡានបាតារ ដែលត្រូវបានសាងសង់ឡើងដើម្បីរំលឹកដល់ការឈឺចាប់នៃការគ្រប់គ្រងជាច្រើនទសវត្សរ៍របស់ម៉ុងហ្គោលី ដោយរដ្ឋាភិបាលកុម្មុយនីស្ត ដែលគាំទ្រដោយសូវៀត។

កន្លងមក អ៊ុយក្រែន បានអំពាវនាវឱ្យម៉ុងហ្គោលី ចាប់ខ្លួនលោកពូទីន តាមដីកាចាប់ខ្លួនរបស់ ICC ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា  ពួកគេមិនបារម្ភអ្វីទាំងអស់ដែលថាលោកពូទីន នឹងត្រូវចាប់ខ្លួនក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី។លើសពីនេះទៅទៀត គេរំពឹងទុករួចហើយថា ម៉ុងហ្គោលី នឹងមិនចាប់ខ្លួនលោកពូទីន តាមដីកា ICC ទេ ព្រោះម៉ុងហ្គោលី បានរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ី ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ក្នុងឆ្នាំ១៩៩១ ហើយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមិនថ្កោលទោសការឈ្លានពានយោធារបស់រុស្ស៊ី លើអ៊ុយក្រែន រួមទាំងការមិនចូលរួមក្នុងការបោះឆ្នោតលើជម្លោះនេះនៅវេទិកាអង្គការសហប្រជាជាតិ។

ម៉ុងហ្គោលី ដែលមានព្រំប្រទល់ជាប់ទាំងប្រទេសចិន និងរុស្ស៊ី ពឹងផ្អែកខ្លាំងលើឧស្ម័នធម្មជាតិ និងអគ្គិសនីរបស់រុស្ស៊ី ហើយរុស្ស៊ី បានចរចាជាមួយម៉ុងហ្គោលី អស់ជាច្រើនឆ្នាំ ទាក់ទងនឹងគម្រោងសាងសង់បំពង់បង្ហូរ ឧស្ម័ន ធម្មជាតិ “ថាមពលស៊ីបេរី ២” ដែលអាចបញ្ជូនឧស្ម័នពីតំបន់យ៉ាម៉ាល (Yamal) ឆ្លងកាត់ម៉ុងហ្គោលី ទៅប្រ ទេសចិន ច្រើនជាង ៥០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ៕ ខៀវទុំ

RELATED ARTICLES