រដ្ឋផ្លរីដា (សហរដ្ឋអាមេរិក) ៖ ព្យុះមីលតុន (Milton) បានចុះខ្សោយដល់ចំណុចដែលលែងជាខ្យល់ព្យុះទៀតហើយ បន្ទាប់ពីវាយប្រហាររដ្ឋផ្លរីដា បណ្តាលឲ្យមនុស្ស ៨នាក់ បានស្លាប់ និងមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ នៅក្នុងទីក្រុងជាច្រើន។

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក (NHC) បានរាយការណ៍ថា ព្យុះមីលតុន (Milton) បានចុះខ្សោយ បន្ទាប់ពីវាបានរំកិលទៅលើច្រាំងនៅភាគខាងលិចរដ្ឋផ្លរីដា (Florida) សហរដ្ឋអា មេរិក ជាខ្យល់ព្យុះប្រភេទទី៣ កាលពីយប់ថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងទឹក ជំនន់ភ្លាមៗនៅតំបន់ជាច្រើន និងបង្កឲ្យមានមនុស្សស្លាប់ ៨នាក់។

NHC បាននិយាយថា ទោះបីជាព្យុះមីលតុន នៅតែមានខ្យល់ព្យុះកម្រិត ៧៥ម៉ែត្រក្នុង១ម៉ោង ក៏ដោយ វាបានបាត់បង់លក្ខណៈនៃព្យុះស៊ីក្លូនត្រូពិក ហើយឥឡូវនេះ ព្យុះមីលតុន ត្រូវបានចាត់ទុកថាជាព្យុះស៊ីក្លូន ក្រោយត្រូពិក។

ទោះបីជាយ៉ាងណា ឥទ្ធិពលរបស់ព្យុះមីលតុន បានបន្តបណ្តាលឱ្យមានព្យុះកំណាចបោកបក់មកលើច្រាំង នៅតំបន់ខ្លះនៃឆ្នេរសមុទ្រភាគអាគ្នេយ៍ ទោះបីជាព្យុះកំពុងរំកិលទៅមុខឆ្ងាយក៏ដោយ ។
ការមកដល់នៃព្យុះហឺរីកែន មីលតុន (Hurricane Milton) នៅយប់ថ្ងៃទី០៩ ខែតុលា នេះ បណ្តាលឱ្យអាជ្ញាធររដ្ឋផ្លរីដា ចេញការព្រមានអំពីព្យុះកំបុតត្បូង នៅក្នុងតំបន់ជាង១០០ ក្នុងមួយថ្ងៃ រហូតដល់វាក្លាយជាកំណត់ត្រាថ្មី។ លើសពីនេះ វាបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ស្ទើទូទាំងរដ្ឋ។ ជាពិសេសនៅតំបន់ទីប្រជុំជននៃទីក្រុងតែមប៉ា (Tampa) ជាមួយទីក្រុង សេនថ៍ ភីធឺរបឺក (St. Petersburg) ដែលនឹងកើតឡើងម្តងក្នុងរយៈពេល ១០០០ឆ្នាំ។

អភិបាលរដ្ឋផ្លរីដា លោក រ៉ុន ដេសានទីស (Ron DeSantis) បាននិយាយថា «ព្យុះហឺរីកែន មីលតុន ទទួល ខុសត្រូវចំពោះការស្លាប់មនុស្សចំនួន ៥នាក់ នៅក្នុង St. Lucie County ដែលក្នុងនោះមាន ៤នាក់ បានស្លាប់ដោយសារខ្យល់ព្យុះ ចំណែកមូលហេតុនៃការស្លាប់របស់មនុស្សម្នាក់ទៀត នៅមិនទាន់ដឹងនៅឡើយ។

ទន្ទឹមនឹងនោះ លោក តូនី ហូលឡូអែប (Tony Holloaeb) មេប៉ូលិសតំបន់សេនថ៍ លូស៊ី ខោនធី បាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណអ្នកស្លាប់ដែលទាក់ទងនឹងព្យុះមីលតុន Milton ពីរនាក់ ដែលម្នាក់ ជាបុគ្គលិកពេទ្យ ម្នាក់ទៀតត្រូវបានរកឃើញនៅក្នុងឧទ្យានមួយ។ ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់ថា មូលហេតុនៃការស្លាប់ ដោយសារអ្វីនោះទេ។ មនុស្សម្នាក់ បានស្លាប់នៅឆ្នេរអ័រម៉ុនដ៍ (Ormond) ក្នុងតំបន់ វ៉ូលូស៊ា(Volusia) បន្ទាប់ពីដើមឈើមួយដើម បានរលំលើដំបូលផ្ទះមួយខ្នង។

នៅតំបន់ហ្វត ម៉ៃយឺរស៍ (Fort Myers) ការខូចខាតបានចាប់ផ្តើមត្រូវបានសម្អាត បន្ទាប់ពីឥទ្ធិពលព្យុះមីលតុន វាយប្រហារទីក្រុង ដំបូលនិងរបងផ្ទះជាច្រើន ត្រូវបានបាក់បែករហែកខូចខាត ។ ជាមួួគ្នានេះ ប្រឈមមុខនឹងទឹកជំនន់ភ្លាមៗ មនុស្សជាង ៥០០នាក់ បានជាប់គាំងហើយត្រូវជួយសង្គ្រោះដោយមន្ត្រីជំនាញ។ ព្យុះមីលតុន ក៏បណ្តាលឱ្យបង្គោលភ្លើងជាច្រើន ដួលរលំ រហូតដល់ដាច់ភ្លើង ប៉ះពាល់ដល់មនុស្សជាង ៣លាននាក់ នៅក្នុងរដ្ឋផ្លរីដា គ្មានភ្លើងអគ្គិសនីប្រើប្រាស់ ខណៈដែលអាកាសយានដ្ឋានជាច្រើន នៅក្នុងរដ្ឋផ្លរីដា បានចាប់ផ្តើមបើកឡើងវិញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤៕
