សហរដ្ឋអាមេរិក ៖ ប្រធានសភាតំណាងសហរដ្ឋអាមេរិក អំពាវនាវឱ្យលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បណ្តេញឯកអគ្គរដ្ឋទូត ក្រោយមកទៀត បានរៀបចំដំណើរទេសចរណ៍រោងចក្រអាវុធនៅរដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania) ដោយអញ្ជើញតែអ្នកប្រជាធិបតេយ្យតែម្ខាង ដែលបង្ហាញពីគោលបំណងនយោបាយ។
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ថា លោក ម៉ៃខ៍ ចនសុន (Mike Johnson) ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អំពាវនាវដល់លោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ការដកតំណែងឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅសហរដ្ឋអាមេរិក បន្ទាប់ពីគណបក្សសាធារណរដ្ឋ បានវាយប្រហារដំណើរទេសចរណ៍របស់លោកហ្សេឡេនស្គី ទៅកាន់រោងចក្រផលិតគ្រាប់រំសេវ នៅរដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania) កាលពីថ្ងៃអាទិត្យ ថាវាមានគោលបំណងនយោបាយ។
ការអំពាវនាវរបស់លោក ចនសុន បានធ្វើឡើងបន្ទាប់ពីលោកហ្សេឡេនស្គី បាននិយាយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មុនពេលលោកធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងថ្លែងសុន្ទរកថានៅមុខសភា នៅអគាររដ្ឋសភា អំពីសង្គ្រាមជាមួយរុស្ស៊ី បន្ទាប់មកលោកនឹងជួបប្រធានាធិបតី ចូ បៃដិន (Joe Biden) នៅសេតវិមាន។
លោក ចនសុន បាននោយាយថា “ដំណើរទស្សនកិច្ចនេះ ច្បាស់ណាស់ជាព្រឹត្តិការណ៍យុទ្ធនាការនយោបាយតែម្ខាង។ វាត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រជាធិបតេយ្យ ហើយវាច្បាស់ជាជ្រៀតជ្រែកក្នុងការបោះឆ្នោត»។លោក ចនសុន បាននិយាយទៅកាន់លោកហ្សេឡេនស្គី បន្ថែមថា គ្មានអ្នកសាធារណរដ្ឋ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងទស្សនកិច្ចដែលរៀបចំដោយលោកស្រី អូកសាណា ម៉ារការ៉ូវ៉ា (Oksana Markarova) ឯកអគ្គរដ្ឋទូតអ៊ុយក្រែន នោះទេ។
មន្ត្រីយោធាអាមេរិក ម្នាក់បានបញ្ជាក់ថា វាគឺជាការអនុវត្តស្តង់ដារក្នុងការអញ្ជើញសមាជិកសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា។ មន្ត្រីដែលចូលរួមក្នុងដំណើរទស្សនកិច្ចនេះ រួមមានអភិបាលរដ្ឋផេនស៊ីលវ៉ានៀ លោក ចន សាពីរ៉ូ (Josh Shapiro) សមាជិកព្រឹទ្ធសភា បប កាសេយ៍ (Bob Casey) និងសមាជិកសភា ម៉ាត់ ខាតរ៉ៃថ៍ (Matt Cartwright) ។ ពួកគេទាំងអស់ជារបស់គណបក្សប្រជាធិបតេយ្យ ហើយរដ្ឋ Scranton គឺជាស្រុកកំណើតរបស់លោកចូ បៃដិន ។
លោក ម៉ៃខ៍ ចនសុន ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក និងសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារ ណរដ្ឋ អះអាងថាលោកហ្សេឡេនស្គី កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីទទួលបានការគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៉ី ពីសហរដ្ឋអាមេរិក ដែលនឹងរៀបចំការបោះឆ្នោតសកល នៅខែវិច្ឆិកា ខាងមុខនេះ។
លោកចូ បៃដិន និងអ្នកប្រជាធិបតេយ្យភាគច្រើន បានឈរក្បែរអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានបើកការវាយ ប្រហាររបស់ខ្លួន ក្នុងឆ្នាំ២០២២ ហើយបានចំណាយប្រាក់ច្រើន លើអាវុធ និងការគាំទ្រ រាប់ពាន់លានដុល្លារ។ ប៉ុន្តែអ្នកសាធារណរដ្ឋ មានទស្សនៈខុសគ្នាទាំងស្រុង។
លោកដូណាល់ ត្រាំ (Donald Trump) ដែលជាបេក្ខភាពប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋបានកាន់ ពាក្យស្លោក “អាមេរិក ទីមួយ” ដែលកំណត់បន្តិចម្តងៗ ការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការបរ ទេស ហើយជារឿយៗ សរសើររុស្ស៊ី និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។
លោក ចនសុន បញ្ជាក់ថា ការគាំទ្រសម្រាប់ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន វានៅតែជាបញ្ហាដែលភាគីទាំង ពីរបានឯកភាពគ្នា។ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេ ជាមួយអ៊ុយក្រែន កំពុងត្រូវបានសាកល្បងដោយមិនចាំបាច់។ យោងទៅតាមការលើកឡើងរបស់រដ្ឋាភិបាលអ៊ុយក្រែន ដែលបានរិះគន់លោកត្រាំ និងលោក ចេមស៍ ដេវីដ វ៉ានស៍ (James David Vance) ដែលជាអនុប្រធានាធិបតីជាប់ឆ្នោត របស់លោកត្រាំ ។
លោកត្រាំ បានវាយប្រហារលោកហ្សេឡេនស្គី យ៉ាងឃោរឃៅ កាលពីថ្ងៃពុធ ហើយថា ប្រជាជនអ៊ុយក្រែន បានស្លាប់ ចំណែកប្រទេសខ្លួនឯង ត្រូវវិនាស បង្កឱ្យមានសំណួរថា តើគាត់នឹងផ្តល់ការគាំទ្រដល់អ៊ុយក្រែន កម្រិតណា? ប្រសិនបើគាត់ក្លាយជាប្រធានាធិបតីម្តងទៀត? លោក ចនសុន បានបញ្ជាក់ថា លោកនឹងមិនជួបលោកហ្សេឡេនស្គី នៅសភាទេ ហើយវាហាក់ដូចជាមេដឹកនាំអ៊ុយក្រែន ក៏នឹងមិនជួបលោកត្រាំ ដូចការរំពឹងទុកផងដែរ៕