ប៊ិញឌុង (វៀតណាម) ៖ តុលាការវៀតណាម បានកាត់ទោសជនជាប់ចោទ ៦នាក់ ក្នុងនោះមានប៉ូលិស ៤នាក់ ពីបទឧក្រិដ្ឋកម្មទាក់ទិននឹងភ្លើងឆេះហាងខារ៉ាអូខេមួយ កាលពី២ឆ្នាំមុន ដែលបណ្តាលឱ្យមនុស្ស ៣២នាក់ បានស្លាប់ ។
នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ តុលាការនៅខេត្តប៊ិញឌុង (Binh Duong) ភាគខាងត្បូងប្រទេសវៀត ណាម បានកាត់ទោសម្ចាស់ហាងខារ៉ាអូខេ ម្នាក់ ឱ្យជាប់ពន្ធនាគារ និងមន្ត្រីប៉ូលិស ៤នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទល្មើសស្តង់ដារការពារអគ្គិភ័យ និងការធ្វេសប្រហែស នៅឆ្នាំ២០២២ មានករណីឆេះហាងខារ៉ាអូខេ យីហោ «KARAOKE» បណ្ដាលឱ្យមនុស្សស្លាប់ ៣២នាក់ ។
ម្ចាស់ហាងខារ៉ាអូខេ ឈ្មោះឡេ អាញ់សួន (Le Anh Xuan) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៨ឆ្នាំ មេការហាងខារ៉ាអូខេ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ចំនួន ៥ឆ្នាំ និងប៉ូលិស ៤នាក់ ក៏ត្រូវបាន ក៏ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ៤ ទៅ ៧ឆ្នាំកន្លះ។
ពាក្យចុងក្រោយរបស់លោក ឡេ អាញ់សួន ក្នុងសវនាការកាលពីសប្តាហ៍មុន លោកបានសុំទោសជនរងគ្រោះ និងក្រុមគ្រួសារ ដោយទទួលស្គាល់ថា “កំហុសរបស់ខ្ញុំ បានធ្វើឱ្យមានការបាត់បង់យ៉ាងច្រើន”។
គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយ បានឆាបឆេះនៅជាន់ទី២ នៃអគារខារ៉ាអូខេមួយ យីហោ «KARAOKE» ដែលមាន ៣០បន្ទប់ ស្ថិតក្នុងខេត្តប៊ិញឌុង (Binh Duong) ប្រទេសវៀតណាម ដោយបានជាប់គាំងអតិថិជននិងបុគ្គលិកជាច្រើននៅខាងក្នុង។ ទន្ទឹមនឹងនោះ ផ្សែងហុយយ៉ាងក្រាស់គ្របលើជណ្ដើរ និងរារាំងផ្លូវរត់គេចពីភ្លើង បណ្តាលឲ្យមនុស្សជាច្រើន បានសម្រេចចិត្តលោតពីលើអគារ ដើម្បីគេចពីភ្លើង។ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះហាងខារ៉ាអូខេនេះ មានចំនួន ៣២នាក់ ក្នុងនោះបុរស ១៧នាក់ និងស្ត្រី ១៥នាក់ ៕