Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិឥណ្ឌា បង្កើនជំនួយរាប់ពាន់លានដុល្លារ ជួយស្តារសេដ្ឋកិច្ចម៉ាល់ឌីវ

ឥណ្ឌា បង្កើនជំនួយរាប់ពាន់លានដុល្លារ ជួយស្តារសេដ្ឋកិច្ចម៉ាល់ឌីវ

ប្រទេសឥណ្ឌា ៖ ប្រទេសឥណ្ឌា បានយល់ព្រមពង្រីកជំនួយហិរញ្ញវត្ថុដែលមានតម្លៃរាប់ពាន់លានដុល្លារ ដល់ប្រទេសម៉ាល់ឌីវ ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ថា ប្រទេសម៉ាល់ឌីវ និងឥណ្ឌា បានចុះកិច្ចព្រមព្រៀងជំនួយហិរញ្ញវត្ថុ ដែលមានតម្លៃរាប់រយលានដុល្លារ បន្ទាប់ពីប្រធានាធិបតី ម៉ូហាមម៉េដ មូអ៊ីសហ្ស៊ូ (Mohammed Mouizzou) នៃប្រទេសម៉ាល់ឌីវ បានបំពេញទស្សនកិច្ចរយៈពេលប្រាំថ្ងៃ នៅប្រទេសឥណ្ឌា និងបានជួបពិភាក្សាការងារជាមួយលោកណារេនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីស្តារទំនាក់ទំនងរវាងគ្នាទៅវិញទៅមក។

កិច្ចព្រមព្រៀងនេះ រួមមានកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណដែលមានទឹកប្រាក់ ៤០០លានដុល្លារអាមេរិក ជាមួយនឹងកិច្ចព្រមព្រៀងផ្សេងទៀត ដែលមានចំនួន ៣០ពាន់លានរូពី ដែលនេះនឹងធ្វើឱ្យក្រុមហ៊ុននានា អាចធ្វើអាជីវកម្មជាមួយរូបិយប័ណ្ណក្នុងស្រុក ដោយមិនប្រើប្រាក់ដុល្លារអាមេរិក។ បន្ថែមពីលើកិច្ចព្រមព្រៀងជំនួយហិរញ្ញវត្ថុ ប្រទេសទាំងពីរ ក៏បានយល់ព្រមចាប់ផ្តើមការពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាផងដែរ។

ប្រធានាធិបតីម៉ាល់ឌីវ បានទទួលការស្វាគមន៍លើកម្រាលព្រំក្រហម ពីភាគីឥណ្ឌា បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែយ៉ាប់យ៉ឺន ក្នុងរយៈពេលជាច្រើនខែកន្លងមក។

លោកណារេនដ្រា ម៉ូឌី បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកមូអ៊ីសហ្ស៊ូ គឺជាការចាប់ផ្តើមទំព័រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឥណ្ឌា-ម៉ាល់ឌីវ ។

លោកម៉ូឌី និយាយថា “ឥណ្ឌា នឹងឈរក្បែរ និងផ្តល់ការគាំទ្រជានិច្ចកាល ដើម្បីភាពរីកចម្រើន និងវិបុលភាពរបស់ប្រជាជនម៉ាល់ឌីវ”។

សេចក្តីថ្លែងការណ៍របស់លោក ម៉ូឌី ក៏ដូចជាកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ បានបង្ហាញពីការវិវឌ្ឍន៍យ៉ាងសំខាន់ក្នុងទំនាក់ទំនងម៉ាល់ឌីវ-ឥណ្ឌា ដែលមានភាពយ៉ាប់យ៉ឺន តាំងពីលោក មូអ៊ីសហ្ស៊ូ ឡើងកាន់អំណាច នៅខែវិច្ឆិកា ឆ្នាំ២០២៣។ មិនយូរប៉ុន្មាន បន្ទាប់ពីឡើងកាន់តំណែងប្រធានាធិបតី លោកមូអ៊ីសហ្ស៊ូ បានសម្រេច ចិត្តទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី និងប្រទេសចិន ដែលត្រូវបានគេមើលឃើញថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ប្រទេសឥណ្ឌា ដោយសារអតីតកាល មេដឹកនាំម៉ាល់ឌីវ តែងតែជាប្រទេសដំបូងគេដែលធ្វើទស្សនកិច្ចនៅប្រទេសនេះ បន្ទាប់ពីឡើងកាន់តំណែង។ មន្ត្រីរដ្ឋាភិបាលម៉ាល់ឌីវ មួយចំនួន បានរិះគន់លោកម៉ូឌី នាពេលកន្លងមកផងដែរ។

យ៉ាងណាក៏ដោយ អ្នកវិភាគចាត់ទុកថា បញ្ហាសេដ្ឋកិច្ច បានធ្វើឲ្យប្រទេសម៉ាល់ឌីវ សម្រេចចិត្តស្តារទំនាក់ទំនងជាមួយឥណ្ឌា។ ម៉ាល់ឌីវ បានកើនសងបំណុលសាធារណៈរបស់ខ្លួន បន្ទាប់ពីទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ពួកគេ បានធ្លាក់ចុះមកនៅត្រឹមតែ ៤៤០លានដុល្លារ។

ចៃដន្យ ឥណ្ឌា និងចិន មានជម្លោះព្រំដែន ហើយមានដៃគូប្រកួតប្រជែងសេដ្ឋកិច្ច កាន់តែច្រើនឡើង ប្រការនេះ បានធ្វើឲ្យទំនាក់ទំនងរវាងភាគីទាំងពីរ មិនសូវល្អប៉ុន្មានទេ ក្នុងពេលកន្លងមក។ ម៉ាល់ឌីវ ដែលធ្លាប់ពឹងផ្អែកលើឥណ្ឌា បង្ហាញអាកប្បកិរិយាកាន់តែច្រើន ចំពោះប្រទេសចិន ។ កាលពីខែកុម្ភៈ កន្លងទៅ នាវាស្រាវជ្រាវរបស់ចិន ត្រូវបានអនុញ្ញាតឲ្យចូលចតនៅឆ្នេរសមុទ្រម៉ាល់ឌីវ ធ្វើឱ្យឥណ្ឌា សម្តែងការមិនពេញចិត្ត ខណៈដែលភាគីជាច្រើន ចាត់ទុកការមកដល់របស់ប្រទេសចិន វាជាបេសកកម្មប្រមូលព័ត៌មាន ដែលអាចប្រើក្នុងប្រតិបត្តិការនាវាមុជទឹករបស់យោធាចិន។ លោកមូអ៊ីសហ្ស៊ូ តែងតែបដិសេធថា រដ្ឋាភិបាលរបស់លោក មិនបានងាកមករកចិន ទេ ប៉ុន្តែលោកបញ្ជាក់ថា គោលនយោបាយរបស់លោក គឺ “ម៉ាល់ឌីវ មកមុន” ទោះជាយ៉ាងណាក៏ដោយ ម៉ាល់ឌីវ នៅតែពឹងផ្អែកលើប្រទេសចិន ហើយថ្មីៗនេះ ប្រទេសចិន បានបង្កើនប្រាក់កម្ចីដល់ម៉ាល់ឌីវ ដល់ ១.៣៧ ពាន់លានដុល្លារ៕

RELATED ARTICLES