បាងកក (ថៃ) ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដោយមានការព្រួយបារម្ភពីបញ្ហាទឹកជំនន់ នៅតំបន់ភាគខាងជើងប្រទេស កើនដល់ ៥០ខេត្ត ពិសេសនៅខេត្តឈៀង រ៉ាយ បានកោះហៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រជុំបន្ទាន់ ចាត់តាំងពន្លឿនការជួយសង្គ្រោះ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជំនន់។

សារព័ត៌មានថៃ បានរាយការណ៍ថា មុននឹងចូលទៅក្នុងបន្ទប់ប្រជុំសភា ដើម្បីប្រកាសពីគោលនយោបាយរបស់គណៈរដ្ឋមន្ត្រី ទៅកាន់សភា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានពិភាក្សា និងសាកសួរអំពីស្ថានភាពទឹកជំនន់ នៅខេត្តឈៀងរ៉ាយ ជាមួយលោកស្រី ពិយ៉ារ៉ាត់ឆា ទិយ៉ាផៃរ៉ាត់ សមាជិកសភាតំណាងរាស្រ្តខេត្តឈៀងរ៉ាយ គណបក្សភឿថៃ ដោយលោកស្រីនាយករដ្ឋមន្ត្រី សម្តែងការព្រួយបារម្ភ និងជំរុញឱ្យជួយអ្នករងគ្រោះឱ្យអស់ពីកម្លាំងកាយចិត្ត ពន្លឿនការជម្លៀសប្រជាជនដែលជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ និងរៀបចំទីជម្រកជូនប្រជាពលរដ្ឋ ដោយមានអង្ករ អាហារគ្រប់គ្រាន់ និងសម្ភារចាំបាច់ផងដែរ ។

បន្ទាប់មក នៅវេលាម៉ោង ១២និង១០នាទី លោកស្រីនាយករដ្ឋមន្ត្រី បានបង្ហោះរូបភាពតាមបណ្តាញសង្គម Facebook ក្នុងពេលជួបប្រជុំដោះស្រាយបញ្ហាទឹកជំនន់ ជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធរួមមាន ជារដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងថាមពល រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស និងរដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី។

លោកស្រីនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចឱ្យក្រសួងកសិកម្ម រួមគ្នាជាមួយក្រសួងធនធានធម្មជាតិ និងបរិ ស្ថាន រកវិធីជួសជុលទំនប់ និងទ្វារទឹកជាបន្ទាន់ ដើម្បីស្ទាក់ទឹក និងកាត់បន្ថយភាពធ្ងន់ធ្ងរនៃទឹកជំនន់។ ប្រគល់ឱ្យក្រសួងដឹកជញ្ជូន និងក្រសួងការពារជាតិ ទីបញ្ជាការអភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធ ប្រញាប់ជួសជុលផ្លូវ និងស្ពានដែលខូច ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល ជាពិសេសនៅពេលនេះ ជាពេលដែលមនុស្សត្រូវជម្លៀសចេញយ៉ាងឆាប់រហ័ស ។

ដោយឡែកតាមបណ្តាញព័ត៌មានថៃ បានរាយការណ៍នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បច្ចុប្បន្ននេះ ស្រុកចំនួន៥ ក្នុងខេត្តឈៀងរ៉ាយ ត្រូវបានរងផលប៉ះពាល់ ក្នុងនោះរួមមាន ស្រុក ម៉ែសៃ ស្រុកមឿងឈៀងរ៉ាយ ស្រុកឈៀ ងខុង ស្រុកឈៀងសាន និងស្រុកម៉ែហ្វាហ្លួង ជាពិសេសស្រុកម៉ែសៃ និងស្រុកមឿងឈៀងរ៉ាយ ស្ថានភាពនៅតែធ្ងន់ធ្ងរ។ ដោយប្រជាពលរដ្ឋនៅតែជាប់គាំងនៅក្នុងផ្ទះ អស់រយៈពេលពីរថ្ងៃពេញ រួមទាំងមនុស្សចាស់ផងដែរ។ កុមារជាច្រើន ខ្វះអាហារ និងទឹក ។ តំបន់ខ្លះអ្នកស្រុកឡើងទៅដេកលើដំបូលផ្ទះ ដើម្បីគេចពីទឹកជំនន់។

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ប៉ូលិសខេត្តឈៀងរ៉ាយ បានចេញការព្រមានដល់តំបន់នានា ក្នុងស្រុកមឿងឈៀងរ៉ាយ សុំឱ្យប្រជាពលរដ្ឋជុំវិញវត្តស៊្រីសៃមុន និងវត្តប្រានន្ទ ប្រញាប់យករបស់របរទៅទីទួល និងបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ដោយសារស្ថានភាពទឹកជំនន់កាន់តែហក់ឡើង។

ជាមួយគ្នានេះ មានការជូនដំណឹងអំពីការបិទស្ពាន និងផ្លូវនានា នៅតំបន់លិចទឹក នៃខេត្តឈៀងរ៉ាយ ។ ចំណែកមហាវិទ្យាល័យវិជ្ជាជីវៈ ឈៀងរ៉ាយ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកបណ្ដោះអាសន្ន ព្រោះស្ថានភាពទឹកជំនន់ នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ។ ខៀវទុំ


