វ៉ាឡេនស្យ៉ា (អេស្បាញ) ៖ ប្រទេសអេស្ប៉ាញ កំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈ ពេលជាង ៥០ឆ្នាំ ដោយចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៩៥នាក់ ហើយមនុស្សរាប់សិបនាក់ នៅតែបាត់ខ្លួន គិតត្រឹមរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ បានបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗនៅភាគខាងកើតប្រទេសអេស្ប៉ាញ ជាពិសេសនៅក្នុងតំបន់វ៉ាឡេនស្យ៉ា (Valencia) ដែលរងផលប៉ះពាល់ខ្លាំងបំផុត។ ស្ពានជាច្រើន ត្រូវបានកាត់ផ្តាច់ មនុស្សត្រូវរត់គេចខ្លួន ឡើងលើដំបូលផ្ទះ ឬឡើងលើដើមឈើ ដើម្បីរង់ចាំជំនួយ។

ប្រធានាធិបតី ផេដ្រូ សានឆេស (Pedro Sanchez) នៃប្រទេសអេស្ប៉ាញ បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ សម្រាប់ជនរងគ្រោះ និងបានជំរុញឱ្យប្រជាជន មានការប្រុងប្រយ័ត្ន និងប្តេជ្ញាថា រដ្ឋាភិបាល នឹងស្តារឡើងវិញនូវការខូចខាតទាំងអស់។
លោកប្រធានាធិបតី បានថ្លែងងថា “ជនអេស្ប៉ាញទាំងអស់ យំជាមួយអ្នក… យើងនឹងមិនបោះបង់ចោលអ្នកទេ” ។

ទឹកជំនន់ ដែលកំពុងតែកើតឡើងក្នុងប្រទេសអេស្ប៉ាញ នាពេលនេះ បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ៩៥នាក់ ដែលធ្វើឱ្យវាក្លាយជាទឹកជំនន់ដែលបណ្តាលឱ្យមនុស្សស្លាប់ច្រើន ចាប់តាំងពីទឹកជំនន់ដ៏ធំ ក្នុងឆ្នាំ១៩៧៣ ដែលបានបណ្តាលឱ្យមានជនរងគ្រោះ មិនតិចជាង ១៥០នាក់ បន្ទាប់ពីទឹកជំនន់បានកើតឡើងនៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេស។
រដ្ឋាភិបាល បានព្រមានថា ចំនួនអ្នកស្លាប់ អាចកើនឡើងបន្ថែមទៀត ព្រោះនៅមានមនុស្សជាច្រើនទៀតដែលបានបាត់ខ្លួន។

ទីក្រុងមួយចំនួន ដូចជា វ៉ាឡេនស្យ៉ា (Valencia) ទីក្រុងទូរីស (Turis) , ទីក្រុងឈីហួហួ (Chihuahua) និងទីក្រុងប។ប៊ូណុល (Bunol) បានជួបប្រទះភ្លៀងជាង ៤០០មិល្លីម៉ែត្រ ដែលនេះគឺស្មើនឹងទឹកភ្លៀងដែលធ្លាក់ពេញមួយឆ្នាំ ក្នុងស្ថានភាពធម្មតា បណ្តាលឱ្យការិយាល័យអាកាសធាតុ AEMET ប្រកាសការជូនដំណឹងពណ៌ក្រហម កាលពីថ្ងៃអង្គារ មុននឹងធ្លាក់ចុះមកជាពណ៌លឿង នៅពេលក្រោយពេលភ្លៀងធ្លាក់។
សេវាសង្គ្រោះបន្ទាន់ និងទាហានជាង ១០០០នាក់ បានប្រញាប់ប្រញាល់ចេញទៅជួយជនរងគ្រោះ នៅព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ប៉ុន្តែតំបន់ខ្លះនៅតែមិនអាចចូលបានទាំងស្រុង។

ទោះយ៉ាងណាក៏ដោយ មានការចោទប្រកាន់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអេស្ប៉ាញ ថាមន្ត្រីសង្គ្រោះ បានចេញការព្រមានយឺតពេល ដែលកត្តានេះបានធ្វើឲ្យមនុស្សមិនអាចគេចចេញពីផ្លូវ និងឡើងទៅកាន់ទីទួលខ្ពស់បាន។
ព័ត៌មានបញ្ជាក់ថា ការិយាល័យការពារជនស៊ីវិល មិនបានចេញការជូនដំណឹង រហូតដល់ម៉ោង ៨និង១៥នាទីយប់ ថ្ងៃអង្គារ ទី២៩ ឃែតុលា ។ ទីក្រុងស៊ីវ៉ា (Shiva) និងទីក្រុងមួយចំនួនទៀតត្រូវបានជន់លិចអស់រយៈពេលពីរម៉ោង។ រដ្ឋាភិបាល បានដាក់ចេញយុទ្ធនាការសង្គ្រោះបន្ទាន់ ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិនេះ៕