Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិចិន បញ្ចប់សមយុទ្ធយោធាដ៏ធំ ព្រ---/មានកោះតៃវ៉ាន់

ចិន បញ្ចប់សមយុទ្ធយោធាដ៏ធំ ព្រ—/មានកោះតៃវ៉ាន់

ប្រទេសចិន ៖ ប្រទេសចិន បានបញ្ចប់សមយុទ្ធយោធាដ៏ធំ នៅជុំវិញកោះតៃវ៉ាន់ ខណៈមន្ត្រីយោធាចិន បានបញ្ជាក់ថា ពួកគេនឹងមិនច្រានចោលលទ្ធភាពនៃការប្រើកម្លាំងដើម្បីដណ្តើមយកកោះតៃវ៉ាន់ នោះឡើយ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ថា  ចិន បានបញ្ចប់សមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ដែលពួកគេបាននិយាយ ជាការបញ្ជូនសញ្ញាព្រមានធ្ងន់ដល់តៃវ៉ាន់។

ចិន បានចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ដែលថ្ងៃណាមួយនឹងត្រូវបង្រួបបង្រួមគ្នាម្តងទៀត ។ ចិន បានបញ្ជូនយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក នាវាចម្បាំង និងនាវាឆ្មាំសមុទ្រ ធ្វើសមយុទ្ធយោធានៅដែនទឹក ជុំវិញកោះតៃវ៉ាន់ តាំងពីព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ នេះជាសមយុទ្ធយោធាទ្រង់ទ្រាយធំលើកទី៤ ក្នុងរយៈពេលជាង២ឆ្នាំ។

ប្រទេសចិន បានប្រកាសបញ្ចប់សមយុទ្ធយោធា នៅម៉ោងប្រហែល ៦:០០នាទីល្ងាច ម៉ោងក្នុងតំបន់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ប្រហែល ១៣ម៉ោង បន្ទាប់ពីសមយុទ្ធបានចាប់ផ្តើម។

លោក វូ ឈាន (Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយបន្ទាប់ពីបញ្ចប់សមយុទ្ធយោធា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ថា «យើងចង់បានការបង្រួបបង្រួមដោយសន្តិវិធីដោយស្មោះ។ ប៉ុន្តែយើងនឹងមិនប្ដេជ្ញាលុបបំបាត់លទ្ធភាពនៃការប្រើកម្លាំងឡើយ ហើយនឹងមិនបើកតំបន់ណាមួយឡើយ។

ចំណែកលោក លី ស៊ី (Li Xi) អ្នកនាំពាក្យយោធាចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធចុងក្រោយនេះ មានរហស្សនាមថា “Joint Sword-2024B” ជាការសាកល្បងសមត្ថភាពយោធារួមរបស់ខ្លួន។ភាគីជាច្រើនគិតថា សមយុទ្ធរបស់ចិន គឺជាការដាក់ទណ្ឌកម្មចំពោះការប្រកាសដោយប្រធានាធិបតី ឡៃ ឈីងតឺ នៃកោះតៃវ៉ាន់ ក្នុងអំឡុងសុន្ទរកថារបស់លោក នៅថ្ងៃបុណ្យជាតិរបស់តៃវ៉ាន់ កាលពីសប្តាហ៍មុន បាននិ យាយថា វាមិនអាចទៅរួចទេ ដែលប្រទេសចិន នឹងក្លាយជាមាតុភូមិរបស់តៃវ៉ាន់ ព្រោះរដ្ឋាភិបាលតៃវ៉ាន់ ចាស់ជាងរដ្ឋាភិបាលចិន។

លោកឡៃ ឈីងតឺ បានចូលកាន់តំណែងប្រធានាធិបតីកោះតៃវ៉ាន់ នៅខែឧសភា ហើយជារឿយៗ លោកបាននិយាយអំពីការការពារអធិបតេយ្យរបស់តៃវ៉ាន់ ដោយលោកបាននិយាយចំៗជាងលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ប្រធានាធិបតីមុនទៅទៀត ធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង មិនពេញចិត្ត ហើយហៅគាត់ថាជាអ្នកផ្តាច់ខ្លួន។ លោក ឡៃ ឈីងតឺ បានប្រកាសនៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ ថា នឹងការពារលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ និងការពារសន្តិសុខជាតិ ខណៈក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា ពួកគេបានពង្រាយកម្លាំងសមស្រប ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារបស់ចិន៕

RELATED ARTICLES