អង់គ្លេស ៖ ចក្រភពអង់គ្លេស បានរកឃើញករណីគ្រុនអុតស្វា ប្រភេទថ្មី ទីមួយ ក្នុងប្រទេស ដែលជាអ្នកទើបតែត្រលប់មកពីអាហ្វ្រិក ហើយឥឡូវនេះ អ្នកជំងឺកំពុងទទួលការព្យាបាល។
នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបង្ហាញថា ពួកគេបានរកឃើញមនុស្សម្នាក់ ឆ្លងមេរោគ “អុតស្វា” (Mpox) ប្រភេទថ្មី។ វាជាករណីអុតស្វា ដំបូងគេក្នុងប្រ ទេសអង់គ្លេស ប៉ុន្តែបញ្ជាក់ថា វាជាហានិភ័យដល់ពលរដ្ឋផ្សេងទៀត។
មេរោគអុតស្វា (Mpox) ថ្មីដែលត្រូវបានគេស្គាល់ថា clade 1b គឺជាកូនចៅនៃពូជ clade 1 ដែលត្រូវបានរកឃើញដំបូង កាលពីខែកញ្ញា ឆ្នាំមុន នៅក្នុងទ្វីបអាហ្រ្វិក ដែលជាកន្លែងមានការវិវត្តយ៉ាងឆាប់រហ័ស ដោយ សារតែការរីករាលដាលយ៉ាងខ្លាំងនៃជំងឺអុតស្វា ដែលអង្គការសុខភាពពិភពលោក បានប្រកាសថា វាជាជំងឺដែលគំរាមកំហែងសុខភាពសាធារណៈសកល កាលពីខែសីហា កន្លងទៅ។
UKHSA បញ្ជាក់ថា អ្នកជំងឺត្រូវបានរកឃើញនៅចក្រភពអង់គ្លេស ថ្មីៗនេះ បានធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកមួយ មុនពេលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺអុតស្វា នៅពេលនៅទីក្រុងឡុងដ៍។ អ្នកជំងឺរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកទេស ហើយមន្ត្រីកំពុងតាមដានយ៉ាងជិតស្និទ្ធថា តើមានការរីករាលដាលនៃការឆ្លងមេរោគអុតស្វា នេះឬអត់?
មេរោគ Clade 1B បច្ចុប្បន្នកំពុងរីករាលដាលជាចម្បង នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) វាត្រូវបានគេរកឃើញនៅក្នុងប្រទេសអាហ្រ្វិក ផ្សេងទៀត រួមទាំងប្រទេសប៊ូរុនឌី រវ៉ាន់ដា អ៊ូហ្គង់ដា និងកែនយ៉ា មុនពេលករណីដំបូងត្រូវបានរាយការណ៍នៅក្នុងប្រទេសស៊ុយអែត ឥណ្ឌា និងប្រទេសអាល្លឺម៉ង់ ដែលករណីស្ទើរតែទាំងអស់ បានធ្វើដំណើរពីប្រទេសអាហ្វ្រិក៕