Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីអាមេរិក-នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សន្ទនាតាមទូរស័ព្ទអំពីការសងសឹកអ៊ីរ៉ង់

ប្រធានាធិបតីអាមេរិក-នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សន្ទនាតាមទូរស័ព្ទអំពីការសងសឹកអ៊ីរ៉ង់

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានសន្ទនាគ្នាតាមទូរស័ព្ទជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ទន្ទឹមនឹងនេះ អ៊ីស្រាអែលកំពុងរៀបចំការវាយប្រហារសងសឹកលើអ៊ីរ៉ង់។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក បេនហ្សាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយគ្នាតាមទូរស័ព្ទ ជាលើកដំបូង នៅថ្ងៃពុធទី០៩ ខែតុលា ឆ្នាំ២០២៤ ដែលគេជឿថា មេដឹកនាំប្រទេសទាំងពីរនេះ និយាយគ្នាអំពីការឆ្លើយតបរបស់អ៊ីស្រាអែល ជុំវិញការវាយប្រហារដោយមីសស៊ីល របស់អ៊ីរ៉ង់កាលពីសប្តាហ៍មុន។

សេតវិមាន បានបញ្ជាក់ថា ការសន្ទនាតាមទូរស័ព្ទ រវាងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក បេនហ្សាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល មានរយៈពេលប្រហែល ៣០នាទី ដែលក្នុងពេលនោះ ក៏មានលោកស្រី កាមេឡា ហាររីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានចូលរួមផងដែរ ហើយភ្លាមៗបន្ទាប់ពីការសន្ទនាបានបញ្ចប់ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាល្លែនថ៍ (Yoav Gallant) បានចេញមកប្រកាសថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ នឹងមានសភាពធ្ងន់ធ្ងរ។

លេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre បានពណ៌នាកិច្ចពិភាក្សារបស់លោក ចូ បៃដិន ជាមួយលោក នេតាន់យ៉ាហ៊ូ ថា “មានភាពស្មោះត្រង់ និងស្ថាបនា”។ ការពិភាក្សាអំពីការវាយប្រហារអ៊ីរ៉ង់ នៅតែបន្ត ហើយសហរដ្ឋអាមេរិក នឹងនៅតែមានជើងហោះហើរសម្រាប់ជនជាតិអាមេរិក នៅលីបង់ ដរាបណាអាកាសយានដ្ឋានសំខាន់នៅទីក្រុងបេរូត នៅតែបើក៕

RELATED ARTICLES