Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីកាចា.../ប់ខ្លួន នាយករដ្ឋន្ត្រីអ៊ីស្រាអែល និងមេបញ្ជាការក្រុមហាម៉ាស់

 តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីកាចា…/ប់ខ្លួន នាយករដ្ឋន្ត្រីអ៊ីស្រាអែល និងមេបញ្ជាការក្រុមហាម៉ាស់

អ៊ីស្រាអែល ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល អតីតរដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការក្រុមហាម៉ាស់ លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។

ទីភ្នាក់ងារសារព័ត៌មានបរទេស BBC បានរាយការណ៍នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា  ចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានសម្រេចចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល  លោកបេនហ្សាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកយ៉ូអាវ ហ្គាល្លែនថ៍ (Yoav Gallant) រួមទាំងមេបញ្ជាការក្រុមហាម៉ាស់ លោកម៉ូហាមមេដ ឌីហ្វ (Mohammed Dief) ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។

សេចក្តីថ្លែងការណ៍របស់ ICC បានបញ្ជាក់ថា គណៈកម្មាការបានច្រានចោលការជំទាស់របស់អ៊ីស្រាអែល លើវិសាលភាពនៃយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហើយបានចេញដីកាចាប់ខ្លួនលោកបេនហ្សាមីន នេតាន់យ៉ាហ៊ូ ជាមួយលោក យ៉ូអាវ ហ្គាល្លែនថ៍ និងលោក ម៉ូហាមមេដ ឌីហ្វ ដែលអ៊ីស្រាអែល អះអាងថាបានសម្លាប់រួចហើយ ក្នុងការវាយប្រហារតាមអាកាស នៅហ្គាហ្សា កាលពីខែកក្កដា ឆ្នាំ២០២៤។

ចៅក្រម ICC បញ្ជាក់ថា មានហេតុផលសមស្របដែលត្រូវជឿថា បុរសទាំងបីនាក់ ខាងលើ ត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំឡុសង្គ្រាមអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់។

ទោះបីជាយ៉ាងណា អ៊ីស្រាអែល បានបដិសេធការចោទប្រកាន់នេះ ដោយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានថ្កោលទោសការសម្រេចចិត្តរបស់ ICC ថាជាការជំរុញដោយការប្រឆាំងនឹងពួកយូដា។ ចំណែកក្រុមហាម៉ាស់ ក៏បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែនិយាយថា ដីកាចាប់ខ្លួនលោកនេតាន់យ៉ាហ៊ូ និងលោកហ្គាល្លែនថ៍ ជាគំរូដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រ។

ទោះយ៉ាងណាក៏ដោយ ឥទ្ធិពលនៃដីកាចាប់ខ្លួន ICC នឹងអាស្រ័យលើ ប្រទេសជាសមាជិកទាំង ១២៤ នៃតុលា ការឧក្រិដ្ឋកម្មអន្តរជាតិ នឹងអនុវត្តតាមដីកាចាប់ខ្លួន នៅពេលដែលបុគ្គលទាំងនោះ ធ្វើដំណើរទៅប្រទេសដែលជាសមាជិក ICC  ប៉ុន្តែអ៊ីស្រាអែល និងមិត្តដ៏អស្ចារ្យរបស់ខ្លួន គឺសហរដ្ឋអាមេរិក មិនមែនជាសមាជិក ICC ទេ។ ដំណើរទៅក្រៅប្រទេសថ្មីចុងក្រោយបំផុតរបស់លោកនេតាន់យ៉ាហ៊ូ គឺទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាល ពីខែកក្កដា ឆ្នាំ២០២៤៕

RELATED ARTICLES