Thursday, November 7, 2024
Homeព័ត៌មានអន្តរជាតិមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក មានករណីគំ.../រាមបំផ្ទុះ.../គ្រាប់បែកនៅការិយាល័យបោះឆ្នោត ច្រើនកន្លែង

មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក មានករណីគំ…/រាមបំផ្ទុះ…/គ្រាប់បែកនៅការិយាល័យបោះឆ្នោត ច្រើនកន្លែង

សហរដ្ឋអាមេរិក ៖ អំឡុងពេលមុននិងក្នុងពេលបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិក បានកើតមានករណីគំរាមបំផ្ទុះគ្រាប់បែក នៅតាមការិយាល័យបោះឆ្នោត ក្នុងរដ្ឋមួយចំនួន ហើយជាមួយគ្នានេះ ប៉ូលិស បានចាប់ខ្លួនមនុស្សយ៉ាងតិច ២នាក់ ពាក់ព័ន្ធការគំរាមបំផ្ទុះគ្រាប់បែកនេះ។

-បុរសស្បែកខ្មៅ គំរាមបំផ្ទុះគ្រាប់បែកនៅការិយាល័យបោះឆ្នោត រដ្ឋចចជា ៖

បុរសស្បែកខ្មៅម្នាក់ បានគំរាមបំផ្ទុះគ្រាប់បែកនៅការិយាល័យបោះឆ្នោត ក្នុងរដ្ឋចចជា (Georgia) បណ្តាលឱ្យមានការជម្លៀសប្រជាជនចេញ ជាបណ្តោះអាសន្ន មុននឹងពិនិត្យ និងត្រូវបានបញ្ជាក់ថា មិនមានគ្រឿងផ្ទុះអ្វីទាំងអស់។

នៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកស្រីណាឌីន វិល្លៀមស៍ (Nadine Williams) ប្រធានការិយាល័យបោះ ឆ្នោត និងការចុះឈ្មោះបោះឆ្នោត នៅហ៊្វុលតុន (Fulton) ក្នុងរដ្ឋ ចចជា បានឲ្យដឹងថា ពួកគាត់បានទទួលរបាយការណ៍មិនច្បាស់លាស់ចំនួន៥ អំពីការគំរាមកំហែងដោយគ្រាប់បែក ប៉ុន្តែក្រុមមន្ត្រីបានសម្រេចចិត្តជម្លៀ សការិយាល័យបោះឆ្នោត ចំនួនពីរ ក្នុងរយៈពេលប្រហែល ៣០នាទី។

យោងតាមនាយកដ្ឋានប៉ូលិសនៅ Fulton County ថា បានទទួលព័ត៌មានកាលពីព្រឹកថ្ងៃអង្គារ ថាមានការគំរាមបំផ្ទុះគ្រាប់បែក នៅសាលារៀនមួយចំនួន នៅម៉ោងប្រហែល ៨និង១៥នាទីព្រឹក ទោះជាគ្មានសាលាបើកនៅថ្ងៃនោះក៏ដោយ ព្រោះជាថ្ងៃបោះឆ្នោត។ មន្ត្រី បានចុះឆែកឆេរច្រើនកន្លែងផងដែរ ដើម្បីជាវិធានការការពារ ។

ជាមួយគ្នានេះ មានការបញ្ជាក់ថា មានទីតាំងបោះឆ្នោត ប្រមាណ១០កន្លែង ក្នុងរដ្ឋ ចចជា មុនបោះឆ្នោតនឹងបើកដំណើរការបោះឆ្នោត ប្រហែល២០-៤០នាទី មានការគំរាមកំហែងបំផ្ទុះគ្រាប់បែក។

ចំណែក FBI បានបង្ហាញពីទីតាំងបោះឆ្នោតនៅសហរដ្ឋអាមេរិក ឆ្នាំ២០២៤ ក្នុងរដ្ឋចំនួនបួន មានការគំរាម កំហែងបំផ្ទុះគ្រាប់បែក ក្នុងនោះរួមមាន រដ្ឋ ចចជា (Georgia), មីឈីហ្គែន (Michigan),  អារីហ្សូណា (Arizona) និងវិស្កុនស៊ីន (Wisconsin) ខណៈដែលការបោះឆ្នោតកំពុងដំណើរការ។

FBI បញ្ជាក់ថា “រហូតមកដល់ពេលនេះ វាមិនទាន់ត្រូវបានកំណត់ថា តើការគំរាមកំហែងនេះអាចជឿទុកចិត្តបានឬអត់?” ។

