វ៉ាឡេនស្យ៉ា ៖ ជនរងគ្រោះដោយទឹកជំនន់ នៅក្នុងប្រទេសអេស្ប៉ាញ បានកើនឡើងដល់យ៉ាងតិច ១៥៨នាក់ ។ ក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកអ្នកបាត់ខ្លួន។ ជាមួយគ្នានេះ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៣៩នាក់ ដែលបានទាញយកផលប្រយោជន៍ពីចោរកម្ម ក្នុងអំឡុងពេលគ្រោះទឹកជំនន់។
តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៤ ថា ចំនួនអ្នកស្លាប់ដោ យសារទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេសអេស្ប៉ាញ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បានកើនឡើងដល់យ៉ាងតិច ១៥៨នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីតំបន់ភាគខាងកើត និងភាគ ខាងត្បូង នៃប្រទេស មានការភ្លៀងធ្លាក់ខ្លាំង ស្មើនឹង១ឆ្នាំ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
សាកសព ១៥៥នាក់ ត្រូវបានរកឃើញនៅតំបន់ភាគខាងកើតដែលរងគ្រោះខ្លាំងបំផុត នៃទីក្រុងវ៉ាឡេនស្យ៉ា (Valencia) ផ្លូវនិងផ្លូវដែកជាច្រើន ត្រូវបានខូចខាត និងមានការបាក់ច្រាំងទន្លេបណ្ដាលឱ្យទឹកជន់លិច។ មនុស្សរាប់ពាន់គ្រួសារ គ្មានអគ្គិសនី និងទឹកប្រើប្រាស់។ ចំណែកសាកសព ២ផ្សេងទៀត ត្រូវបានរកឃើញនៅក្នុងតំបន់ Castilla-La Mancha ហើយបុរសជនជាតិអង់គ្លេសម្នាក់ បានស្លាប់នៅក្នុងតំបន់ស្វយ័ត Andalusia ។
ទីក្រុងវ៉ាឡេនស្យ៉ា (Valencia) ត្រូវបានគ្របដណ្តប់ដោយភក់ បន្ទាប់ពីប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរ ។ នៅភាគខាងកើត និងភាគខាងត្បូង នៃប្រទេសអេស្ប៉ាញ ជាធម្មតាមានភ្លៀងធ្លាក់នៅរដូវស្លឹកឈើជ្រុះ ប៉ុន្តែឆ្នាំនេះ ភ្លៀងធ្លាក់ខ្លាំងខុសពីមុន។ តំបន់វ៉ាឡេនស្យ៉ា (Valencia) បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល ២៨ឆ្នាំ ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ជាច្រើន រួមទាំងនៅវ៉ាឡេនស្យ៉ា ទីរួមខេត្ត និងបណ្តា លឱ្យមនុស្សស្លាប់រហូតដល់៤០នាក់ ។
សេវាកម្មរថភ្លើង នៅវ៉ាឡេនស្យ៉ា ត្រូវបានផ្អាក សាលារៀន សារមន្ទីរ និងបណ្ណាល័យសាធារណៈ ត្រូវបានផ្អាក។ ប្រតិបត្តិការទាំងអស់ ត្រូវបានបិទ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤។
ទឹកជំនន់ ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងទីក្រុងមួយចំនួន នៅក្នុងតំបន់មឺរស្យ៉ា (Murcia) ភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញ និងភាគខាងត្បូងនៃវ៉ាឡេនស្យ៉ា ជាមួយទីក្រុងម៉ាឡាហ្គា ( Malaga) បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង កម្រិតទឹកច្រើនជាង ១០០មិល្លីម៉ែត្រ ត្រូវបានវាស់នៅតំបន់ខ្លះ ក្នុងទីក្រុងម៉ាឡាហ្គា។ បុរសជនជាតិអង់គ្លេស អាយុ ៧១ឆ្នាំម្នាក់ ត្រូវបានរកឃើញថាស្លាប់ដោយសារការចុះត្រជាក់។
រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះ កំពុងព្យាយាមជួយជនរងគ្រោះ នៅតាមទីក្រុងនានា។ ទាហានជាង ១០០០នាក់ ត្រូវបានបញ្ជូនទៅជួយសង្គ្រោះ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោក ម៉ារហ្គារីតា រ៉ូបល (Margarita Robles) បាននិយាយថា តំបន់ខ្លះ អាចទៅដល់បានដោយឧទ្ធម្ភាគចក្រប៉ុណ្ណោះ ធ្វើឱ្យការជួយសង្គ្រោះ ពិបាក។ លោកខារឡូស ម៉ាហ្សូន (Carlos Mazon) អភិបាលតំបន់វ៉ាឡេនស្យ៉ា (Valencia) បានប្រាប់សារព័ត៌មានថា ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពបន្ថែមទៀត បន្ទាប់ពីពួកគេអាចទៅដល់តំបន់ដែលពីមុនត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ខណៈមន្ត្រីសង្គ្រោះបន្ទាន់ បញ្ជាក់ថា ពួកគេអាចទៅដល់គ្រប់តំបន់ដែលរងផលប៉ះពាល់។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ រថយន្តរាប់សិបគ្រឿង ត្រូវទឹកលិចលង់ក្នុងជំនន់ នៅទីក្រុងវ៉ាឡេនស្យ៉ា។ ទីក្រុងមួយចំនួនទៀត ដូចជា ទីក្រុងទូរីស (Turis), ទីក្រុងស៊ីវ៉ា ( Shiva) និងទីក្រុងប៊ូណុល (Bunol) បានទទួលទឹកភ្លៀងច្រើនជាង ៤០០មិល្លីម៉ែត្រ ដែលស្មើនឹងភ្លៀងពេញមួយឆ្នាំ ក្នុងស្ថានភាពធម្មតា ធ្វើឱ្យការិយាល័យអាកាសធាតុ AEMET ប្រកាសការជូនដំណឹងពណ៌ក្រហម កាលពីថ្ងៃអង្គារ មុននឹងធ្លាក់ចុះមកជាពណ៌លឿង នៅពេលក្រោយ។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើន បានចោទមន្ត្រីពាក់ព័ន្ធថា ការប្រកាសព្រមានយឺតពេល ធ្វើឲ្យមនុស្សមិនអាចគេចចេញពីផ្លូវនិងឡើងទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេល។ ព័ត៌មានបញ្ជាក់ថា ការិយាល័យការពារជនស៊ីវិល មិនបានចេញការព្រមានទេ រហូតដល់ម៉ោង ៨និង១៥នាទីយប់ ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ ប៉ុន្តែនៅពេលនោះ ទីក្រុងស៊ីវ៉ា និងទីក្រុងមួយចំនួនទៀត ត្រូវបានជន់លិចអស់រយៈពេលពីរម៉ោងរួចទៅហើយ។
លើសពីនេះ ក្រៅពីគ្រោះធម្មជាតិ អេស្ប៉ាញ ក៏ត្រូវប្រឈមនឹងការគំរាមកំហែងដោយមនុស្សផងដែរ។ ប៉ូលិសអេស្ប៉ាញ បានឲ្យដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ថា ពួកគេបានចាប់ខ្លួនជនសង្ស័យ ចំនួន ៣៩នាក់ វាជាផ្នែកមួយនៃប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មនៅតំបន់ដែលងាយនឹងមានទឹកជំនន់ដោយ ដែលពួកគេបានឆ្លៀតឱកាសលួចវត្ថុមានតម្លៃផ្សេងៗ របស់ប្រជាពលរដ្ឋរងគ្រោះ ដកហូតបានវត្ថុតាង ដូចជា ខ្សែក ចិញ្ចៀនមាស និងគ្រឿងអលង្ការមួយចំនួនទៀត។
ចំពោះមូលហេតុនៃភ្លៀងធ្លាក់ខ្លាំងខុសធម្មតានៅអេស្ប៉ាញ លើកនេះ ត្រូវបានគេគិតថា ជាលទ្ធផលនៃបាតុភូត “ការធ្លាក់ចុះត្រជាក់” ហើយជារឿយៗ បាតុភូតនាំឱ្យមានភ្លៀងធ្លាក់ខ្លាំង នេះ ច្រើនតែកើតឡើងនៅរដូវស្លឹកឈើជ្រុះអឺរ៉ុប។
ហេតុការណ៍គ្រោះទឹកជំនន់ ដែលកំពុងកើតឡើងនៅក្នុងប្រទេសអេស្ប៉ាញ នាពេលនេះ ត្រូវបានចាត់ទុកជាទឹកជំនន់ដែលបណ្តាលឱ្យមនុស្សស្លាប់ច្រើនបំផុត ចាប់តាំងពីទឹកជំនន់ដ៏ធំក្នុងឆ្នាំ១៩៧៣ ដែលបណ្តាលឱ្យមានជនរងគ្រោះមិនតិចជាង ១៥០នាក់ បន្ទាប់ពីទឹកជំនន់បានកើតឡើងនៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសនេះ៕