ស៊ីរី៖ យោងតាមទូរទស្សន៍អារ៉ាប់ al-Mayadeen TV ចេញផ្សាយថាក្រុមជ្រុលនិយមអាយស៊ីសបានប្រកាសដកក្រុមសកម្មប្រយុទ្ធរបស់ខ្លួនចេញពីទីក្រុងអាល់បាបរបស់ស៊ីរីដែលត្រូវបានដណ្តើមកាន់កាប់ដោយកងទ័ពតួកគីនិងក្រុមឧទ្ទាមស៊ីរីដែលបានចងសម្ព័ន្ធមិត្តជាមួយកាលពីថ្ងៃព្រហស្បត្តិ៍ ។
ការដកកម្លាំងយុទ្ធជនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចេញពីក្រុងអាល់បាប ដែលជាទីតាំងធំជាងគេបំផុតស្ថិតក្រោមការត្រួតត្រារបស់ខ្លួនក្នុងតំបន់ភាគខាងជើងប្រទេសស៊ីរីកៀកព្រំដែនជាមួយតួកគី បានកើតឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នារយៈពេល១០០ថ្ងៃប្រឆាំងនិងកងទ័ពតួកគីនិងពួកឧទ្ទាមស៊ីរី ដែលបានបើកប្រតិបត្តិការវាយលុកមួយឈ្មោះ Euphrates Shield ។
ក្រុមរដ្ឋអ៊ីស្លាមបានអះអាងថាខ្លួនបានសម្លាប់ទាហានតួកគីនិងយុទ្ធជនឧទ្ទាមចំនួន៤០០នាក់ ។
ចំណែកតួកគីវិញបានវាយដណ្តើមយកផ្នែកខាងជើងនៃក្រុងនេះដោយកាត់ផ្តាច់ផ្លូវដែលប្រឈមមុខនឹងការពង្រីកឥទ្ធិពលរបស់ពួកគេឃឺតក្នុងតំបន់ភាគខាងជើងស៊ីរី។
កងទ័ពស៊ីរីថ្មីៗនេះសម្រេចបានជោគជ័យក្នុងការឡោមព័ទ្ធក្រុងអាល់បាបពីតំបន់ភាគខាងត្បូងក្រុង ដែលជាការធ្វើចលនាមួយដើម្បីបង្ការការពារក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដកថយឆ្ពោះទៅកាន់កាប់តំបន់ដទៃទៀតក្នុងខេត្តភាគខាងកើតឈ្មោះ Deir al-Zour និងក្រុងខាងជើង al-Raqqa ។
ទោះយ៉ាងណាអង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថាការវាយប្រហារលើក្រុងអាល់បាបត្រូវបានជួយសម្របសម្រួលរវាងកងទ័ពរុស្ស៊ីនិងតួកគី។