លោក ប៊្រែដ រ៉ាហ្វេនស្ពេងហ្គឺរ (Brad Raffensperger) មន្ត្រីនៃរដ្ឋ ចចជា ដែលជាសមាជិកនៃគណបក្សសា ធារណរដ្ឋ បានបន្ទោសការជ្រៀតជ្រែករបស់រុស្ស៊ី ចំពោះការគំរាមកំហែងបំផ្ទុះគ្រាប់បែក នៅថ្ងៃបោះឆ្នោតរបស់សហរដ្ឋអាមេរិក ។

លោកប៊្រែដ រ៉ាហ្វេនស្ពេងហ្គឺរ បានប្រាប់អ្នកសារព័ត៌មានថា “វាហាក់ដូចជាពួកគេបានបង្កើតរឿងមួយ។ ពួកគេមិនចង់ឲ្យការបោះឆ្នោតរបស់យើងប្រព្រឹត្តទៅដោយរលូន និងយុត្តិធម៌ទេហើយត្រឹមត្រូវហើយ បើគេអាចធ្វើឲ្យយើងឈ្លោះគ្នាបាន ពួកគេចាត់ទុកវាជាជ័យជម្នះ»។

ស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងវ៉ាស៊ីនតោនឌីស៊ី បាននិយាយថា ការចោទប្រកាន់រុស្ស៊ី ជ្រៀតជ្រែកក្នុងការបោះឆ្នោត វាជាការបង្កាច់បង្ខូចដោយចេតនាអាក្រក់។

ស្ថានទូតរុស្ស៉ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមបញ្ជាក់ថា រុស្ស៊ី មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ ក្នុងនោះរួមមានសហរដ្ឋអាមេរិក ផងដែរ»។

ចំណែកលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៃប្រទសរុស្ស៉ី បាននិយាយថា «យើងគោរពឆន្ទៈរបស់ប្រជាជនអាមេរិក»។

លោក ចយលីន បេនសុន (Jocelyn Benson) អ្នកនាំពាក្យនៃនៃរដ្ឋមីឈីហ្គែន (Michigan) បាននិយាយថា «មានសេចក្តីរាយការណ៍អំពីការគំរាមកំហែងបំផ្ទុះគ្រាប់បែក នៅការិយាល័យបោះឆ្នោតមួយចំនួន។ ប៉ុន្តែគ្មានរបាយការណ៍ណាមួយដែលអាចទុកចិត្តបានឡើយ តែត្រូវបានគេជូនដំណឹងថា ការគំរាមកំហែងនេះ អាចមានពាក់ព័ន្ធនឹងរុស្ស៊ី។

បើតាមមន្ត្រី FBI រដ្ឋចចជា (Georgia) បានទទួលការគំរាមកំហែងច្រើនជាង២០ ដែលភាគច្រើនកើតឡើងនៅ Fulton County ។

លោកអេឌ្រៀន ហ្វុនតេស (Adrian Fontes) នាយកផ្នែកកិច្ចការបរទេសនៃរដ្ឋអារីហ្សូណា (Arizona) បាននិយាយថា មានការគំរាមកំហែងគ្រាប់បែកក្លែងក្លាយ ចំនួនបួន នៅទីតាំងបោះឆ្នោត Navajo County ដែលមានទីតាំងនៅភាគឦសាននៃរដ្ឋ។

ការគំរាមកំហែងដោយគ្រាប់បែកក្លែងក្លាយនេះ ជាករណីចុងក្រោយដែលអាមេរិក បានចោទប្រកាន់រុស្ស៊ី ថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ២០២៤។ កាលពីថ្ងៃទី០១ ខែវិច្ឆិកា មន្ត្រីចារកម្មអាមេរិក បានព្រមានថា តារាសម្ដែងរុស្ស៊ី ម្នាក់បានបញ្ចេញវីដេអូដែលបង្ហាញពីការក្លែងបន្លំថា ប្រជាជនហៃទី បោះឆ្នោតដោយខុសច្បាប់ ក្នុងរដ្ឋចចជា។  មន្ត្រីស៊ើបការណ៍ ក៏បានរកឃើញដែរថា រុស្ស៊ី បានបង្កើតវីដេអូក្លែងក្លាយមួយទៀត ដែលចោទ ប្រកាន់បុគ្គលពាក់ព័ន្ធនឹងការបោះឆ្នោតរបស់លោកស្រីហាររីស (Harris)  ថាបានទទួលសំណូកពីតារាសម្តែង។ មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក បានចោទប្រកាន់រុស្ស៊ី ថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក មុនៗ ជាពិសេសនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ ដែលលោក ត្រាំ ( Trump) បានយកឈ្នះបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រីហ៊ីលឡារី គ្លីនតុន (Hillary Clinton)។

