Thursday, November 14, 2024
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល វា.../យប្រហារនៅហ្គាហ្សា-លីបង់ ស្លា.../ប់៥៦នាក់ កុមាររបួ.../ស១៦នាក់

អ៊ីស្រាអែល វា…/យប្រហារនៅហ្គាហ្សា-លីបង់ ស្លា…/ប់៥៦នាក់ កុមាររបួ…/ស១៦នាក់

លីបង់ ៖ ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទាំងនៅតំបន់ហ្គាហ្សា និងលីបង់ កាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបណ្តាលឲ្យមនុស្ស ៥៦នាក់ស្លាប់ រួមទាំងកុមាររាប់សិបនាក់ទៀតរងរបួស។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា អ៊ីស្រាអែល បានបន្តការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សា និងលីបង់ នៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។

ការិយាល័យការពារជនស៊ីវិល នៅហ្គាហ្សា បាននិយាយថា ការវាយប្រហារលើកដំបូង បានកើតឡើងនៅព្រឹកព្រលឹម នៅចាបាលីយ៉ា (Jabalia) គ្រាប់បែកបានទម្លាក់ទៅលើផ្ទះមួយខ្នង បណ្តាលឲ្យមនុស្ស យ៉ាងតិច ២៥ នាក់ រួមទាំងកុមារ ១៣នាក់ ត្រូវបានសម្លាប់ និងជាង ៣០នាក់បានរងរបួស មុនពេលការវាយប្រហារនៅក្នុងសង្កាត់សាប្រា (Sabra) នៅទីក្រុងហ្គាហ្សា (Gaza) មនុស្ស៥ ផ្សេងទៀត បានស្លាប់ និងជាច្រើននាក់ទៀត បានបាត់ខ្លួន ដោយត្រូវបានកប់នៅក្រោមគំនរបាក់បែក។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល នៃប្រទេសលីបង់ បានបញ្ជាក់ថា អ៊ីស្រាអែល វាយប្រហារតាមផ្លូវអាកាស លើភូមិអាល់ម៉ាត (Almat) ខាងជើងក្រុងបេរូត (Beirut) បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២០នាក់ ក្នុងនោះមាន ៣នាក់ជាកុមារ ។

អ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមរបស់ខ្លួននៅហ្គាហ្សា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហាម៉ាស់ បានបើកការវាយប្រហារដ៏ធំមួយ លើអ៊ីស្រាអែល រហូតដល់មនុស្សជាង ១២០០នាក់ បានស្លាប់ និងប្រហែល ២៥០នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង មុនដំណាច់ខែកញ្ញា ឆ្នាំ២០២៤។

អ៊ីស្រាអែល ក៏ចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងក្រុមហេសបូលឡាហ៍ នៅលីបង់ បន្ទាប់ពីក្រុមប្រដាប់អាវុធនេះ តែងតែវាយប្រហារអ៊ីស្រាអែល ដើម្បីជួយក្រុមហាម៉ាស់។

រហូតមកដល់ពេលនេះ សង្គ្រាមនៅតំបន់ហ្គាហ្សា បានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីន ចំនួន ៤៣ ៦០៣នាក់ ដែលជំរុញឱ្យអន្តរជាតិ និងសូម្បីតែសម្ព័ន្ធមិត្ត អំពាវនាវដល់អ៊ីស្រាអែល ឲ្យកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។

សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ីស្រាអែល បានព្រមានអ៊ីស្រាអែល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ថាខ្លួនអាចនឹងដកជំនួយយោធារាប់ពាន់លានដុល្លារ ប្រសិនបើអ៊ីស្រាអែល មិនកែលម្អការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា ក្នុងរយៈពេល៣០ថ្ងៃ ដែលត្រូវដល់ ក្រោយថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទោះបីជាយ៉ាងណាក៏ដោយ ការទាមទារបែបនេះពីសហរដ្ឋអាមេរិក បានកើតឡើងមុនពេលលោកដូណាល់ ត្រាំ (Donald Trump) ឈ្នះការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៥ ខែវិច្ឆិកា  ឆ្នាំ២០២៤ ។ លោកត្រាំ មានជំហរជាមិត្តចំពោះអ៊ីស្រាអែល ជាងរដ្ឋបាលលោកចូ បៃដិន (Joe Biden) ដូច្នេះមិនទាន់ច្បាស់នៅឡើយទេថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើអ៊ីស្រាអែល តើវានឹងកើតឡើងឬអត់?…៕

RELATED ARTICLES