អ៊ីស្រាអែល ៖ កងទ័ពអ៊ីស្រាអែល បាននិយាយ ក្រុមហេសបូលឡាហ៍ (Hezbollah) បានបាញ់រ៉ុក្កែត ប្រហែល ២៥០គ្រាប់ឆ្លង កាត់ព្រំដែនពីប្រទេសលីបង់ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល នៅក្នុងការវាយប្រហារដ៏ធ្ងន់បំផុតមួយ លើអ៊ីស្រាអែល ចាប់តាំងពីការប្រយុទ្ធគ្នាកាន់តែខ្លាំង នៅក្នុងខែកញ្ញា ឆ្នាំ២០២៤។

តាមប្រភព BBC បានរាយការណ៍នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ក្រុមហេសបូលឡាហ៍ របស់ប្រទេសលីបង់ បានវាយប្រហារអ៊ីស្រាអែល យ៉ាងធ្ងន់ ដោយបានបាញ់រ៉ុក្កែត ប្រហែល ២៥០គ្រាប់ ឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យផ្ទះសម្បែង ត្រូវបានបំផ្លាញ ឬឆេះ នៅជិតទីក្រុងតេលអាវីវ(Tel Aviv) ។ប៉ូលិសអ៊ីស្រាអែល បាននិយាយថា មនុស្សជាច្រើននាក់បានរងរបួស ហើយអគារនានា ត្រូវបានខូចខាត នៅភាគខាងជើង និងកណ្តាលអ៊ីស្រាអែល និងខ្លះនៅជិតទីក្រុងតេលអាវីវ ។ ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅកណ្តាលទីក្រុងបេរូត កាលពីថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ២៩នាក់។
នៅថ្ងៃអាទិត្យ ទី២៤ ឃែវិច្ឆិកា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា អ៊ីស្រាអែល និងលីបង់ កំពុងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធហេសបូលឡាហ៍ (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់។
ប៉ូលិសអ៊ីស្រាអែល បាននិយាយថា ពួកគេបានទទួលរបាយការណ៍ពីបំណែកគ្រាប់រ៉ុក្កែតដែលធ្លាក់ក្នុងតំបន់តេលអាវីវ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រទេសលីបង់ បានបាញ់គ្រាប់រ៉ុក្កែត យ៉ាងខ្លាំង។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ការវាយប្រហារដោយផ្ទាល់នៅក្នុងតំបន់មួយ បានធ្វើឱ្យផ្ទះត្រូវបានឆេះ និងខូចខាតយ៉ាងធ្ងន់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា គ្រាប់រ៉ុក្កែត ត្រូវបានបាញ់នៅតំបន់ ប៉េតាហ៍ ទីក្វាហ៍ (Petah Tikva) នៅជិតទីក្រុងតេលអាវីវ (Tel Aviv) និងនៅតំបន់ភាគខាងជើងមួយចំនួន ដូចជា ហៃហ្វា (Haifa),ណាហារីយ៉ា ( Nahariya) និងក្វាប៊្លុម (Kfar Blum) ។
ក្រុមហេសបូលឡាហ៍ ដែលធ្លាប់បានប្រកាសថា នឹងសងសឹកអ៊ីស្រាអែល ចំពោះការវាយប្រហារលើក្រុងបេរូត បាននិយាយថា ខ្លួនបានបាញ់រុក្កែត ទៅលើមូលដ្ឋានយោធា ចំនួនពីរក្នុងទីក្រុងតេលអាវីវ របស់អ៊ីស្រាអែល និងតំបន់ក្បែរនោះ។ ក្រោយមក កងទ័ពអ៊ីស្រាអែលបាននិយាយថា ពួកគេបានវាយប្រហារទីស្នាក់ការកណ្តាលរបស់ក្រុមហេសបូលឡាហ៍ ចំនួន ១២ នៅទីក្រុងដាហ៊ីយេហ៍ (Dahiyeh) ជាបន្ទាយដ៏រឹងមាំរបស់ក្រុមហេសបូលឡាហ៍ នៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូត។
នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល នៃប្រទេសលីបង់ បានកែប្រែចំនួនអ្នកស្លាប់របស់ខ្លួន ពី ២០ទៅ ២៩នាក់ ពីការវាយប្រហារដ៏ធំរបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមដោយគ្មានការព្រមាននៅកណ្តាលទីក្រុងបេរូត (Beirut) ក្រសួង បាននិយាយថាមនុស្សសរុប ចំនួន ៨៤នាក់ បានស្លាប់នៅក្នុងប្រទេសលីបង់ គិតត្រឹមថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

កងទ័ពអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារកាលពីថ្ងៃសៅរ៍ កន្លងទៅនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍នៅពេលនោះថា ពួកគេប៉ុនប៉ងធ្វើឃាតមេដឹកនាំកំពូលក្រុមហេសបូលឡាហ៍ លោកម៉ូហាមមេដ ហៃដារ (Mohammed Haidar) ។
អ៊ីស្រាអែល មានបំណងតាំងលំនៅថ្មីសម្រាប់ជនភៀសខ្លួនប្រហែល ៦០ ០០០នាក់ ដែលត្រូវបានបង្ខំឱ្យភៀស ខ្លួនចេញពីសហគមន៍នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដោយសារការវាយប្រហាររបស់ក្រុមហេសបូល ឡាហ៍នេះ អាចត្រឡប់ទៅប្រទេសវិញ។
នៅលីបង់ យោងតាមអាជ្ញាធរលីបង់ មនុស្សជាង ៣៦៧០នាក់ បានស្លាប់ និងយ៉ាងតិច ១៥ ៤០០នាក់ បានរងរបួស ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ។ ងតាមអាជ្ញាធរលីបង់ មានមនុស្សជាង ១លាននាក់ បានបង្ខំចិត្តភៀស ខ្លួនចេញពីផ្ទះរបស់ពួកគេ ក្នុងរយៈពេល ២សប្តាហ៍កន្លងមក បន្ទាប់ពីអ៊ីស្រាអែល បានបង្កើនយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូលឡាហ៍។
កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានីយផ្សាយសាធារណៈរបស់អ៊ីស្រាអែល បានដកស្រង់ព័ត៌មានពីមន្ត្រីហ៍អ៊ីស្រាអែល និងអាមេរិក ថា អ៊ីស្រាអែល បានអនុញ្ញាតឱ្យមានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ជាមួយលីបង់ ប៉ុន្តែត្រូវបានគេបញ្ជាក់ថា នៅមានចន្លោះប្រហោងខ្លះ ដែលមិនទាន់អាចធ្វើទៅបាន៕