ប្រទេសអ៊ីតាលី ៖ ប្រទេសអ៊ីតាលី បានក្លាយជាប្រទេសចុងក្រោយបំផុតដែលរងការវាយប្រហារដោយព្យុះ បូរីស (Boris) បង្កាជាសម្ពាធទាប បណ្តាលឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅអឺរ៉ុបកណ្តាល និងខាងកើត រហូតដល់មនុស្ស ២៣នាក់ បានស្លាប់។
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ថា ព្យុះបូរីស បានវាយប្រហារភាគឦសាននិងកណ្តាលប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ពីរបីថ្ងៃ បន្ទាប់ពីព្យុះដដែល បានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏ធំ។ នៅតំបន់អឺរ៉ុបកណ្តាល និងខាងកើត មនុស្ស ២៣នាក់ បានស្លាប់ និងរាប់សិបនាក់ទៀត បានរងរបួស។
មនុស្សជាង ១០០០នាក់ នៅក្នុងតំបន់ភាគឦសាន ត្រូវជម្លៀសចេញ ដើម្បីគេចពីទឹកជំនន់ បន្ទាប់ពីអាជ្ញាធរបានប្រកាសអាសន្ន ទឹកជំនន់ និងការព្រមានអំពីការរបាក់ដី សាលារៀនជាច្រើន នៅទូទាំងតំបន់ ត្រូវបានបិទជាបណ្តោះអាសន្ន។ ផ្លូវមួយចំនួន ត្រូវបានកាត់ផ្តាច់ដោយសារតែការបាក់ដី។ ទន្ទឹមនឹងនេះ សេវារថភ្លើង កំពុងស្ថិតក្នុងភាពចលាចលយ៉ាងធ្ងន់ធ្ងរ។ ទីក្រុង ហ្វាអេនយ៉ា (Faenya) រងផលប៉ះពាល់ខ្លាំងជាងគេ។ បន្ទាប់ពីកម្រិតទឹកក្នុងទន្លេពីរដែលកាត់ក្រុងនេះ វាបានកើនឡើងយ៉ាងខ្លាំង ពេញមួយយប់។ ទន្ទឹមនឹងនេះដែរ ទីក្រុងជាច្រើន នៅក្នុងតំបន់ ម៉ាឆេ (Marche) ត្រូវបានជន់លិចយ៉ាងខ្លាំង ប៉ុន្តែមិនទាន់មានរបាយការណ៍ពីរបួស ឬស្លាប់នៅឡើយទេ។
នៅតំបន់ ហ្វាលកូណារ៉ា Falconara) ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម នៅលើឆ្នេរសមុទ្រអាឌ្រីយ៉ាទិក (Adriatic) នៅតំបន់ម៉ាឆេ ប្រឈមមុខនឹងភ្លៀងធ្លាក់ ២០៤ម.ម ចាប់តាំងពីថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះគឺច្រើនជាងចំនួនទឹកភ្លៀងក្នុងខែកញ្ញា ជាមធ្យម ចំនួន ៦៧មិល្លីម៉ែត្រ ចំនួន ៣ដង និងពេញមួយសប្តាហ៍ ប៉ុន្តែហានិភ័យនៃទឹកជំនន់នៅតែមាន។
កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា លោកស្រីអឺស៊ូឡា វ៉ុនដឺឡេយេន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប ប្រកាសផ្តល់មូលនិធិ ១០ពាន់លានអឺរ៉ូ ដើម្បីជួយប្រទេសដែលរងផលប៉ះពាល់ដោយទឹកជំនន់។ សេចក្តីប្រកាសរបស់លោកស្រី បានធ្វើឡើង បន្ទាប់ពីលោកស្រី បានចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសប៉ូឡូញ សាធារណរដ្ឋឆេក ស្លូវ៉ាគី និងអូទ្រីស ក្នុងទីក្រុងវ៉្រូក្លាវ (Wrocław) ដើម្បីពិភាក្សាអំពីជំនួយដល់តំបន់ទឹកជំនន់ ក្រោយប្រទេសទាំងនោះ បានរងការវាយប្រហារយ៉ាងខ្លាំង ដោយព្យុះបូរីស កាលពីសប្តាហ៍មុន៕