ភ្នំពេញ ៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បាននិយាយថា សហរដ្ឋអាមេរិក កំពុងបញ្ជូនទាហានមួយចំនួនតូច ទៅពង្រឹងកងកម្លាំងដែលមានស្រាប់នៅមជ្ឈិមបូព៌ា បន្ទាប់ពីភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូល ឡាហ៍ បានកើនឡើង។
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ថា សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងដំណើរការបញ្ជូនទាហានមួយចំនួនតូច ទៅកាន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងកងទ័ពដែលឈរជើងនៅទីនោះ អំឡុង ពេលមានភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូលឡាហ៍ នៅលីបង់ បានកើនឡើងមិនធ្លាប់មាន ក្នុង រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
លោកឧត្តមសេនីយ៍ ប៉ាទ្រិក រ៉ៃដឺរ (Patrick Ryder) រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បាននិយាយថា “ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា និងប្រុងប្រយ័ត្នបំផុតពីហានិភ័យណាមួយ យើងកំពុងដាក់ពង្រាយកងទ័ពបន្ថែមមួយចំនួនតូច ដើម្បីពង្រឹងកងកម្លាំងដែលឈរជើងរួចហើយនៅមជ្ឈិមបូព៌ា។ ប៉ុន្តែសម្រាប់ហេតុផលសុវត្ថិភាព ខ្ញុំនឹងមិនធ្វើអត្ថាធិប្បាយអ្វីទៀតទេ»។
យ៉ាងណា លោកឧត្តមសេនីយ៍ រ៉ៃដឺរ បានបដិសេធបង្ហាញចំនួនទាហាន ព័ត៌មានអង្គភាពយោធា និងកន្លែងដែលពួកគេត្រូវបញ្ជូនទៅនោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានទាហានរាប់ពាន់នាក់ ឈរជើងនៅតាមទីតាំងផ្សេងៗ ទាំងនៅមជ្ឈិមបូព៌ា និងពង្រឹងកងកម្លាំងនៅភាគខាងកើតមហាសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រនានាបន្ថែមទៀត ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សា ក្នុងនោះរួមបញ្ចូលទាំងនាវាពិឃាត ក្រុមនាវាផ្ទុកយន្តហោះ ដែលដឹកនាំដោយ USS Abraham Lincoln និងយន្តហោះចម្បាំងផងដែរ៕