Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិចូ បៃដិន ច្រានចោលការចោទថា ហៅអ្នកគាំទ្រដូណាល់ ត្រាំ ជាសំ.../រាម

ចូ បៃដិន ច្រានចោលការចោទថា ហៅអ្នកគាំទ្រដូណាល់ ត្រាំ ជាសំ…/រាម

ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ច្រានចោលការចោទប្រកាន់ថា លោកបានហៅអ្នកគាំទ្រលោកដូណាល់ ត្រាំ ថាជាសំរាម ក្នុងយុទ្ធនាការបោះឆ្នោតសប្តាហ៍ចុងក្រោយ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងត្រូវបានចោទប្រកាន់ ថាបានហៅអ្នកគាំទ្រលោក ដូណាល់ ត្រាំ (Donald Trump) ថាជាសំរាម ។

លោក ចូ បៃដិន បានបំភ្លឺតាមបណ្តាញសង្គម កាលពីថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ថា វាជាការបកស្រាយមិនត្រឹមត្រូវនៃពាក្យរបស់លោក។

គួរបញ្ជាក់ថា មុននេះ នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុមនិយាយភាសាអេស្ប៉ាញ “Voto Latino” កាលពីថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤  លោក  ចូ បៃដិន បានបញ្ចេញយោបល់របស់លោកចំពោះរឿងដែលលោក តូនី ហ៊ីនគ្លីហ្វហ្វ៍ (Tony Hinchcliffe) តារាកំប្លែងដ៏ល្បី ហៅពើរតូរីកូ ថា “កោះសំរាមអណ្តែតទឹក” នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ (Donald Trump) នៅ Madison Square Garden ក្នុងទីក្រុងញូវយ៉ក។

លោក ចូ បៃដិន បាននិយាយថា “សំរាមតែមួយគត់ដែលខ្ញុំឃើញអណ្តែតជុំវិញ គឺអ្នកគាំទ្ររបស់គាត់។ ការដាក់ការលាបពណ៌ជនជាតិឡាទីន ឲ្យអាក្រក់របស់គាត់ ជារឿងគ្មានសមានចិត្ត ហើយមិនមែនជនជាតិអាមេរិកទេ វាផ្ទុយពីអ្វីគ្រប់យ៉ាងដែលយើងធ្លាប់ធ្វើ និងអ្វីៗទាំងអស់ដែលជាយើង”។

សម្ដីរបស់លោក ចូ បៃដិន បានក្លាយជាបញ្ហាភ្លាមៗ ដោយអ្នកគាំទ្រលោកដូណាល់ ត្រាំ ជាច្រើន បានចោទ ប្រកាន់ប្រធានាធិបតីអាមេរិក ថាបានហៅអ្នកគាំទ្រលោកត្រាំ ថាជាសំរាម។ ប៉ុន្តែអ្នកនាំពាក្យសេតវិមាន លោកអែនឌ្រូវ បេតស៍ (Andrew Bates) បានបញ្ជាក់ថា លោក ចូ បៃដិន បាននិយាយពីអ្វីដែលបានកើតឡើងក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនៅ Madison Square Garden នោះ មិនសំដៅលើអ្នកគាំទ្រលោកដូណាល់ ត្រាំ នោះទេ។

រឿងអាស្រូវ របស់លោក ចូ បៃដិន កើតឡើងនៅពេលដែលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ឈានចូលដល់សប្តាហ៍ចុងក្រោយ ខណៈដែលការវាយតម្លៃទៅលើភាគីទាំងពីរ នៅមានភាពប្រកៀកប្រកិតគ្នាខ្លាំង ពិបាកក្នុងការប្រាប់ថាអ្នកណានឹងឈ្នះនៅទីបញ្ចប់ បើទោះជាមុននេះ មានការស្ទង់មតិចុង ក្រោយ ដែលធ្វើឡើងដោយ CBS News/YouGov កាលពីថ្ងៃអាទិត្យ  ទី២៧ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញថា បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ គឺលោកស្រី កាម៉ាឡា ហាររីស (Kamala Harris) បាននាំមុខគូប្រជែងរបស់លោកស្រី គឺលោក ដូណាល់ ត្រាំ (Donald Trump)  មកពីគណបក្សសាធារណរដ្ឋ ៥០ ពិន្ទុ ទល់នឹង ៤៩ពិន្ទុ ក៏ដោយ៕

RELATED ARTICLES