Tuesday, November 19, 2024
Homeព័ត៌មានអន្តរជាតិរុស្សី វា.../យប្រ---/ហារប្រព័ន្ធថាមពលអ៊ុយក្រែន ស្លា.../ប់១០នាក់ ទីក្រុងជាច្រើន ដាច់ចរន្តអគ្គិសនី

រុស្សី វា…/យប្រ—/ហារប្រព័ន្ធថាមពលអ៊ុយក្រែន ស្លា…/ប់១០នាក់ ទីក្រុងជាច្រើន ដាច់ចរន្តអគ្គិសនី

អ៊ុយក្រែន ៖ រុស្ស៊ី បានបើកការវាយប្រហារដោយមីសស៊ីល និងយន្តហោះគ្មានមនុស្សបើក លើហេដ្ឋារចនា សម្ព័ន្ធថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន បណ្តាលឱ្យតំបន់ជាច្រើន មានការដាច់ចរន្តអគ្គិសនី ខណៈដែលរដូវរងា នៅអ៊ុយក្រែន ជិតមកដល់។

កាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានឲ្យដឹងថា រុស្ស៊ី បានបាញ់កាំជ្រួចមីសស៊ីល ចំនួន ១២០គ្រាប់ និងយន្តហោះគ្មានមនុស្សបើក ចំនួន ៩០ វាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន តែក្នុងនោះ មួួចំនួនធំ ត្រូវបានការពារដោយប្រ ព័ន្ធការពារអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់។ ទោះបីជាយ៉ាងណា លោកហ្សេឡេនស្គី បានបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី បានបំផ្លាញជាងពាក់កណ្តាលនៃសមត្ថភាពផលិតថាមពលរបស់អ៊ុយក្រែន។

សារព័ត៌មានអ៊ុយក្រែន បានរាយការណ៍ថា ការវាយប្រហាររបស់រុស្ស៊ី ត្រូវបានកំណត់គោលដៅក្នុងក្រុងគៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែន ហើយបានវាយប្រហារគោលដៅក្នុងតំបន់មួយចំនួនទៀត រួមមាន ដូនេតស្ក៍ (Donetsk), ល្វីវ (Lviv) និង អូដេសសា (Odessa) បណ្តាលឲ្យមនុស្សយ៉ាងតិច ១០នាក់ បានស្លាប់ និងរាប់សិបនាក់ បានរងរបួស។

DTEK ដែលជាក្រុមហ៊ុនផ្តល់សេវាអគ្គិសនីឯកជនធំជាងគេរបស់អ៊ុយក្រែន បានថ្លែងថា រោងចក្រថាមពលជាច្រើន បានទទួលការខូចខាត បណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី ក្នុងតំបន់ មួយចំនួន រួមទាំងនៅភាគខាង កើតនៃប្រទេស គឺទីក្រុងអូដេសសា ក៏បានដាច់ចរន្តអគ្គិសនីផងដែរ។

កន្លងមកលោក ហ្សឺមែន ហ្គាលូសឆេនកូ (German Galushchenko) រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន បានបង្ហោះសារតាមតេឡេក្រាម (Telegram) ថា ទាហានរុស្ស៊ី បានវាយប្រហាររោងចក្រថាមពល និងស្ថានីយចែកចាយនៅទូទាំងប្រទេសអ៊ុយក្រែន។ រលកចុងក្រោយនៃការវាយប្រហាររបស់រុស្ស៊ី កើតឡើងនៅពេលរដូវរងា របស់អ៊ុយក្រែន នឹងមកដល់ឆាប់ៗនេះ ហើយអ៊ុយក្រែន កំពុងរងការខ្វះខាតថាមពលខ្លាំង។ លើសពីនេះទៀត នៅមានការខ្វះអាវុធនិងកម្លាំងមនុស្ស ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី ធ្វើឱ្យតំបន់ខាងកើត ត្រូវបានរុស្ស៉ី កាន់កាប់ជាបន្តបន្ទាប់ ក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ។

រដ្ឋបាលក្រុងគៀវ បានព្យាយាមអំពាវនាវដល់សម្ព័ន្ធមិត្តលោកខាងលិច ជួយសាងសង់បណ្តាញអគ្គិសនីរបស់ពួកគេឡើងវិញ ដែលមានតម្លៃខ្ពស់ ហើយបានស្នើឲ្យបញ្ជូនអាវុធបន្ថែមទៀតដល់ពួកគេ ដើម្បីការពារការវាយ ប្រហារតាមផ្លូវអាកាស របស់រុស្ស៉ី។

ទោះបីជាយ៉ាងណា អ៊ុយក្រែន កំពុងចាប់ផ្តើមព្រួយបារម្ភថា ជំនួយរបស់លោកខាងលិច នឹងមិនមានភាពរលូនដូចមុនឡើយ ដោយសារតែលោក ដូណាល់ ត្រាំ (Donald Trump) បានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋ អាមេរិក ជាថ្មី ដែលមិនយល់ស្របឲ្យសហរដ្ឋអាមេរិក ចំណាយធនធានដ៏ធំ ដើម្បីជួយអ៊ុយក្រែន និងបានប្រ កាសថា លោកនឹងបញ្ចប់សង្គ្រាមអ៊ុយក្រែន យ៉ាងឆាប់រហ័ស នៅពេលលោកចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែមករា ឆ្នាំ២០២៥ ខាងមុខ៕

RELATED ARTICLES