Wednesday, November 20, 2024
Homeព័ត៌មានអន្តរជាតិហ្សេឡេនស្គី ថាសង្គ្រាមនឹងបញ្ចប់ឆាប់ ពេលដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក

ហ្សេឡេនស្គី ថាសង្គ្រាមនឹងបញ្ចប់ឆាប់ ពេលដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក

អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បាននិយាយថា លោកប្រាកដណាស់ថា សង្រ្គាមជាមួយរុស្ស៊ី នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ នៅពេលលោកដូណាល់ ត្រាំ (Donald Trump) ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៨ ឃែវិច្ឆិកា ឆ្នាំ២០២៤ ថា ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី នៃអ៊ុយក្រែន បានលើកឡើងថា បន្ទាប់ពីលោកបានសន្ទនាតាមទូរស័ព្ទជាមួយលោកដូណាល់ ត្រាំ លោកប្រាកដក្នុងចិត្តថា សង្គ្រាមជាមួយរុស្ស៊ី  នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ នៅពេលលោកដូណាល់ ត្រាំ  ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។

មេដឹកនាំអ៊ុយក្រែន បាននិយាយថា លោកបានផ្លាស់ប្តូរទស្សនៈជាមួយលោកត្រាំ អំឡុងពេលហៅទូរស័ព្ទ អបអរសាទរលោកត្រាំ ក្រោយជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកហ្សេឡេនស្គី មិនបាននិយាយថា តើលោកត្រាំ បានទាមទារណាមួយទាក់ទងនឹងការចរចាជាមួយរុស្ស៊ី នោះទេ។ ប៉ុន្តែលោកបាននិយាយថា លោកមិនបានឮអ្វីពីលោកត្រាំ ដែលផ្ទុយពីជំហររបស់លោក លើអ៊ុយក្រែន នោះទេ។

លោកត្រាំ បាននិយាយជាច្រើនដងថា ការងារអាទិភាពរបស់គាត់ គឺការបញ្ចប់សង្រ្គាម បន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ និងអ្វីដែលគាត់បានពណ៌នាថា ជាការបង្ហូរធនធានរបស់សហរដ្ឋអាមេរិក ក្នុងទម្រង់ជំនួយយោធា ដល់អ៊ុយក្រែន។

កាលពីដើមឆ្នាំ២០២៤ សភាតំណាងសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយយោធា ចំនួន ៦១ពាន់លានដុល្លារ ដល់អ៊ុយក្រែន។

បើតាមវិទ្យាស្ថាន Kiel Institute for the World Economy ដែលជាអង្គការស្រាវជ្រាវអាល្លឺម៉ង់ បាននិយាយថា សហរដ្ឋអាមេរិក ជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតដល់អ៊ុយក្រែន តាំងពីការចាប់ផ្តើមនៃសង្រ្គាម ហើយនៅចុងខែមិថុនា ឆ្នាំ២០២៤ បានប្រគល់ ឬសន្យាផ្តល់អាវុធនិងឧបករណ៍យោធា មានតម្លៃ ៥៥.៥ពាន់លានដុល្លារ។អំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានសន្យាថា នឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅពេលលោកជាប់ឆ្នោត ប៉ុន្តែមិនទាន់បានបង្ហាញពីរបៀបដែលគាត់នឹងធ្វើយ៉ាងណានោះទេ។

លោកហ្សេឡេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Suspilne ថា “វាច្បាស់ណាស់ថា សង្រ្គាមនឹងបញ្ចប់ឆាប់ៗ ពីគោលនយោបាយរបស់ក្រុមដែលនឹងដឹកនាំសេតវិមាន នេះគឺជាវិធីសាស្រ្តរបស់ពួកគេ។ ការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះពលរដ្ឋ»។

លោហ្សេឡេនស្គី បាននិយាយថា អ៊ុយក្រែន ត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីនាំបញ្ចប់សង្គ្រាមនេះ នៅឆ្នាំក្រោយ និងបញ្ចប់ដោយមធ្យោបាយការទូត។ ទន្ទឹមនឹងនេះ កម្លាំងរុស្ស៊ី បន្តឈានទៅកាន់សមរភូមិមុខ នៃសង្គ្រាម បានជាប់គាំង ចាប់តាំងពីការឆ្លើយតបរបស់អ៊ុយក្រែន ក្នុងឆ្នាំ២០២៣ ធ្វើឲ្យរុស្ស៉ី បរាជ័យក្នុងការវាយដណ្តើមយកនូវទឹកដីរបស់ខ្លួន។ ទន្ទឹមនឹងនោះ កងកម្លាំងរុស្ស៊ី បានពង្រឹងទីតាំងនៅភាគខាងកើត និងភាគអាគ្នេយ៍ នៃប្រទេស។ ការប្រយុទ្ធគ្នាភាគច្រើន បានកើតឡើងនៅក្នុងតំបន់ដុនបាស់ (Donbass) ។

យោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) ដែលជាក្រុមស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ី បានបង្កើនការវាយលុករបស់ពួកគេនៅភាគបូព៌ា ជាមួយនឹងការប្រយុទ្ធដ៏ធំមួយ បានកើតឡើងនៅជុំវិញទីក្រុងគូពីយ៉ានស្ក៍ (Kupyansk) ភាគឦសានអ៊ុយក្រែន និង វូហ៍ឡេដារ (Vuhledar) នៅភាគអាគ្នេយ៍របស់អ៊ុយក្រែន។

ISW បាននិយាយដោយដកស្រង់ប្រភពយោធាអ៊ុយក្រែន នៅក្នុងតំបន់ថា ទាហានថ្មើរជើងរុស្ស៊ី បានបន្តរុលទៅមុខបែបមានកំណត់របស់ពួកគេ ទៅកាន់តំបន់ខារគីវ (Kharkiv) ភាគឦសានព្រំដែនរុស្ស៊ី។

កងទ័ពអ៊ុយក្រែន បានបើកការវាយលុកនៅក្នុងតំបន់ខឺស្ក (Kursk) របស់រុស្ស៊ី កាលពីរដូវក្តៅមុន គោលបំណងគឺដើម្បីបញ្ឈប់ការវាយលុករបស់រុស្ស៊ី។ នេះជាលើកទីមួយហើយដែលខ្លួនបានកាន់កាប់ទឹកដីរុស្ស៊ី តាំងពីសង្គ្រាមលោកលើកទី២។

លោកហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា គោលដៅនៃប្រតិបត្តិការនេះ គឺដើម្បីបង្វែរទាហានរុស្ស៊ី ចេញពីជួរមុខក្នុងប្រទេសអ៊ុយក្រែន ទោះបីជាមិនច្បាស់ថា រុស្ស៊ី ទទួលបានជោគជ័យឬអត់ រុស្ស៊ី អាចទាញយកទាហានរាប់សែននាក់ ដើម្បីពង្រឹងយោធារបស់ខ្លួន។ ទន្ទឹមនឹងនេះ យោធាអ៊ុយក្រែន ដែលមានទំហំតូចជាងនេះ ពឹងផ្អែកលើអាវុធទំនើបៗ និងឧបករណ៍យោធារបស់លោកខាងលិច។

អ្នកវិភាគនិយាយថា ទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែន នៅតំបន់ខឺស្ក (Kursk) អាចដើរតួជាបន្ទះសៀគ្វីក្នុងការចរចាសន្តិភាពជាមួយរុស្ស៉ី៕

RELATED ARTICLES