-ប៉ូលិសមីឈីហ្គែន ចាប់ខ្លួនយុវជនគំរាមវាយប្រហារពួកគ្រីស្ទាន បើលោកត្រាំ ឈ្នះឆ្នោត ៖

ប៉ូលិសក្នុងរដ្ឋមីឈីហ្គែន (Michigan) បានចាប់ខ្លួនយុវជនម្នាក់ បន្ទាប់ពីបានបង្ហោះសារគំរាមថា នឹងវាយ ប្រហារពួកគ្រីស្ទានអភិរក្សនិយម ប្រសិនបើលោកដូណាល់ ត្រាំ (Donald Trump) ឈ្នះការបោះឆ្នោត។

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋអាជ្ញានៃរដ្ឋមីឈីហ្គែន បានបង្ហាញថា លោកអ៊ីសសាក់ ស៊ីសសែល (Isaac Sissel) អាយុ ២៥ឆ្នាំ បានផ្ញើសារទៅកាន់មជ្ឈមណ្ឌលប្រតិបត្តិការការគំរាមកំហែងជាតិ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និយាយថា គេនឹងបើកការវាយប្រហារលើពួកគ្រីស្ទានអភិរក្សនិយម ប្រសិនបើលោកដូណាល់ ត្រាំ ឈ្នះការបោះឆ្នោត។

ទោះជាយ៉ាងណា លោកស៊ីសសែល ត្រូវបានមន្ត្រីចាប់ខ្លួន ហើយនឹងត្រូវបង្ហាញខ្លួននៅតុលាការ ដើម្បីស្តាប់ការចោទប្រកាន់នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក។

-ប៉ូលិសចាប់ខ្លួនបុរសម្នាក់ នៅអគាររដ្ឋសភា មានក្លិនប្រេងសាំងជាប់ខ្លួន និងកាន់ដែកកេះ ៖

ប៉ូលិសសអាមេរិក បានចាប់ខ្លួនបុរសម្នាក់ នៅអគារកាពីតូល សហរដ្ឋអាមេរិក ក្រោយពីបានរកឃើញក្នុងកាបូបរបស់គាត់ មានដបមួយ ដែលគេជឿថាមានសាំង និងដែកកេះ១។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា លោក ចេ ថូម៉ាស់ មែងចឺរ (J. Thomas Manger) ប្រធានប៉ូលិសនៅអគារកាពីតូល សហរដ្ឋអាមេរិក បានបង្ហាញនៅក្នុងសន្និសិទកាសែត នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ថាមន្ត្រីបានចាប់ខ្លួនបុរសម្នាក់ នៅក្នុងមជ្ឈមណ្ឌលអ្នកទស្សនា នៃអគារកាពីតូល សហរដ្ឋអាមេរិក។

លោកមែងចឺរ បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ១២និង២០នាទី ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់) បុរសស្បែកសម្នាក់ បានដើរចូលទៅក្នុងមជ្ឈមណ្ឌលទទួលភ្ញៀវ ហើយនៅពេលដែលបុរសនោះដាក់អាវ និងកាបូបរបស់គាត់ឲ្យម៉ាស៊ីនស្កេន សមត្ថកិច្ចក៏បានរកឃើញវត្ថុប្រើប្រាស់ស្រដៀងនឹងកាំភ្លើង មួយដើម និងដប២ នៅក្នុងកាបូបស្ពាយ ហើយនៅពេលដែលបុរសនេះឈរនៅទីនោះ មន្ត្រីម្នាក់បាននិយាយ គាត់បានធុំក្លិនសាំង មកពីបុរសនេះ។ លុះឆែកក្នុងកាបូប បានរកឃើញដបមួយ មានសារធាតុរាវ ដែលប៉ូលិសជឿថា ជា សាំង ។ បុរសនេះត្រូវបានចាប់ខ្លួនភ្លាមៗ យកទៅចាត់ការតាមច្បាប់៕

RELATED ARTICLES