ប៉ាគីស្ថាន៖ ប្រភពពីមន្ទីរពេទ្យបានឲ្យដឹងថាយ៉ាងហោចណាស់មានជនស៊ីវិល៦នាក់ត្រូវបានសម្លាប់និង៣០នាក់ផ្សេងទៀតរងរបួសរាប់បញ្ចូលប៉ូលិស៥នាក់ផងដែរ បន្ទាប់ពីជនបំផ្ទុះគ្រាប់បែកអត្តឃាត៣នាក់បានព្យាយាមចូលតុលាការស្រុក Charsadda ខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយព្យប្រទេសប៉ាគីស្ថានកាលពីព្រឹកថ្ងៃអង្គារ ។
អ្នកគ្រប់គ្រងផ្នែកឱសថរបស់មន្ទីរពេទ្យក្នុងស្រុកកើតហេតុដែលជួយសង្គ្រោះអ្នករងរបួសទាំងអស់នោះលោក Mukhtar បានថ្លែងថាជាបឋមមន្ទីរពេទ្យរបស់ពួកគេបានទទួលសាកសពចំនួន៤និងមនុស្ស៣០នាក់ដែលរងរបួសដើម្បីព្យាបាលតែក្រោយមកអ្នករបួសមួយចំនួនបានស្លាប់នៅមន្ទីរពេទ្យដែលនាំឲ្យមានអ្នកស្លាប់កើនឡើងដល់៦នាក់។
ចំណែក Jamaat-ul-Ahrar ដែលជាក្រុមតូចមួយបំបែកចេញពីពួកតាលីបង់ប៉ាគីស្ថាន បានហៅទូរស័ព្ទមកកាន់សារព័ត៌មានក្នុងស្រុកអះអាងពីការវាយប្រហារនេះ ។
ទន្ទឹមនិងនេះរដ្ឋមន្ត្រីព័ត៌មានខេត្ត Khyber Pakhtunkhwa លោក Mushtaq Ghani បានអះអាងថាជនអត្តឃាតបំផ្ទុះគ្រាប់បែក៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះផងដែរ ។ លោកបានបន្ថែមថាម្នាក់ក្នុងចំណោមជនអត្តឃាតទាំងបីនាក់នោះបានបំផ្ទុះគ្រឿងផ្ទុះដែលជាប់នឹងខ្លួនលោកនៅត្រង់ចំណុចច្រកទ្វារចូលតុលាការ ខណៈជនពីរនាក់ទៀតត្រូវបានបាញ់សម្លាប់ក្នុងការបាញ់តដៃគ្នាជាមួយប៉ូលិស ។
គួរបញ្ជាក់ថាគ្រឿងផ្ទុះនេះត្រូវបានគេប៉ាន់ប្រមាណថាមានទម្ងន់៩គីឡូក្រាម ។ ចំណែកនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Nawaz Sharif បានថ្កោលទោសការវាយប្រហារនេះហើយថែមទាំងបានលើកសរសើរប៉ូលិសដែលបានទប់ស្កាត់គ្រោះថ្នាក់នេះមិនឲ្យមានចំនួនអ្នកស្លាប់ច្រើនលើសប្រកបដោយជោគជ័យទៀតផង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា