ខេត្តឈៀងរ៉ាយ (ថៃ) ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ថា ដោយសារភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់ ជាច្រើនថ្ងៃ បណ្ដាលឲ្យទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋ ផ្សារ ភូមិ និងសាលារៀន ក្នុងស្រុកម៉ែសាយ ខេត្តឈៀងរ៉ាយ ប្រទេសថៃ ធ្វើឲ្យអ្នកភូមិ កុមារ និងមនុស្សចាស់ ជាប់គាំងក្នុងផ្ទះ រង់ចាំជំនួយជាច្រើនកន្លែង ដោយកន្លែងខ្លះ មនុស្សបានឡើងលើដំបូលផ្ទះ ដើម្បីចៀសពីទឹកជំនន់។

ខេត្តចំនួន៧ ក្នុងប្រទេសថៃ នៅពេលនេះកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងនោះមាន ៖ ១-ខេត្តឈៀងរ៉ាយ ក្នុងស្រុកម៉ែសាយ ស្រុកខុនតាន និងស្រុកផះយ៉ាម៉េងរ៉ាយ ។ ២-ខេត្តឈៀងម៉ៃ នៅក្នុងស្រុកម៉ែអាយ។ ៣- ខេត្តតាក នៅស្រុកម៉ែសត ។ ៤-ខេត្តសុខោទ័យ នៅស្រុកកុងក្រៃឡាត ។ ៥-ខេត្តភិស្ណុលោក នៅស្រុកមឿងព្រហ្ម ភិរ៉ាម និងស្រុកបាងរ៉ះកាំ ។ ៦-ខេត្តអាងថង នៅស្រុកវិសេតឆ័យឆាន និង ៧-ខេត្តព្រះនគរស្រីអយុធ្យា នៅស្រុកបាងបាន ស្រុកបាងប៉ះហាន់ផាក់ហៃសេណា ស្រុកព្រះនគរស្រីអយុធ្យា និងស្រុកបាងសៃ។

អគ្គស្នងការតម្រួតថៃ បានបញ្ជាជាបន្ទាន់ ដល់គ្រប់អង្គភាពតម្រួត ឲ្យជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ជាពិសេសខេត្តទាំង៧ ដែលនៅតែជួបគ្រោះទឹកជំនន់ ដោយសម្របសម្រួលជាមួយអភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធ អនុវត្តវិធានការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ដោយរៀបចំផែនការឱ្យស្របតាមស្ថាន ភាពក្នុងតំបន់ និងរៀបចំក្រុមទំនាក់ទំនងសហគមន៍ និងអ្នកស្ម័គ្រចិត្ដ ចុះអង្កេតការខូចខាតផ្ទះប្រជាពលរដ្ឋ ធ្វើសមាហរណកម្មជាមួយគ្រប់វិស័យ ដើម្បីផ្តល់ជំនួយ និងឧបករណ៍សង្គ្រោះ រួមមានសម្ភារៈ ទូក និងយានជំនិះ ដើម្បីជួយប្រជាពលរដ្ឋ រួមទាំងការគាំទ្រជំនួយផ្នែកវេជ្ជសាស្រ្ដ ផ្តល់តំបន់សុវត្ថិភាពដើម្បីជួយដល់ការជម្លៀសប្រជាជន ត្រៀមរៀបចំមជ្ឈមណ្ឌលបណ្ដោះអាសន្ន ត្រៀមខ្លួនជួយប្រជាពលរដ្ឋរងគ្រោះ។ សម្រួលជួយចរាចរណ៍លើផ្លូវដឹកជញ្ជូនផ្សេងៗក្នុងតំបន់ និងផ្សព្វផ្សាយផ្លូវសំខាន់ៗ ផ្លូវបន្ទាប់បន្សំ ដែលប្រើសម្រាប់ការធ្វើដំណើរ រួមទាំងចុះពិនិត្យតំបន់ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងពេលមានទឹកជំនន់។ រៀបចំអ្នកស៊ើបអង្កេត ដើម្បីទទួលបានរបាយការណ៍អំពីមនុស្សបាត់ខ្លួន និងឧប្បត្តិហេតុផ្សេងៗ៕




