ប្រទេសអ៊ុយក្រែន ៖ វិទ្យាស្ថានហ្វឹកហ្វឺនយោធា និងមន្ទីរពេទ្យមួយ ក្នុងទីក្រុងប៉ូលតាវ៉ា ( Poltava) របស់អ៊ុយក្រែន បានរងការបាញ់ប្រហារដោយមីសស៊ីល របស់រុស្ស៉ី បណ្តាលឲ្យមនុស្ស ៤៩នាក់ស្លាប់ និងជាង ២០០នាក់ រងរបួស។

តាមប្រភព BBC បានឲ្យដឹងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ថា នៅថ្ងៃអង្គារទី០៣ ខែកញ្ញា ឆ្នាំ ២០២៤ ប្រធា នាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានបង្ហាញថា រុស្ស៊ី បានបាញ់កាំជ្រួចមីសស៊ីល ទៅលើទាំតាំងចំនួន២ នៅប្រទេសអ៊ុយក្រែន គឺ វិទ្យាស្ថានដឹកជញ្ជូន ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលយោធា និងមន្ទីរពេទ្យមួយ នៅក្បែរនោះ ក្នុងទីក្រុងប៉ូលតាវ៉ា កណ្តាលប្រទេសអ៊ុយក្រែន ធ្វើអគាររបស់វិទ្យាស្ថាន ត្រូវបានបំផ្លាញ។
លោកហ្សេឡេនស្គី បាននិយាយថា មនុស្ស ៤១នាក់ បានស្លាប់នៅក្នុងការវាយប្រហារ និង ១៨០នាក់ផ្សេងទៀត បានរងរបួស។ ជាច្រើនម៉ោងក្រោយមក រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក ឌីមីត្រូ ឡាស៊ុតគីន (Dmytro Lasutkin) បានធ្វើបច្ចុប្បន្នភាពចំនួនថ្មី ៤៩នាក់ បានស្លាប់ និង ២១៩នាក់ បានរងរបួស។
ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ នៅតែបន្ត។ តាមព័ត៌មានដែលទទួលបាន ខណៈពេលដែលថ្នាក់រៀនកំពុងរៀបចំ នៅវិទ្យាស្ថាន សំឡេងរោទ៍ បានបន្លឺឡើងនៅម៉ោង ៩:០៨នាទីព្រឹក ហើយគ្រប់គ្នាបានធ្វើដំណើរទៅកាន់ទីជម្រក។ បន្ទាប់មក ពីរបីនាទី មានការផ្ទុះជាច្រើន។

លោក ភីលីព ប្រូនីន (Philip Pronin) អភិបាលក្រុងប៉ូលតាវ៉ា (Poltava) បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី ហើយថាយ៉ាងហោចណាស់មនុស្ស ១៨នាក់ នៅជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលបាក់រលំ និងមានអគារលំនៅឋាន ចំនួន១០ខ្នង បានរងការខូចខាត ហើយបច្ចុប្បន្ន មន្ត្រីកំពុងស្រាវជ្រាវ។
ក្រសួងការពារជាតិអ៊ុយក្រែន ក៏បាននិយាយដែរថា គេមិនទាន់អាចបញ្ចេញរូបភាពពីកន្លែងកើតហេតុនៅឡើយទេ ព្រោះអាចនាំឲ្យសត្រូវវាយលុកបន្ថែមទៀត។

ការវាយប្រហារនេះ បានធ្វើឱ្យប្រធានាធិបតី ហ្សេឡេនស្គី អំពាវនាវទៅកាន់សម្ព័ន្ធមិត្តលោកខាងលិច បញ្ជូនប្រព័ន្ធការពារការវាយប្រហារតាមអាកាសបន្ថែមទៀតដល់កាន់អ៊ុយក្រែន រួមទាំងការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធដែលទទួលបានពីប្រទេសសម្ព័ន្ធមិត្ត វាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដើម្បីការពារកុំឲ្យមានការវាយប្រហារបែបនេះកើតឡើងទៀត។

ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនោះទេថា តើរុស្ស៊ី វាយប្រហារចេញពីតំបន់ណា? ប៉ុន្តែកាលពីយប់ថ្ងៃទី០៣ ខែកញ្ញា កងទ័ពអ៊ុយក្រែន បានរាយការណ៍ថា កាំជ្រួចមីសស៊ីលមួយគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់គ្រីមៀរ ដែលកាន់កាប់ដោយរុស្ស៊ី មានចម្ងាយប្រហែល ៤៣០គីឡូម៉ែត្រ ពីទីក្រុងប៉ូលតាវ៉ា ហើយជាមីសស៊ីលប្រភេទដូចគ្នា៕ ខៀវទុំ