Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិកោះខាម កោះឯកជនដ៏ស្រស់ស្អាត ប្រកាសលក់ ជាង៥៣លានដុល្លារ 

កោះខាម កោះឯកជនដ៏ស្រស់ស្អាត ប្រកាសលក់ ជាង៥៣លានដុល្លារ 

ខេត្តត្រាត (ថៃ) ៖ កោះខាម ដែលជាកោះឯកជនមួយ ដ៏ស្រស់ស្អាត ស្ថិតនៅក្នុងខេត្តត្រាត ប្រទេសថៃ ត្រូវបានប្រកាសដាក់លក់ ក្នុងតម្លៃ ១៨០០លានបាត (ប្រមាណ ៥៣ ៥៨០ ៩៩៦ដុល្លារអាមេរិក)។

កោះខាម ឬកោះខាំ មានផ្ទៃដីប្រហែល ១០រ៉ៃ (១,៦ហិកតារ)  ជាកោះដ៏ស្រស់ស្អាតបំផុត ជាប់ចំណាត់ថ្នាក់កំពូលទាំង១០ របស់ប្រទេសថៃ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បណ្តាញព័ត៌មានថៃ ជាច្រើន បានរាយការណ៍ថា  កោះខាម ស្ថិតនៅក្នុងខេត្ត ត្រាត ប្រទេសថៃ ត្រូវបានប្រកាសដាក់លក់តាមបណ្តាញសង្គម ក្នុងតម្លៃ ១៨០០លានបាត (ប្រមាណ ៥៣ ៥៨០ ៩៩៦ដុល្លារអាមេរិក)។

តាមប្រភពគ្រុបបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ «ក្រុមលក់ផ្ទះប្រណិត» បានប្រកាសថា “លក់ជាកោះឯកជន លក់កោះខាម ជាកោះដ៏ស្រស់ស្អាត ជាប់ចំណាត់ថ្នាក់លេខ១០ នៃប្រទេស និងជាកោះដែលស្អាតជាងគេក្នុងខេត្តត្រាត។ ជាមួយនឹងរមណីយដ្ឋានមួយ ដែលកំពុងសាងសង់ ហើយបានឈប់សាងសង់ អាចបន្តសម្រាប់មនុស្សជួល»។

ប្រភពដដែល បន្តថា កោះនេះ មានមតិជាច្រើនថា ស្អាត ឯកជនភាព សមុទ្រស្អាត ទឹកថ្លា ខ្សាច់ស និងមានថ្មភ្នំភ្លើង។

កោះខាម មានទំហំប្រហែល ១០រ៉ៃ ជាកម្មសិទ្ធិរបស់បុគ្គល ស្ថិតនៅចម្ងាយពីឆ្នេរសមុទ្រឡែមង៉ប ខេត្តត្រាត ប្រ ហែល ៣៥គីឡូម៉ែត្រ ជិតកោះម៉ាក (កោះស្លា) ដែលមានទីតាំងនៅខាងត្បូង ផ្នែកខាងលិច នៃកោះស្លា មានចម្ងាយត្រឹមតែ ១គីឡូម៉ែត្រប៉ុណ្ណោះ។

អ្នកអាចធ្វើដំណើរតាមទូកល្បឿនលឿន ត្រឹមតែ ៣០-៤០ នាទីប៉ុណ្ណោះ។ ចំណុចលេចធ្លោនៃកោះខាម ក្រៅពីលក្ខខណ្ឌធម្មជាតិដ៏ស្រស់ស្អាតរបស់វា មានឆ្នេរខ្សាច់សស្អាត លាតសន្ធឹងជាង ៣០០ម៉ែត្រ។

កោះខាម ជាកោះរណបមួយ ក្នុងចំណោមកោះទាំង៩ របស់កោះម៉ាក ឬកោះស្លា ដែលត្រូវបានអ្នកទេសចរដាក់រហស្សនាមថា កោះម៉ាក ឬកោះស្លា ជា “ត្បូងមរកតនៃសមុទ្រត្រាត” ជាមួយនឹងរូបរាងនៃកោះមួយដែលមានទឹកសមុទ្រថ្លា ពណ៌បៃតងដូចត្បូងមរកត។ ឆ្នេរគឺនៅជ្រុងខាងកើត និងខាងត្បូង ហើយមានប្រវែងប្រហែល ៣០០ម៉ែត្រ ។ នៅម្ខាងទៀត មានភ្នំ និងច្រាំងថ្ម។ មានរមណីយដ្ឋានដែលកំពុងសាងសង់ និងឈប់សាងសង់។ មានក្រុមថ្មភ្នំភ្លើងជាជួរ ដូចចម្លាក់ធម្មជាតិ ដែលមានទីតាំងនៅឆ្នេរខ្សាច់សក្បុស នៅត្រើយខាងកើត។

កោះខាម មានឆ្នេរខ្សាច់សក្បុស និងថ្មភ្នំភ្លើងខ្មៅ ធ្វើឱ្យវាក្លាយជាកោះឯកជនតែមួយគត់។ កន្លែងតែមួយគត់ដែលមានអច្ឆរិយធម្មជាតិដ៏អស្ចារ្យបំផុត ដែលគួរឲ្យចង់ស្នាក់នៅ ទស្សនា និងកម្សាន្តបំផុត។

ប្រភពខាងលើ បានប្រកាសតម្លៃលក់កោះឯកជននេះ គឺ ១៨០០លានបាត (ប្រមាណ ៥៣ ៥៨០ ៩៩៦ដុល្លារអាមេរិក)៕ ខៀវទុំ

RELATED ARTICLES