Wednesday, December 11, 2024
Homeព័ត៌មានអន្តរជាតិបុរសឥណ្ឌា ស្លា.../ប់ហើយរៀបចំបូ---/ជា រស់ឡើងវិញ

បុរសឥណ្ឌា ស្លា…/ប់ហើយរៀបចំបូ—/ជា រស់ឡើងវិញ

ប្រទេសឥណ្ឌា ៖ បុរសឥណ្ឌាម្នាក់ ត្រូវបានគ្រូពេទ្យនៅមន្ទីរពេទ្យមួយ បញ្ជាក់ថា បានស្លាប់ទៅហើយ លុះក្រុមគ្រួសារ សាច់ញាតិរៀបចំបូជានៅលើគំនរអុស រៀបនឹងដុតភ្លើងបូជាទៅហើយ ស្រាប់តែរស់ឡើងវិញ។

ប្រភពបណ្តាញព័ត៌មានឥណ្ឌា NDTV បានរាយការណ៍នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា បុរសឈ្មោះ រ៉ូហ៊ីតាស គុម៉ារ (Rohitash Kumar) អាយុ ២៥ឆ្នាំ បានធ្វើឱ្យមនុស្សភ្ញាក់ផ្អើល នៅពេលដែលគាត់ចាប់ផ្តើមដកដង្ហើមឡើងវិញ នៅពេលដែលសពរបស់គាត់ ហៀបនឹងត្រូវបូជានៅលើភ្លើង នៅតំបន់ ជុនជូនូ (Junjunu) រដ្ឋរ៉ាចាស្ថាន (Rajasthan) ប្រទេសឥណ្ឌា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោក រ៉ូហ៊ីតាស ដែលមានបញ្ហាការនិយាយនិងការស្តាប់ គាត់មានគ្រុនក្តៅ នៅរសៀលថ្ងៃទី២១ វិច្ឆិកា ខណៈស្ថានភាពគាត់កាន់តែយ៉ាប់យ៉ឺន គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុក Rajgiya Bhagwan Das Ketan District Hospital ហើយក្រោយមក គ្រូពេទ្យបានបញ្ជាក់ថា គាត់បានស្លាប់ហើយ។ សពត្រូវបានដឹកយកទៅតម្កល់ក្នុងសាលតម្កល់សព នៃមន្ទីរពេទ្យ និងត្រូវបានធ្វើកោសល្យវិច័យផងដែរ មុននឹងយកទៅកន្លែងបូជាសព។

ប្រភពដដែល បន្តថា ក្នុងពិធីបូជាសព ខណៈពេលដែលសពត្រូវបានដាក់ដេកលើគំនរអុស ដើម្បីរៀបចំបូជា ស្រាប់តែបុរសស្លាប់ ចាប់ផ្តើមដកដង្ហើមឡើងវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើលថា មនុស្សស្លាប់ រស់ឡើងវិញ។

សាក្សីម្នាក់ បាននិយាយថា “គាត់ចាប់ផ្តើមកម្រើករាងកាយរបស់គាត់។ យើងតក់ស្លុត ហើយចាប់ផ្តើមរត់ចេញ ។ បន្ទាប់មក គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវិញ»។

ទោះបីជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា បុរសដែលស្លាប់ហើយរស់វិញនេះ បានស្លាប់ម្តងទៀត នៅព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៤ ខណៈកំពុងទទួលការសង្គ្រោះបន្ទាន់ក្នុងបន្ទប់ ICU ។

ហេតុការណ៍នេះ បានធ្វើឱ្យមានការរិះគន់ពីមហាជន និងបានស្នើឱ្យរដ្ឋបាលមូលដ្ឋាន បង្កើតគណៈកម្មាធិការមួយ ដើម្បីពិនិត្យមើលអាកប្បកិរិយារបស់គ្រូពេទ្យ ដែលធ្វេសប្រហែស។

 មន្ត្រីជាន់ខ្ពស់នៃទីក្រុងជុនជូនូ បាននិយាយថា ការស៊ើបអង្កេតបឋម បានរកឃើញថា គ្រូពេទ្យ មិនបានធ្វើកោសល្យវិច័យទេ គ្រាន់តែបញ្ចូលព័ត៌មានក្នុងឯកសារ ហើយបញ្ជូនបុរសជាអ្នកជំងឺ ទៅបូជាតែម្តង។

មន្ត្រីដដែល បន្តថា “ក្នុងអំឡុងពេលស៊ើបអង្កេត យើងបានដកព្យួរជើងវេជ្ជបណ្ឌិត ៣បីរូប ពីបទប្រព្រឹត្តខុសច្បាប់ និងកំហុសកាតព្វកិច្ចយ៉ាងធ្ងន់ធ្ងរ»។

វេជ្ជបណ្ឌិត ឌីហ៊ីរ៉ាច ម៉ាហេស្វារី (Dheeraj Maheshwari) អ្នកជំនាញផ្នែកកោសល្យវិច័យ បាននិយាយថា “នៅតំបន់ខាងក្រៅនៃប្រទេសឥណ្ឌា គ្រូពេទ្យភាគច្រើនមិនធ្វើកោសល្យវិច័យទេ។ ប៉ុន្តែនៅតែផ្តល់លិខិតបញ្ជាក់មូលហេតុនៃការស្លាប់។ នៅទីបំផុត សពនឹងត្រូវបូជា។ ពុំមានភ័ស្តុតាងបញ្ជាក់ថា តើការធ្វើកោសល្យវិច័យនេះ ត្រូវបានធ្វើត្រឹមត្រូវឬអត់នោះទេ»។

លោកវេជ្ជបណ្ឌិតខាងលើ បានបន្ថែមថា «បុគ្គលិកពេទ្យ នៅប្រទេសឥណ្ឌា ខ្វះការបណ្តុះបណ្តាលចាំបាច់ ដើ ម្បីធ្វើកោសល្យវិច័យ។ មិនមានស្តង់ដារ ឬការត្រួតពិនិត្យសមស្របណាមួយ ដើម្បីធានាថា ការធ្វើកោសល្យវិច័យ ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ និងការធ្វើកោសល្យវិច័យ មិនគ្រប់គ្រាន់ដែលកំពុងត្រូវបានអនុវត្តនៅក្នុងមណ្ឌលសុខភាពសាធារណៈនិងស្ទើរតែគ្រប់មណ្ឌលសុខភាពសហគមន៍ នេះធ្វើឱ្យការធ្វើកោសល្យវិច័យ មិនអាចជឿទុកចិត្តបានឡើយ»។

លោកវេជ្ជបណ្ឌិតដដែល បាននិយាយថា បុរសនោះ ត្រូវបានគេដាក់ក្នុងទូក្លាស្សេមួយ នេះជាហេតុបណ្តាលឱ្យរាងកាយបញ្ឈប់ជាបណ្តោះអាសន្ននូវមុខងារជីវសាស្រ្តរបស់វា។ ក្នុងស្ថានភាពនេះ មុខងារមេតាបូលីស របស់រាងកាយ ថយចុះយ៉ាងខ្លាំង ធ្វើឱ្យពិបាកក្នុងការរកឃើញសញ្ញានៃជីវិត ឬកំណត់មូលហេតុពិតប្រាកដនៃការស្លាប់៕

RELATED ARTICLES