អ៊ិឈិកាវ៉ា (ជប៉ុន) ៖ ភ្លៀងធ្លាក់ខ្លាំង នៅទីក្រុងអ៊ិឈិកាវ៉ា (Ichikawa) កណ្តាលប្រទេសជប៉ុន បណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ដោយសាកសពយ៉ាងតិច ៦នាក់ ត្រូវបានរកឃើញ និងមនុស្សជាច្រើននាក់ទៀត បានបាត់ខ្លួន។

នៅថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ប៉ូលិស និងការិយាល័យអគ្គិភ័យក្រុងអ៊ិឈិកាវ៉ា បានឱ្យដឹងថា អាជ្ញាធរបានរកឃើញជនរងគ្រោះ ១០នាក់ នៅក្បែរផ្លូវរូងក្រោមដី ក្នុងក្រុងវ៉ាជិម៉ា (Wajima) ដែលបានជួបប្រទះនឹងការបាក់ដី កាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែពីរនាក់បានស្លាប់ទៅហើយ។ បច្ចុប្បន្នតំបន់ខាងលើ កំពុងជួសជុលស្តារឡើងវិញ បន្ទាប់ពីរងការខូចខាតដោយគ្រោះរញ្ជួយដីដ៏ខ្លាំង នៅថ្ងៃចូលឆ្នាំកន្លងទៅ។ ជាមួយគ្នានេះ នៅក្នុងទីក្រុង វ៉ាជិម៉ា អាជ្ញាធរបានប្រទះឃើញស្ត្រី ២នាក់ ស្លាប់នៅផ្ទះ និងវាលស្រែ ដែលរងទឹកជំនន់ និងការបាក់ដី ។ ទន្ទឹមនឹងនេះដែរ មនុស្សពីរនាក់ ត្រូវបានទឹកទន្លេនៅណូតុ (Noto) និងស៊ុយហ៊្សូ (Suzu) ហូរកួចយកទៅ និងមានមនុស្ស៤នាក់ទៀត បាត់ខ្លួន ខណៈដែលផ្ទះ ចំនួន ៤ នៅតាមបណ្តោយទន្លេវ៉ាជិម៉ា (Wajima) ត្រូវបានបំផ្លាញ។ រដ្ឋភិបាលក្រុងវ៉ាជិម៉ា បានបង្ហាញឈ្មោះអ្នកបាត់ខ្លួន ៨នាក់ ដែលមានអាយុចាប់ពី ១៤-៨៩ឆ្នាំ។

សូមបញ្ជាក់ថា ទីក្រុងវ៉ាជិម៉ា (Wajima) បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងទឹកភ្លៀងជិត ៥០០មិល្លីម៉ែត្រ ដែលបានកត់ត្រាកាលពីយប់ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។ ទន្ទឹមនឹងនោះ ទីក្រុងស៊ុយហ៊្សូ (Suzu) បានទឹកភ្លៀងកម្រិត ៤០០មិល្លីម៉ែត្រ។ចំនួននេះគឺច្រើនជាងទ្វេដងនៃមធ្យមភាគសម្រាប់ខែទាំងមូល នៃខែកញ្ញា ហើយជាចំនួនខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩២៩។

កាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ទីភ្នាក់ងារឧតុនិយមជប៉ុន បានផ្លាស់ប្តូរកម្រិតនៃការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន នៃក្រុងអ៊ិឈិកាវ៉ា ពីការប្រកាសអាសន្ន ទៅជាការព្រមានធម្មតា ប៉ុន្តែអាជ្ញាធរនៅតែជំរុញឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះទឹកជំនន់ និងការបាក់ដី ដែលអាចកើតឡើងជាយថាហេតុ៕ ខៀវទុំ
