UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថាប្រជាជនជាង២០លាននាក់ក្នុងប្រទេសស៊ូដង់ខាងត្បូង សូម៉ាលី យេម៉ែននិងភាគឦសាននីហ្សេរីយ៉ាកំពុងប្រឈមនឹងគ្រោះមហន្តរាយកម្រិតអសន្តិសុខស្បៀងអាហារ ។
យោងតាមស្ថិតិរបស់ UN ក្នុងចំណោមអ្នកទាំងអស់នោះកុមារជិត១,៤លាននាក់គឺស្ថិតក្នុងហានិភ័យដែលនៃការរងគ្រោះស្លាប់ពីការទទួលអាហាររូបត្ថម្ភមិនគ្រប់គ្រាន់កម្រិតធ្ងន់ធ្ងរ ។
លោក Guterres បានថ្លែងថាប្រតិបត្តិការមនុស្សធម៌ក្នុងបណ្តាប្រទេសទាំង៤នេះគឺត្រូវការជាង៥,៦ប៊ីលានដុល្លារក្នុងឆ្នាំ២០១៧នេះ។ យើងត្រូវការយ៉ាងតិច៤,៤ប៊ីលានដុល្លារនៅចុងខែមីនាដើម្បីបញ្ចៀសគ្រោះមហន្តរាយនេះ ។
យោងតាមលោក Guterres ដើម្បីបង្ការហានិភ័យនៃគ្រោះអត់បាយទទួលទានធ្ងន់ធ្ងរ អង្គការសហប្រជាជាតិចាំបាច់ត្រូវបង្កើនប្រតិបត្តិការសប្បុរសធម៌ក្នុងបណ្តាប្រទេសទាំងបួននោះដើម្បីចែកចាយស្បៀងអាហារនិងអាហាររូបត្ថម្ភដល់អ្នករងគ្រោះ ប៉ុន្តែកង្វះខាតមូលនិធិគឺជាឧបសគ្គដ៏ធំបំផុត ។
រហូតមកដល់ឆ្នាំនេះអង្គការសហប្រជាជាតិទទួលបានទឹកប្រាក់ចំនួន៩០លានដុល្លារពីកម្មវិធីមូលនិធិសប្បុរសធម៌ក្នុងបណ្តាប្រទេសទាំងបួននោះ ។
ម្យ៉ាងវិញទៀតលោកបានជំរុញឲ្យសហគមអន្តរជាតិធ្វើតាមយ៉ាងណាក៏ដោយចុះឲ្យស្ថិតក្នុងកម្រិតមួយស្របតាមឥទ្ធិពលរបស់ខ្លួនក្នុងការកេណ្ឌការគាំទ្រ ដាក់សម្ពាធនយោបាយលើភាគីពាក់ព័ន្ធនានាក្នុងជម្លោះនិងប្រតិបត្តិការមូលនិធិសប្បុរសធម៌ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា