ម៉ូស្គូ (រុស្ស៉ី) ៖ រុស្ស៊ី បាននិយាយថា អ៊ុយក្រែន បានបាញ់មីសស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាមេរិក ផ្តល់ឲ្យ ចូលមកក្នុងទឹកដីខ្លួន មួយថ្ងៃបន្ទាប់ពីមានព័ត៌មានលេចធ្លាយថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យប្រើប្រាស់។
កាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ៊ុយក្រែនបានបាញ់មីសស៊ីលយុទ្ធសាស្ត្រ “ATACMS” ចំនួនប្រាំមួយគ្រាប់ ចូលទៅក្នុងតំបន់ប៊្រីយ៉ាន់ស្ក៍ ( Bryansk) ភាគខាងលិច នៅម៉ោង ៣:២៥នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក ដែលក្នុងនោះ ៥គ្រាប់ ត្រូវបានបាញ់ទម្លាក់ និងមួយគរាប់ទៀត បានខូចខាត ហើយកកម្ទេចកម្ទីដែលបានធ្លាក់ចុះបានបណ្តាលឱ្យមានអគ្គិភ័យនៅមូលដ្ឋានយោធាក្នុងតំបន់។ ប៉ុន្តែភ្លើង ត្រូវបានពន្លត់យ៉ាងឆាប់រហ័ស ហើយមិនមានមនុស្សស្លាប់ឬរបួសឡើយ។
ចំណែកអ៊ុយក្រែន បានបញ្ជាក់ ពួកគេបានវាយប្រហារឃ្លាំងរំសេវ នៅក្នុងតំបន់ Bryansk ស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន-រុស្ស៊ី នៅជិតទីក្រុងការ៉ាឆេវ (Karachev) ប៉ុន្តែវាមិនត្រូវបានបញ្ជាក់ថា តើ ATACMS ត្រូវបានប្រើប្រាស់ឬអត់នោះទេ។
ការវាយប្រហារនេះ គឺជាការវាយប្រហារលើកដំបូង ដោយមីសស៊ីលរយៈចម្ងាយឆ្ងាយទៅលើទឹកដីដែលទទួលស្គាល់ជាអន្តរជាតិថា ជារបស់រុស្ស៊ី។ ចាប់តាំងពីកងទ័ពរុស្ស៊ី បានចាប់ផ្តើមសង្រ្គាម ពីខែកុម្ភៈ ឆ្នាំ២០២២ អ៊ុយក្រែន តែងតែព្យាយាមអំពាវនាវទៅកាន់លោកខាងលិច ឈប់ហាមប្រើកាំជ្រួចមីសស៊ីលរយៈចម្ងាយឆ្ងាយ វាយប្រហារលើទឹកដីរុស្ស៊ី រហូតដល់មានសេចក្តីរាយការណ៍កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ប្រធា នាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) ដែលអាណត្តិរបស់គាត់ជិតផុតកំណត់ ក្នុងរយៈពេល ២ខែ ខាងមុខ អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើមីសស៊ីលរបស់ខ្លួន វាយប្រហាររុស្ស៉ី។
ក្រោយការវាយប្រហារ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្គេយ៍ ឡាវរ៉ូវ (Sergey Lavrov) បានធ្វើសេចក្តីថ្លែងការណ៍មួយ នៅឯកិច្ចប្រជុំ G20 ក្នុងទីក្រុងរីយ៉ូដឺហ្សានេរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល ថា រុស្ស៊ី នឹងធ្វើសកម្មភាពឆ្លើយតបយ៉ាងសមស្រប និងថាមីសស៊ីលបែបនេះ ត្រូវបានអ្នកជំនាញយោធាអាមេរិក ប្រើ ប្រាស់។
ប្រហារ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា “យើងនឹងចាត់ទុករឿងនេះ ជាការបន្តនៃសង្រ្គាមលោកខាងលិច ជាមួយរុស្ស៊ី ហើយយើងនឹងប្រតិកម្មតាមនោះ»។
នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មេដឹកនាំរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានអនុម័តការផ្លាស់ប្តូរចំពោះគោលការណ៍អាវុធនុយក្លេអ៊ែរ របស់ប្រទេសរុស្ស៉ី ដោយដាក់លក្ខខណ្ឌថ្មីនៃការប្រើប្រាស់នោះថា ការវាយប្រហារពីប្រទេសដែលគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមានការគាំទ្រពីមហាអំណាចនុយក្លេអ៊ែរ នឹងត្រូវចាត់ទុកថា ជាការវាយប្រហារដោយមានការសម្របសម្រួលប្រឆាំងនឹងរុស្ស៊ី។
រដ្ឋបាលក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី បានប្រកាសថា នឹងឆ្លើយតបយ៉ាងសមរម្យ ចំពោះអ៊ុយក្រែន ដែលប្រើប្រាស់មីសស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្តល់ដោយសហរដ្ឋអាមេរិក វាយប្រហារមកលើទឹកដីរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានថ្លែងថា “ទីក្រុងគៀវ (Kyiv) ប្រើប្រាស់មីសស៊ីលរយៈចម្ងាយឆ្ងាយ វាយប្រហារលើទឹកដីរបស់យើង វាមានន័យថា មានការចូលរួមរបស់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ ក្នុងអរិភាពជាមួយរុស្ស៊ី ហើយវាក៏ផ្លាស់ប្តូរខ្លឹមសារនិងធម្មជាតិនៃជម្លោះនេះផងដែរ»។
សូមបញ្ជាក់ថា កន្លងទៅនេះ លោក ចូ បៃដិន (Joe Biden) បានប្រាប់កិច្ចប្រជុំ G20 នៅទីក្រុងរីយ៉ូ ដឺហ្សានេរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល ថារដ្ឋាភិបាលអាមេរិក គាំទ្រអធិបតេយ្យអ៊ុយក្រែន ប៉ុន្តែលោកមិនបានពិភាក្សាដោយផ្ទាល់អំពីការសម្រេចចិត្តឲ្យប្រើមីសស៊ីលនោះទេ។ ទន្ទឹមនឹងនេះ មេដឹកនាំពិភពលោក នៅតែបន្តប្រតិកម្មចំពោះបញ្ហានេះ ដោយរដ្ឋមន្ត្រីការបរទេសហុងគ្រី ជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគី បានចេញមកថ្កោល ទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក។ ប្រទេសអ៊ីតាលី ក៏បានសម្តែងការមិនយល់ស្របរបស់ខ្លួន ខណៈដែលបារាំង និងចក្រភពអង់គ្លេស បានបញ្ជាក់ថា នឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនលើការហាមប្រាមអ៊ុយក្រែន លើការប្រើប្រាស់អាវុធមីសស៊ីល ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី នោះទេ៕