Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិសភាវៀតណាម បោះឆ្នោតជ្រើសរើសលោកលួង គួង ជាប្រធានាធិបតីថ្មីវៀតណាម

សភាវៀតណាម បោះឆ្នោតជ្រើសរើសលោកលួង គួង ជាប្រធានាធិបតីថ្មីវៀតណាម

ហាណូយ (វៀតណាម) ៖ សភាវៀតណាម បានបោះឆ្នោតជ្រើសរើសលោកឧត្តមសេនីយ៍ លួង គួង (Luong Cuong) ជាប្រធានាធិបតីថ្មី។

កិច្ចប្រជុំសភាវៀតណាម មានការសម្រេចជាឯកច្ឆន្ទ ក្នុងការបោះឆ្នោតជ្រើសរើសលោកឧត្តមសេនីយ៍ លួង គួង ជាប្រធានរដ្ឋ ឬប្រធានាធិបតីថ្មី។ លោកត្រូវបានគេចាត់ទុកជាបុគ្គលទី៤ហើយ ដែលកាន់តំណែងនេះ ក្នុងរយៈពេល១៨ខែ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សភាវៀតណាម បានបើកកិច្ចប្រជុំ ដោយមានការសម្រេចចិត្តជាឯកច្ឆន្ទក្នុងការជ្រើសរើសលោកឧត្តមសេនីយ៍ លួង គួង (Luong Cuong) នៃកងទ័ពវៀតណាម ជាប្រធានាធិបតីថ្មី ជំនួសលោក តូ ឡឹម (To Lam) ដែលត្រូវបានជ្រើសរើសជាប្រធានាធិបតីកាលពីខែឧសភា និងត្រូវបានតែងតាំងឱ្យកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលជាតំណែងដ៏មានឥទ្ធិពលជាង ក្នុងខែកក្កដា ក្រោយមរណភាពរបស់លោកង្វៀន ភូជុង (Nguyen Phu Trong) អតីតអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ។

លោកឧត្តមសេនីយ៍ លួង គួង អាយុ៦៧ឆ្នាំ បានថ្លែងសុន្ទរកថាក្នុងពិធីស្បថចូលកាន់តំណែង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថានឹងបង្កើនសមត្ថភាពរបស់កងទ័ព ដើម្បីការពារសន្តិសុខជាតិ និងអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ត្រូវគ្នាជាមួយគ្រប់ភាគី។ ការផ្លាស់ប្តូរមួយផ្សេងទៀតនៅក្នុងការដឹកនាំរបស់ប្រទេសវៀត ណាម នឹងកើតឡើងនៅឆ្នាំ២០២៦ នៅពេលដែលមេដឹកនាំកំពូល ផុតអាណត្តិរយៈពេលប្រាំឆ្នាំ របស់ពួកគេម្តង ទៀត ក្នុងរយៈពេលពីរឆ្នាំខាងមុខ៕

RELATED ARTICLES