ក្រឹមឡាំង (រុស្ស៉ី) ៖ រដ្ឋាភិបាលវិមានក្រឹមឡាំង របស់រុស្ស៊ី បានបដិសេធសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា លោកដូណាល់ ត្រាំ បាននិយាយទូរស័ព្ទជាមួយលោក វ្ល៉ាឌីមៀរ ពូទីន ហើយបានព្រមានមេដឹកនាំរុស្ស៊ី កុំឱ្យបង្កើនសង្រ្គាមនៅអ៊ុយក្រែន។
កាសែតវ៉ាស៊ីងតោន ប៉ុស្តិ៍ (Washington Post) នៅសហរដ្ឋអាមេរិក គឺជាអ្នករាយការណ៍ដំបូងគេពីការហៅទូរស័ព្ទកាលពីថ្ងៃអាទិត្យ រវាងលោកដូណាល់ ត្រាំ (Donald Trump) និងលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដោយបាននិយាយថា ការសន្ទនាបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានរាយការណ៍ថា លោ កត្រាំ បានគំរាមលោកពូទីន ដោយនិយាយអំពីទាហានអាមេរិកជាច្រើន ដែលឈរជើងនៅអឺរ៉ុប។
យ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក ធីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបញ្ជាក់ថា «របាយការណ៍នេះ ជារឿងមិនពិតទាំងស្រុង ហើយវាជាការប្រតិដ្ឋសុទ្ធសាធ។ វាគ្រាន់តែជាព័ត៌មានមិនពិត។ មិនមានការពិភាក្សាទេ»។
ចំណែកខាងក្រុមរបស់លោកដូណាល់ ត្រាំ បាននិយាយថា ពួកគេមិនធ្វើអត្ថាធិប្បាយទេ អំពីការហៅទូរស័ព្ទឯកជន រវាងប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ជាមួយមេដឹកនាំប្រទេសផ្សេងៗ។
គួររំលឹកថា លោកដូណាល់ ត្រាំ (Donald Trump) ធ្លាប់បានប្រកាសថា បើជាប់ឆ្នោត លោកនឹងបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោង ប៉ុន្តែលោកមិនផ្តល់ព័ត៌មានលម្អិតទេ រហូតធ្វើឱ្យមានការព្រួយ បារម្ភក្នុងចំណោមសម្ព័ន្ធមិត្តអ៊ុយក្រែន ថា លោកត្រាំ នឹងបញ្ចប់ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន និងបង្ខំ ឲ្យចរចាសន្តិភាព?
លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានព្រមានមុននេះថា បើគ្មានជំនួយពីសហរដ្ឋអាមេរិក អ៊ុយក្រែន នឹងចាញ់សង្គ្រាមរុស្ស៉ី។
ទោះបីជាយ៉ាងណា មានមនុស្សជាច្រើនដែលនៅតែជឿបែបនេះថា ប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ នឹងមិនបោះបង់ចោលអ៊ុយក្រែន ដូចលោក ចន ហ៊ីឡេយ៍ (John Healey) រដ្ឋមន្ត្រីការពារជាតិ នៃចក្រភពអង់គ្លេស នោះទេ។
ចំណែកលោក ចូសេហ្វ បូររ៉ែលល៍ (Josep Borrell) ប្រធានគោលនយោបាយការបរទេស នៃសហភាពអឺរ៉ុប បានព្រមានពេលទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ថាការបញ្ចប់សង្គ្រាម ត្រូវតែមាននិរន្តរភាព។
លោកចូសេហ្វ បូររ៉ែលល៍ បាននិយាយថា «នេះជាការព្រមានដល់អ្នកដែលនិយាយថា សង្រ្គាមនេះ ត្រូវតែបញ្ចប់ ហើយចង់បញ្ឈប់វាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយមិនគិតពីវិធីសាស្រ្ត ថាវាសំខាន់ប៉ុណ្ណា?»៕