Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ លោកដូណាល់ ត្រាំ ឈ្នះឆ្នោត

នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ លោកដូណាល់ ត្រាំ ឈ្នះឆ្នោត

ភ្នំពេញ ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនលោកដូណាល់ ត្រាំ (Donald J. Trump) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានឈ្នះឆ្នោត ក្លាយជាប្រធានាធិបតី ទី៤៧ ក្នុងការបោះឆ្នោត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សារលិខិតសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកដូណាល់ ត្រាំ (Donald J. Trump) ចុះថ្ងៃទីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុង (បកប្រែក្រៅផ្លូវការ) ដូចខាងក្រោម ៖ឯកឧត្តម Donald J. Trump ប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋអាមេរិក ជាទីគោរពរាប់អាន! Washington, D.C.

លោកប្រធានាធិបតី ជាប់ឆ្នោត ជាទីគោរព ! ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរ សាទរដ៏ស្មោះស្ម័គ្រចំពោះការវិលត្រលប់ជាប្រវត្តិសាស្ត្ររបស់លោក ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ជ័យជម្នះដ៏អស្ចារ្យនេះ គឺជាសក្ខីភាពពិតប្រាកដមួយចំពោះទំនុកចិត្តដែលប្រជាជនអាមេរិក មាននៅក្នុងការ ដឹកនាំរបស់លោក។

ការវិលត្រឡប់របស់លោក ក្នុងពេលដ៏សំខាន់បំផុតនេះ មិនត្រឹមតែសម្រាប់ប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ខ្ញុំមានទំនុកចិត្តថា តួនាទីរបស់សហរដ្ឋអាមេរិក ដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់ស្ថិរភាព សន្តិសុខ និងវិបុលភាព នឹងត្រូវបានពង្រឹងបន្ថែមទៀត។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចំណងមិត្តភាពដ៏យូរអង្វែង រវាងប្រ ទេសយើងទាំងពីរ ដែលបានប្រារព្ធខួបលើកទី៧៥ នៅឆ្នាំក្រោយ។ យើងប្តេជ្ញាយ៉ាងពេញលេញក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋបាលដ៏គួរឱ្យគោរពរបស់លោក ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដ៏ល្អដែលមានស្រាប់ ឱ្យកាន់តែខ្ពស់ ហើយនឹងមិនខិតខំប្រឹងប្រែងដើម្បីជំរុញអាស៊ាន-សហរដ្ឋអាមេរិក ឡើយ។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងអំឡុងពេលដែលកម្ពុជា កាន់តំណែងជាអ្នកសម្របសម្រួលប្រទេសសម្រាប់ទំនាក់ទំនងការសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក ។

សូមរីករាយអបអរសាទរលោកប្រធានាធិបតីជាប់ឆ្នោត ជាមួយការធានានៃការពិចារណាដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំ និងសូមជូនពរលោកទទួលបានជោគជ័យសម្រាប់ការបំពេញភារកិច្ចដ៏ថ្លៃថ្លារបស់លោក ជាប្រមុខនៃសហ​រដ្ឋអា​មេរិក…។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ (Donald Trump) បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធាននាធិបតីសហរដ្ឋអាមេរិក ដោយសំឡេងឆ្នោតរបស់លោក បានឈ្នះដាច់លើគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ គឺលោកស្រី កាម៉ាឡា ហាររីស (Kamala Harris)។

លោក ដូណាល់ ត្រាំ បានប្រកាសជ័យជម្នះសម្រាប់ការដណ្តើមយកតំណែងប្រធានាធិបតីឡើងវិញ ដោយជោគជ័យ បន្ទាប់ពីការរាប់សន្លឹកឆ្នោតក្រៅផ្លូវការ បានចេញជាលទ្ធផលថា លោកបាននាំមុខដាច់លើគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ គឺស្រី កាម៉ាឡា ហាររីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា  អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ បានបង្ហាញខ្លួននៅមណ្ឌលបោះឆ្នោតរបស់គាត់នៅ Palm Beach រដ្ឋផ្លរីដា (Florida) និងបានឡើងឆាកថ្លែងទៅកាន់ប្រជាជនអាមេរិក ដែលគាំទ្ររូបលោក ជាមួយភរិយារបស់លោក គឺលោកស្រី មេឡានៀ ត្រាំ ( Melania Trump) និងកូនប្រុសរបស់ពួកគេ។

លោកត្រាំ បានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់គាត់ ដែលបានជួយគាត់ឱ្យឈ្នះយ៉ាងស្អាត និងទទួលបានជោគជ័យនយោបាយ។ លោកនិយាយថា សហរដ្ឋអាមេរិក នឹងជាសះស្បើយនៅពេលអនាគត ហើយវានឹងក្លាយជាយុគសម័យមាសរបស់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គណបក្សសាធារណរដ្ឋ បានឈ្នះសំឡេងភាគ​ច្រើន​នៅព្រឹទ្ធសភាអាមេរិក ជាលើកដំបូង ក្នុងរយៈពេលបួនឆ្នាំ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាអាមេរិក បានបង្ហាញថា គណបក្សសាធារណរដ្ឋ ឈ្នះសំឡេងភាគច្រើននៅ ៥១ ខណៈដែលគណបក្សប្រជា​ធិបតេយ្យ ទទួលបាន ៤១សំឡេង  ហើយគណបក្សសាធារណរដ្ឋ ក៏ត្រូវបានគេរំពឹងថា នឹងឈ្នះសភាតំណាងរាស្រ្តផងដែរ។

ចំណែកក្រុមអ្នកគាំទ្រលោកស្រី កាម៉ាឡា ហាររីស (Kamala Harris) ដែលបានប្រមូលផ្តុំគ្នាជាច្រើន រង់ចាំមើលលទ្ធផលបោះឆ្នោត នៅទីស្នាក់ការកណ្តាលនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីហាររីស នៅសាកលវិទ្យាល័យហាវឺត និងក្នុងទីក្រុងវ៉ាស៊ីងតោន ឌីស៊ី ( Washington, DC) បានបំបែកខ្លួនបន្តិចម្តងៗ និងចាកចេញពីតំបន់ទាំងនោះដោយការស្ងៀមស្ងាត់។

លោកស្រីអនុប្រធានាធិបតី ហាររីស ច្បាស់ជាមានការខកចិត្ត តែលោកស្រីមិនមែនជាស្ត្រីទីមួយទេ ដែលមិនត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ លោកដូណាល់ ត្រាំ (Donald Trump) បានក្លាយជាអតីតប្រធានាធិបតីទី២ ដែលបានជាប់ឆ្នោតជាលើកទី២ មិនជាប់ៗគ្នា។

គួរបញ្ជាក់ថា យោងតាមលទ្ធផលបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០២៤  គិតត្រឹមវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) សំឡេងឆ្នោតរបស់លោកដូណាល់ ត្រាំ (Donald Trump) ទទួលបាន ២៧៩សំឡេង (សន្លឹកឆ្នោតសរុប ជាង ៧១លានសំឡេង) ទល់នឹងលោកស្រី កាម៉ាឡា ហាររីស  (Kamala Harris)  ២២៣សំឡេង (សន្លឹកឆ្នោតសរុប ជាង៦៦លានសំឡេង)  ដែលជាលទ្ធផលបញ្ជាក់បានថា លោកដូណាល់ ត្រាំ ឬគណបក្សសាធារណរដ្ឋ ឈ្នះការបោះឆ្នោតនេះ នឹងក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក៕

RELATED ARTICLES